(ភ្នំពេញ)៖ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងថ្នាក់ដឹកនាំ និងបុគ្គលិកអប់រំ ព្រមទាំងនិស្សិត សិស្សានុសិស្សទាំងអស់នៃក្រសួងអប់រំ យុវជន និងកីឡា សូមគាំទ្រនូវសេចក្តីសម្រេចចិត្តរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលផ្តល់អាទិភាពទី១ លើវិស័យអប់រំ និងសុខាភិបាល បន្ទាប់ពីកម្ពុជាទទួលផលពីតំណក់ប្រេងដំបូង។
ការគាំទ្របែបនេះ របស់រដ្ឋមន្ត្រីក្រសួងអប់រំ បានធ្វើឡើងក្រោយសម្ដេចតេជោ ហ៊ុន សែន នាព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ បានប្រកាសថា ថវិកាបានពីការលក់ប្រេងដំបូងរបស់កម្ពុជា នឹងយកទៅប្រើប្រាស់ក្នុងវិស័យអាទិភាព២ គឺវិស័យអប់រំ និងវិស័យសុខាភិបាល ដែលជាវិស័យសំខាន់សម្រាប់កម្ពុជា។
លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានលើកឡើងយ៉ាងដូច្នេះថា៖ «យើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ និងបុគ្គលិកអប់រំ ព្រមទាំងនិស្សិត សិស្សានុសិស្សទាំងអស់ នៃក្រសួងអប់រំ យុវជន និងកីឡាសូមសម្តែងនូវមនោសញ្ចេតនា សប្បាយរីករាយ និងគាំទ្រនូវសេចក្តីសម្រេចចិត្ត និងការផ្តល់អាទិភាពទី១ លើវិស័យអប់រំ និងសុខាភិបាល បន្ទាប់ពីកម្ពុជាទទួលផលពីតំណក់ប្រេងដំបូង ដែលចាត់ទុកជាលទ្ធផលប្រវត្តិសាស្រ្ត និងជានិមិត្តរូបនៃជោគជ័យរបស់ជាតិកម្ពុជាទាំងមូល ស្របពេលនៃខួបលើកទី២២ឆ្នាំ នៃនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ក្នុងការបញ្ចប់សង្គ្រាមទាំងស្រុងនៅកម្ពុជា និងនាំមកនូវសុខសន្តិភាពពេញលេញ និងមានការឯកភាពជាតិទាំងស្រុង ជាប្រវត្តិសាស្រ្តជូនប្រជាជាតិទាំងមូល»។
លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន នឹងខិតខំយកអស់កម្លាំងកាយចិត្ត និងស្មារតី ដើម្បីបំពេញភារកិច្ចប្រកប ដោយស្មារតីទទួលខុសត្រូវ និងវិជ្ជាជីវៈខ្ពស់ ឱ្យស័ក្តិសមទៅនឹងសេចក្តីសម្រេចចិត្ត និងជំនឿជាក់របស់ប្រមុខរាជរដ្ឋាភិបាល និងការគាំទ្ររបស់ប្រជាជនកម្ពុជា៕