(ភ្នំពេញ)៖ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០នេះ បានចេញសារលិខិតជូនពរ ថ្នាក់ដឹកនាំ បុគ្គលិកអប់រំ និងលោកគ្រូ អ្នកគ្រូ នៃក្រសួងអប់រំ យុវជន និងកីឡា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល ២០២១។ នេះបើតាមសារលិខិតជូនពរ របស់រដ្ឋមន្ដ្រី ហង់ជួន ណារ៉ុន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃនេះ។

ក្នុងសារលិខិតជូនពរ បានសរសេរយ៉ាងដូច្នេះថា «នៅក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល ២០២១ ខាងមុខនេះ តាងនាមថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមសម្តែងនូវមនោសញ្ចេតនា សោមនស្សរីករាយឥតឧបមា និងសូមលើកហត្ថបួងសួង ដល់ទេវតាថែរក្សាទឹកដី នៃព្រះរាជាណាចក្រកម្ពុជា គុណបុណ្យព្រះរតនត្រ័យកែវទាំងបីវត្ថុស័ក្តិសិទ្ធទាំងឡាយ ក្នុងលោក សូមតាមជួយអភិបាលប្រោះព្រំសព្ទសាធុការពរជ័យគ្រប់ប្រការជូនចំពោះ ឯកឧត្តម លោកជំទាវ លោកលោកស្រី បុគ្គលិកអប់រំ លោកគ្រូ អ្នកគ្រូទាំងអស់ នៃក្រសួងអប់រំ យុវជន និងកីឡា សូមបានប្រកបដោយកាយពលរឹងមាំ បញ្ញាញាណភ្លឺថ្លា សុខភាពល្អបរិបូណ៌ ជន្មាយុយឺនយូរ សុភមង្គលក្នុងគ្រួសារ រក្សាសុខភាពចៀសផុតពីជំងឺកូវីដ-១៩ និងសមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ព្រមទាំងសម្រេចបានជោគជ័យថ្មីៗ លើគ្រប់ភារកិច្ចបន្ថែមទៀត ដើម្បីជាឧត្តមប្រយោជន៍សម្រាប់បុព្វហេតុការអភិវឌ្ឍវិស័យអប់រំ យុវជន និងកីឡា និងជាតិមាតុភូមិកម្ពុជាដ៏បវរថ្លៃថ្លានៃយើងទាំងអស់គ្នា។

ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងបំពេញការងារអស់ពីកម្លាំងកាយ កម្លាំងចិត្ត និងកម្លាំងបញ្ញា ប្រកបដោយការទទួលខុសត្រូវខ្ពស់ និងប្រកាន់ខ្ជាប់ជានិច្ចនូវមនសិការវិជ្ជាជីវៈ អស់រយៈពេល១ឆ្នាំពេញ នៃឆ្នាំ២០២០ ក្នុងការចូលរួមអនុវត្តផែនការ យុទ្ធសាស្រ្តវិស័យអប់រំកម្មវិធីកំណែទម្រង់ និងយុទ្ធសាស្ត្រកំណែទម្រង់នានា របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៦ នៃរដ្ឋសភា ប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព ជាពិសេសការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩»៕

ខាងក្រោមនេះ សារលិខិតជូនពរ របស់រដ្ឋមន្ដ្រី ហង់ជួន ណារ៉ុន៖