(អាមេរិក)៖ ប្រធានាធិបតីឥណ្ឌូនេស៊ី លោក Joko Widodo នៅថ្ងៃនេះ បានជួបជាមួយមហាសេដ្ឋី វ័យក្មេង និងជាមេធំ Facebook គឺលោក Mark Zuckerberg នៅទីតាំងស្នាក់ការកណ្ដាលរបស់ក្រុមហ៊ុន Facebook ស្ថិតនៅក្នុងតំបន់ Menlo Park រដ្ឋកាលីហ្វូញ៉ា សហរដ្ឋអាមេរិក នេះបើយោងតាម Facebook Page របស់លោក Mark Zuckerberg ដែលទើបនឹងបង្ហោះ នៅព្រឹកថ្ងៃនេះ។
តាមរយៈសារ ដែលបានបង្ហោះ លោក Mark Zuckerberg បានបង្ហាញនូវអារម្មណ៍សប្បាយរីករាយ ដែលមានឱកាសបានជួបជាមួយលោក Widodo ជាលើកទីពីរ។ នៅក្នុងជំនួបនេះ លោក Zuckerberg បានបញ្ជាក់ថា លោក និងលោកប្រធានាធិបតីឥណ្ឌូនេស៊ី បានពិភាក្សាគ្នាទៅលើការបង្រឹងនូវទំនាក់ទំនងរវាង Facebook និងប្រជាជនឥណ្ឌូនេស៊ី ក្នុងនោះ Mark Zuckerberg ក៏បានសន្យានឹងបង្រីកបន្ថែមនូវសេវាកម្ម Internet.org សម្រាប់ពលរដ្ឋឥណ្ឌូនេស៊ី ដើម្បីឲ្យពួកគាត់បានប្រើប្រាស់អ៊ីនធើណែត ក្នុងគោលដៅផ្សារភ្ជាប់ជាមួយមនុស្សគ្រប់គ្នាទូទាំងពិភពលោក។
គួរបញ្ជាក់ផងដែរថា កាលពីចុងឆ្នាំ ២០១៤ លោក Mark Zuckerberg បានជួបជាមួយលោក Widodo នៅក្នុងទីក្រុងចាកាតា ដោយនៅក្នុងជំនួបនោះ លោក Mark Zuckerberg បានសម្រេចចិត្តបង្កើតការិយាល័យមួយនៅក្នុងប្រទេសឥណ្ឌូនេស៊ី ព្រមទាំងបាននាំយកនូវសេវាកម្ម Internet.org ដោយបានសហការជាមួយរដ្ឋាភិបាលឥណ្ឌូនេស៊ី និងក្រុមហ៊ុនឯកជន ដើម្បីពង្រីកវិស័យអ៊ីនធើណែតនៅក្នុងប្រទេស ខណៈដែលអំឡុងពេលនេះ អ្នកប្រើអ៊ីនធើណែតមានត្រឹមតែ ២៨ភាគរយនៃប្រជាជនសរុបប៉ុណ្ណោះ៕