(ភ្នំពេញ)៖ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) នៅព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០នេះ បានចុះកិច្ចព្រមព្រៀងជាមួយ អង្គការឃែរអន្ដរជាតិប្រចាំកម្ពុជា ស្ដីពីកិច្ចសហប្រតិបត្តិការអនុវត្ត គម្រោងចំណាកស្រុកឆ្លងដែនដោយសុវត្ថិភាព។

ការចុះកិច្ចព្រមព្រៀងនេះ ធ្វើឡើងនៅទីស្ដីការក្រសួងមហាផ្ទៃ ក្រោមអធិបតីភាព លោកស្រី ជូ ប៊ុនអេង ប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) និងតំណាងអង្គការឃែរអន្ដរជាតិប្រចាំកម្ពុជា ព្រមទាំងមានការចូលរួមពីមន្ដ្រីពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។

គួរជម្រាបថា កិច្ចព្រមព្រៀងនេះ មានគោលបំណងបង្កើនកិច្ចសហប្រតិបត្តិការរវាង គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) និងឃែរអន្ដរជាតិប្រចាំកម្ពុជា ក្រោមការគាំទ្រពីអង្គការ UN WOMEN ដើម្បី៖

*លើកកម្ពស់សុវត្ថិភាព និងសមភាពយេនឌ័ររបស់ក្រុមជនងាយរងគ្រោះជាស្ដ្រី បុរស កុមារ កុមារី ដែលប្រឈមនឹងភាពរងគ្រោះក្នុងអំឡុងពេលធ្វើចំណាកស្រុកឆ្លងដែនប្រកបដោយសមធម៌ និងគ្មានការរើសអើង ព្រមទាំងផ្ដល់ភាពអង់អាចដល់ស្ដ្រី។

*ពង្រឹងការអនុវត្តគម្រោងចំណាកស្រុកឆ្លងដែនដោយសុវត្ថិភាព ស្របតាមផែនការយុទ្ធសាស្ដ្រជាតិរបស់ គ.ជ.ប.ជ។

ដោយឡែក រាល់វិវាទដែលអាចកើតឡើងពាក់ព័ន្ធនឹងការបកស្រាយ ឬការអនុវត្តកិច្ចព្រមព្រៀងនេះ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) និងអង្គការឃែរអន្ដរជាតិប្រចាំកម្ពុជា ត្រូវដោះស្រាយតាមរយៈការចរចាដោយសន្ដិវិធី រវាងភាគីទាំងពីរ៕