(ភ្នំពេញ)៖ បន្ទាប់ពីមានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ ដែលបណ្ដាលឱ្យមានអ្នកស្លាប់ច្រើនរហូតដល់ទៅ៨នាក់ និងរបួសម្នាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចូលរួមរំលែកទុក្ខ និងសោកស្ដាយជាទីបំផុត រួមទាំងចាត់តំណាងភ្លាមៗដើម្បីចូលបុណ្យសព និងនាំយកបច្ច័យ និងសម្ភារមួយចំនួន ជូនដល់គ្រួសារសព និងអ្នករងបួសផងដែរ។

លើសពីនោះ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០កន្លងទៅនេះ ដោយក្នុងចំណោមអ្នកស្លាប់ចំនួន៨នាក់ មាន១គ្រួសារស្លាប់រហូតដល់ទៅ៥នាក់ ដោយបន្សល់ទុកកូនតូចអាយុ១ខួបនាក់ និងអ្នករបួស១នាក់ នៅភូមិពពាលខែ ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង។

ក្នុងឱកាសនោះ លោកវេជ្ជបណ្ឌិត អ៊ុយ សំអាត នាយក នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ បានពាំនាំនូវប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចូលរួមរំលែកទុក្ខនិងចូលរួមសម្តែងការសោកស្តាយយ៉ាងក្រៃលែងជាមួយក្រុមគ្រួសារសព៖

១៖ លោក ឡេង សុភ័ក្រ អាយុ២៨ឆ្នាំ អ្នកបើកបររថយន្តទឹកកក (ស្រុកបាណន់ ខេត្តបាត់ដំបង)
២៖ លោក ហួរ ហាន អាយុ ១៨ឆ្នាំ (រងរបួស) បុគ្គលិករោងចក្រទឹកកក (ស្រុកបាណន់ ខេត្តបាត់ដំបង)
៣៖លោកស្រី ឃុត គឹមសាន អាយុ ៣៩ឆ្នាំ (ស្លាប់) អ្នករួមដំណើរ (ស្រុកមោងឯឫស្សី ខេត្តបាត់ដំបង)
៤៖ លោក យឿន សុខ អាយុ ៣៩ឆ្នាំ ត្រូវជាប្តី (ស្លាប់) (ស្រុកបាកាន ខេត្តពោធិ៍សាត់)
៥៖ អ្នកស្រី រស់ ពៅ អាយុ ៣៨ឆ្នាំ ត្រូវជាប្រពន្ធ (ស្លាប់) (ស្រុកបាកាន ខេត្តពោធិ៍សាត់)
៦. កញ្ញា យឿន ចាន់ណា អាយុ ១៦ឆ្នាំ ត្រូវជាកូន (ស្លាប់) (ស្រុកបាកាន ខេត្តពោធិ៍សាត់)
៧៖ កញ្ញា យឿន ចាន់នី ភេទស្រី អាយុ ១៤ឆ្នាំ ត្រូវជាកូន (ស្លាប់) (ស្រុកបាកាន ខេត្តពោធិ៍សាត់)
៨៖ កុមារា យឿន សាន់ អាយុ១២ឆ្នាំ ត្រូវជាកូន (ស្លាប់) (ស្រុកបាកាន ខេត្តពោធិ៍សាត់)
៩៖ អ្នកស្រី រស់ មី ភេទស្រី អាយុ៥៧ឆ្នាំ (ស្លាប់) អ្នករួមដំណើរ (ស្រុកបាកាន ខេត្តពោធិ៍សាត់)

ក្នុងមរណទុកដ៏សែនក្រៀមក្រំនេះ កាកបាទក្រហមកម្ពុជា សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ និងវត្ថុស័ក្កិសិទ្ធិទាំងអស់ក្នុងលោក សូមប្រោសព្រំដួងវិញ្ញាណក្ខន្ធ អ្នកស្លាប់ទាំង៨នាក់ បានចាប់បដិសន្ធិក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។

សម្រាប់គ្រួសារសព (ស្លាប់៥នាក់)ទទួលបាន៖ អង្ករ៣០០គីឡូក្រាម, មី១០កេស, ត្រីខ១០០កំប៉ុង, ទឹកក្រូច១០កេស, និងថវិកា១០លានរៀល។ ដោយឡែកអ្នករងរបួស១នាក់ ទទួលបាន ថវិកា២លានរៀល។ រីឯគ្រួសារសពនីមួសយៗផ្សេងទៀតទទទួលបាន៖ អង្ករ១០០គីឡូក្រាម, មី៥កេស, ត្រីខ៥០កំប៉ុង, ទឹកក្រូច,៥កេស និងថវិកា២លានរៀល។

គួរបញ្ជាក់៖ សាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់ ក៏បានចូលរួមរំលែកទុក្ខជាមួយ១គ្រួសារស្លាប់៥នាក់ នូវថវិកា២លានប្រាំសែនរៀល និងអនុសាខាស្រុកបាកាន ១០ម៉ឺនរៀលផងដែរ និងគ្រួសារសព១ផ្សេងទៀត ក្នុងស្រុកបាកាន នូវថវិកា៥០ម៉ឺនរៀល៕