(ទីក្រុងអង់ការ៉ា)៖ យ៉ាងហោចណាស់មានមនុស្ស ២៨នាក់បានស្លាប់ និង៦១នាក់ផ្សេងទៀត បានរងបួស នៅក្នុងករណីរថយន្តបំផ្ទុះគ្រាប់បែកមួយ នៅកណ្ដាលទីក្រុងអង់ការ៉ា ប្រទេសតួកគី ដោយគោលដៅរបស់ក្រុមភេរវករគឺជាកងកម្លាំងយោធារបស់តួកគីតែម្ដង នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១៨ ខែកុម្ភៈ។
អាជ្ញាធរតួកគី បានបញ្ជាក់ថា ករណីនេះ បានកើតឡើងដោយសារតែមានការបំផ្ទុះគ្រាប់បែកចេញពីរថយន្តយោធាមួយ ខណៈដែលមានកងកម្លាំងយោធាជាច្រើនកំពុងប្រមូលផ្ដុំគ្នា ដូច្នេះហើយទើប អាជ្ញាធរតួកគី បានសន្និដ្ឋានជាជំហានដំបូងថា គោលដៅនៃការវាយប្រហារនេះគឹកងកម្លាំងយោធាតែម្ដង។
ក្រោយពីកើតមានករណីនេះ រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន និងអង្កការសហប្រជាជាតិ (UN) បានចេញសេចក្ដីថ្លែងការណ៍ បង្ហាញពីសេចក្ដីបារម្ភចំពោះអំពើភេរវកម្មនេះ និងបានអំពាវនាវឲ្យតួកគីស្វែងរកដំណោះស្រាយ ដើម្បីការពារសន្ដិសុខជាតិឲ្យបានល្អ ខណៈដែលប្រភពព័ត៌មានចរាមអារ៉ាមបានលើកឡើងថា ករណីនេះ ជាទង្វើរបស់ក្រុមឧទ្ទាមឃើដ៕