(ភ្នំពេញ)៖ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០នេះ បានឧបត្ថ ម្ភ ម៉ាស និងសម្ភារសម្រាប់ការពារទប់ស្កាត់ជំងឺកូវីដ-១៩ ក្នុងឱកាសអញ្ជើញទស្សនកិច្ចនៅទីស្នាក់ការកណ្តាលថ្មីរបស់អង្គភាពព័ត៌មាន Fresh News ស្ថិតនៅតាមបណ្តោយផ្លូវ៥៩៨ សង្កាត់ច្រាំងចម្រេះ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
សម្ភារប្រយុទ្ធនឹងជំងឺកូវីដ-១៩នេះ រួមមាន៖ ម៉ាស២កេស (១កេស ៥០ប្រអប់), ជែលលាងដៃ, អាល់កុល ១ពីដុង (៣០លីត្រ) និងប្រដាប់វាស់កំដៅ (ចំនួន៣) ជូនអង្គភាពព័ត៌មាន Fresh News សម្រាប់ប្រើប្រាស់ ក៏ដូចជាការជូនកាដូអបអរទីស្នាក់ការថ្មី។
ដំណើរអញ្ជើញទស្សនកិច្ចរបស់លោកជំទាវ ឱ វណ្ណឌីន នៅទីស្នាក់ការកណ្តាលថ្មីអង្គភាពព័ត៌មាន Fresh News ដើម្បីជាការអបអរសាទរ និងស្វែងយល់ពីដំណើរការអង្គភាពព័ត៌មានមួយនេះ។ វត្តមានរបស់លោកស្រីរដ្ឋលេខាធិការ ត្រូវបានស្វាគមន៍យ៉ាងកក់ក្តៅពីលោក លឹម ជាវុត្ថា ស្ថាបនិក និងជានាយកប្រតិបត្តិអង្គភាពព័ត៌មាន Fresh News និងថ្នាក់ដឹកនាំ ព្រមទាំងបុគ្គលិកនៅទីស្នាក់ការកណ្តាល។
លោកជំទាវ ឱ វណ្ណឌីន បានថ្លែងថា «ខ្ញុំសូមថ្លែងអំណរគុណដល់ Fresh News ដែលតែងតែគាំទ្រផ្តល់នូវព័ត៌មានពិតៗ ទាន់ហេតុការណ៍ នូវបញ្ហាកូវីដ-១៩ យ៉ាងសកម្ម ពីក្រសួងសុខាភិបាល និងលើកទឹកចិត្ដដល់អង្គភាពព័ត៌មាន Fresh News បន្ដអភិវឌ្ឍខ្លួន ឱ្យក្លាយជាព័ត៌ជាលក្ខណៈអន្ដរជាតិកាន់តែទូលំទូលាយបន្ថែមទៀត»។
ជាមួយគ្នានោះ លោកជំទាវ ឱ វណ្ណឌីន ក៏បានជូនពរលោក លឹម ជាវុត្ថា ថ្នាក់ដឹកនាំ និងបុគ្គលិកអង្គភាពព័ត៌មាន Fresh News ទាំងអស់ក្នុងឱកាសចូលឆ្នាំសកល មានសុខភាពល្អ ហើយក៏ជូនឲ្យអង្គភាពព័ត៌មាន Fresh News បន្តឈរជើងរឹងមាំ និងទទួលបានប្រជាប្រិយភាពកាន់តែខ្លាំងលើសមរភូមិព័ត៌មាន។
ជាការឆ្លើយតប លោក លឹម ជាវុត្ថា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកជំទាវ ដែលតែងតែផ្ដល់ជូនព័ត៌មានលម្អិតលើវិស័យសុខាភិបាល ជាពិសេសអំពីជំងឺកូវីដ-១៩កន្លងមកនេះ ។លើសពីនោះ បានបន្ដជួយផ្ដល់នូវសម្ភារប្រើប្រាស់ សម្រាប់ការពារទប់ស្កាត់ជំងឺកូវីដ-១៩ ជូនអង្គភាពព័ត៌មាន Fresh News កន្លងមកនេះ។
ទន្ទឹមនឹងនោះ លោក លឹម ជាវុត្ថា បានបង្ហាញក្តីរីករាយ និងគោរពអរគុណយ៉ាងអនេកចំពោះលោកជំទាវ ដែលបានអញ្ជើញបំពេញទស្សនកិច្ច និងបានផ្តល់ការណែនាំមួយចំនួនដើម្បីពង្រឹងការងារព័ត៌មាន៕