(ភ្នំពេញ)៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា តំណក់ប្រេងដំបូងរបស់កម្ពុជា បានស្រក់ចេញមកដោយសារឆន្ទៈដ៏មោះមុត និងកិច្ចខិតខំប្រឹងប្រែងរបស់ រាជរដ្ឋាភិបាល ជាមួយក្រុមហ៊ុន Kris Energy រហូតសម្រេចជាលទ្ធផលធំធេងជូនជាតិមាតុភូមិ នាពេលនេះ។
សម្តេច ហេង សំរិន បានបញ្ជាក់តាម Facebook ផ្លូវការនៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០នេះ យ៉ាងដូចច្នេះថា៖ «ក្នុងនាមថ្នាក់ដឹកនាំស្ថាប័ននីតិប្បញ្ញត្តិ ខ្ញុំសូមចូលរួមអបអរសាទរជាមួយប្រជាពលរដ្ឋកម្ពុជា ដែលទើបទទួលបានតំណក់ប្រេងលើកដំបូង និងជាប្រវត្តិសាស្រ្ត នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០។ តំណក់ប្រេងដំបូងនេះ បានស្រក់ចេញមកបានដោយសារ ឆន្ទៈដ៏មោះមុត និងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ជាមួយក្រុមហ៊ុន Kris Energy រហូតសម្រេចជាលទ្ធផលធំធេងជូនជាតិមាតុភូមិ នាពេលនេះ»។
សម្តេចប្រធានរដ្ឋសភា បានបន្តថា ការទទួលបានតំណក់ប្រេងនាពេលនេះ ជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត ដែលពលរដ្ឋកម្ពុជាបានរង់ចាំជាយូរឆ្នាំមកហើយ។ ធនធានដ៏មានតម្លៃរបស់ជាតិយើងនេះ នឹងក្លាយជាប្រភពថ្មីមួយទៀត ក្នុងការជំរុញខឿនសេដ្ឋកិច្ចជាតិ លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែរីកចម្រើន ធូរធារឡើងមួយកម្រិតទៀតនាពេលអនាគត។
សម្តេចបានបញ្ជាក់ថា តំណក់ប្រេងជាសមិទ្ធផលថ្មីបានកើតមាននៅក្រោមដំបូលសន្តិភាព និងការអភិវឌ្ឍគ្រប់វិស័យ។ សូមជនរួមជាតិទាំងអស់ ចូលរួមថែរក្សាសុខសន្តិភាព ដែលកម្ពុជាទទួលបានមកដោយលំបាក ឱ្យបានគង់វង្សដើម្បីប្រទេសជាតិយើង ទទួលបានការអភិវឌ្ឍឥតឈប់ឈរជារៀងរហូតទៅ៕