(ភ្នំពេញ)៖ ទណ្ឌិត សម រង្ស៉ី មេចលនាឧទ្ទាមក្រៅច្បាប់ នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០នេះ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ កាត់ទោសឱ្យជាប់ពន្ធនាគារសរុបចំនួន៤ឆ្នាំទៀត ក្នុងនោះមាន២ឆ្នាំ លើករណីបំភ្លៃព័ត៌មានជុំវិញមរណភាពរបស់ លោក ហុក ឡង់ឌី អតីតអគ្គស្នងការនគរបាលជាតិ និង២ឆ្នាំទៀត លើករណីញុះញង់ប្រជាពលរដ្ឋកុំឱ្យសងបំណុលធនាគារ។
ក្នុងសវនាការនេះមាន លោក សេង ហៀង ជាតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងលោក រស់ ពិសិដ្ឋ ជាចៅក្រមជំនុំជម្រះ។
ក្រៅពីកាត់ទោសចំពោះ ទណ្ឌិត សម រង្ស៉ី នៅក្នុងសវនាការនាព្រឹកនេះ សាលាដំបូងរាជធានីភ្នំពេញ ក៏បានកាត់ទោស គូកនរបស់គាត់ឈ្មោះ ទុំ ប៊ុនថន និងឈ្មោះ ប៊ុត ប៊ុនតិញ ដាក់ទោសក្នុងម្នាក់ៗ១ឆ្នាំ ៨ខែដោយចាត់ទុកជាសាលក្រមចំពោះមុខជនជាប់ចោទ ព្រមទាំងកាត់ទោសមនុស្ស២នាក់ទៀត ដែលកំពុងជាប់ក្នុងពន្ធនាគារព្រៃសរ (ម១) ក្នុងម្នាក់ៗ១ឆ្នាំ៦ខែ សម្រាប់សំណុំរឿងញុះញង់កុំពលរដ្ឋសងបំណុលធានាគារ។
ជាមួយគ្នានេះ តុលាការក៏បានចេញដីកាបង្គាប់ឲ្យសមត្ថកិច្ចតាមចាប់ខ្លួនក្រុមជនជាប់ចោទដែលកំពុងគេចខ្លួនតាមខ្លឹមសារអំណាចសាលក្រមរបស់តុលាការ។
មន្រ្តីតុលាការ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា សំណុំរឿង ២ករណីរបស់ លោក សម រង្ស៉ី ដែលតុលាការជំនុំជម្រះ គឺពាក់ព័ន្ធ នឹងករណីដែលលោក សម រង្ស៉ី និងគូកន បានបំភ្លៃព័ត៌មានមិនពិតពាក់ព័ន្ធនឹងការស្លាប់របស់ លោក ហុក ឡង់ឌី និងករណីដែល លោក សម រង្ស៉ី ជាមួយគូកនបានញុះញង់កុំឱ្យប្រជាពលរដ្ឋសងលុយទៅធនាគារជាដើម។
ទន្ទឹមនឹងមានសំណុំរឿងស្អេកស្កះនៅកម្ពុជា ទណ្ឌិត សម រង្ស៊ី កាលពីខែមិថុនា ឆ្នាំ២០២០ កន្លងទៅ ក៏ត្រូវបានតុលាការព្រហ្មទណ្ឌទីក្រុងប៉ារីស ប្រទេសបារាំង សម្រេចដាក់ឲ្យស្ថិតនៅក្រោមការចោទប្រកាន់ពីបទ «បរិហារកេរ្តិ៍ជាសាធារណៈលើបុគ្គល» ផងដែរ តាមបណ្តឹង លោក ឌី វីជ្ជា អគ្គស្នងការរងនគរបាលជាតិ ដែលជាកូនប្រុសរបស់ លោក ហុក ឡង់ឌី៕