(ភ្នំពេញ)៖ ក្រុមប្រឹក្សាធម្មនុញ្ញ បានសម្រេចអនុម័តជាឯកច្ឆន្ទ ច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ដោយបញ្ជាក់ថា ច្បាប់នេះស្របនឹងរដ្ឋធម្មនុញ្ញ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។
ការសម្រេចនេះធ្វើឡើងនៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ នៅសាលប្រជុំអគារស វិមានរដ្ឋចំការមន ក្នុងឱកាសក្រុមប្រឹក្សាធម្មនុញ្ញបើកកិច្ចប្រជុំពេញអង្គ ក្រោមអធិបតីភាពកិត្តិនីតិកោសលបណ្ឌិត អ៉ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ដើម្បីពិនិត្យ និងសម្រេចសំណើរបស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ស្នើសុំពិនិត្យធម្មនុញ្ញភាព ច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ។
សេចក្តីប្រកាសព័ត៌មាននេះ បានបញ្ជាក់យ៉ាងដូច្នេះ៖ «ក្រុមប្រឹក្សាធម្មនុញ្ញបានសម្រេចអនុម័តជាឯកច្ឆន្ទដោយចំនួន ០៩ សំឡេង នៃចំនួនសមាជិកក្រុមប្រឹក្សាធម្មនុញ្ញទាំងមូលថា ច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ដែលរដ្ឋសភាបានអនុម័តនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ នាសម័យប្រជុំ លើកទី៥ នីតិកាលទី៦ និងព្រឹទ្ធសភាបានពិនិត្យ និងឱ្យយោបល់ឯកភាពទាំងស្រុង លើទម្រង់ និងគតិច្បាប់ ដោយឥតកែប្រែ ក្នុងសម័យប្រជុំលើកទី៦ នីតិកាលទី៤ នាថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ ស្របនឹងរដ្ឋធម្មនុញ្ញ»។
អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ សរសេរកាត់ថា អ.ស.ហ មានឯករាជ្យភាពក្នុងការបំពេញមុខងាររបស់ខ្លួន ដោយធ្វើសមាហរណកម្មយន្តការនៃការគ្រប់គ្រង និងត្រួតពិនិត្យលើវិស័យហិរញ្ញវត្ថុមិនមែនធនាគារ មានជាអាទិ៍ វិស័យធានារ៉ាប់រង និងសោធនឯកជន វិស័យមូលបត្រ វិស័យសន្តិសុខសង្គម វិស័យបរធនបាលកិច្ច វិស័យគណនេយ្យនិងសវនកម្ម និងវិស័យអចលនវត្ថុ វិស័យបញ្ចាំ និងប្រាតិភោគដោយអនុប្បទាន។
លោក ផៃ ស៉ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើកឡើងថា សេចក្តីព្រាងច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ធ្វើឡើងដើម្បីធ្វើសមាហរណកម្មយន្តការ នៃការគ្រប់គ្រង និងត្រួតពិនិត្យលើវិស័យហិរញ្ញវត្ថុមិនមែនធនាគារ មានជាអាទិ៍ វិស័យធានារ៉ាប់រងនិងសោធនឯកជន វិស័យមូលបត្រ វិស័យសន្តិសុខសង្គម វិស័យបរធនបាលកិច្ច វិស័យគណនេយ្យ និងសវនកម្ម និងវិស័យអចលនវត្ថុ វិស័យបញ្ចាំ និងប្រាតិភោគដោយអនុប្បទាន។
សេចក្តីព្រាងច្បាប់នេះ បង្កើតឡើងក្នុងគោលបំណងពង្រឹង និងធានាប្រសិទ្ធិភាពនៃការគ្រប់គ្រងត្រួតពិនិត្យ និងអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុមិនមែនធនាគារ រួមទាំងការលើកកម្ពស់ការអភិវឌ្ឍ និងប្រើប្រាស់បច្ចេកវិទ្យាហិរញ្ញវត្ថុលើវិស័យហិរញ្ញវត្ថុមិនមែនធនាគារ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
អត្ថប្រយោជន៍ នៃការតាក់តែងសេចក្តីព្រាងច្បាប់នេះ មានជាអាទិ៍៖
* ឆ្លើយតបនឹងការវិវឌ្ឍនៃវិស័យហិរញ្ញវត្ថុមិនមែនធនាគារ ដែលទាមទារឱ្យមានការពង្រឹងយន្តការស្ថាប័ន
* បញ្ញត្តិករតែមួយអាចមើលឃើញពីទិដ្ឋភាពរួមនៃការអភិវឌ្ឍវិស័យហិរញ្ញវត្ថុទាំងមូល ជាពិសេស នៅពេលស្ថាប័នហិរញ្ញវត្ថុធ្វើពិពិធកម្មសេវាហិរញ្ញវត្ថុទៅកាន់វិស័យហិរញ្ញវត្ថុផ្សេងៗទៀត អាចធានាបាននូវសង្គតិភាពនៃការដាក់ចេញបទប្បញ្ញត្តិ និងអាចកាត់បន្ថយភាពចន្លោះប្រហាងក្នុងបទប្បញ្ញត្តិ (Regulatory Arbitrage)។
* បង្កើនប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការរវាងវិស័យនីមួយៗ ដែលនឹងស្ថិតក្រោមស្ថាប័នតែមួយ តាមរយៈការបែងចែកព័ត៌មាន និងការសម្របសម្រួលក្នុងការដាក់ចេញបទប្បញ្ញត្តិឆ្លងវិស័យ
* អាចកាត់បន្ថយចំណាយ (បុគ្គលិក ពេលវេលា សម្ភារ) តាមរយៈការទាញយកអត្ថប្រយោជន៍ពីសហថាមភាព (Synergy) នៃការដាក់ស្ថាប័ននិយ័តករឱ្យស្ថិតនៅក្រោមបញ្ញត្តិករតែមួយ។
បើតាមលោក ផៃ ស៉ីផាន នៅពេលច្បាប់នេះចូលជាធរមាន រាជរដ្ឋាភិបាល នឹងមានលទ្ធភាពគ្រប់គ្រាន់ក្នុងការពង្រឹង និងធានាបាននូវប្រសិទ្ធិភាព នៃការគ្រប់គ្រងត្រួតពិនិត្យ និងអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុមិនមែនធនាគារ រួមទាំងការលើកកម្ពស់ការអភិវឌ្ឍ និងប្រើប្រាស់បច្ចេកវិទ្យាហិរញ្ញវត្ថុលើវិស័យហិរញ្ញវត្ថុមិនមែនធនាគារ។ ច្បាប់មានវិសាលភាព អនុវត្តចំពោះរាល់ប្រតិបត្តិការនៅក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារនៅកម្ពុជា៕