(សៀមរាប)៖ លោក ញ៉ឹក វណ្ណារ៉ា រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា (ស.អ.យ) បានថ្លែងថា អំពើជួញដូរមនុស្ស បាននឹងកំពុងកើតឡើងគ្រប់ទីកន្លែងក្នុងរូបភាពភាគច្រើនជាឧក្រិដ្ឋកម្មឆ្លងដែន និងក្នុងប្រទេស ដែលមានអង្គការចាត់តាំង ហើយឧក្រិដ្ឋកម្មនេះបានជះឥទ្ធិពលជាអវិជ្ជមានដល់បុគ្គល គ្រួសារ និងសហគមន៍ ជាពិសេសទាំងនៅថ្នាក់ជាតិ តំបន់ និងពិភពលោក។
លោកថ្លែងបែបនេះ ក្នុងឱកាសបើកសិក្ខាសាលាផ្សព្វផ្សាយ «នីតិវិធីប្រតិបត្តិបទដ្ឋាន ស្តីពី កាគ្រប់គ្រងករណីនៃការធ្វើមាតុភូមិនិវត្តន៍ និងសមាហរណកម្មជនរងគ្រោះដោយអំពើជួញដូរមនុស្ស រវាងព្រះរាជាណា ចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ» នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ នាខេត្តសៀមរាប។
មន្ត្រីជាន់ខ្ពស់ក្រសួងសង្គមកិច្ច បានឲ្យដឹងទៀតថា រាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងខិតខំប្រឹងប្រែងបង្កើត រៀបចំចងក្រងផ្សព្វផ្សាយ និងអនុវត្តគោលនយោបាយ យុទ្ធសាស្រ្ត ផែនការ កិច្ចព្រមព្រៀងទ្វេភាគី និងពហុភាគី និងយន្តការនានាសំដៅប្រយុទ្ធប្រឆាំង និងកាត់បន្ថយឱ្យបានជាអតិបរមានូវអំពើជួញដូរមនុស្ស និងការធ្វើអាជីវកម្មលើមនុស្ស ទាំងក្នុងក្របខ័ណ្ឌជាតិ អនុតំបន់ តំបន់ និងលើពិភពលោក។ ដោយឡែក ក្រសួង ស.អ.យ ដែលបានទទួលអាណត្តិពីរាជរដ្ឋាភិបាលក្នុងការការពារ និងការផ្តល់សេវាគាំទ្រដល់ជនរងគ្រោះ បានបំពេញការងារយ៉ាងសកម្ម និងសម្រេចបាននូវសមិទ្ធផលជាច្រើនក្នុងកិច្ចការពារជនរងគ្រោះដោយអំពើជួញដូរមនុស្ស ការងារកសាងគោលនយោបាយ ការបង្ការទប់ស្កាត់អំពើជួញដូរមនុស្ស ការពង្រឹងកិច្ចសហប្រតិបត្តិការ និងការបង្កើនភាពជាដៃគូ។
ទោះបីក្រសួងសម្រេចបានសមិទ្ធផលជាច្រើនយ៉ាងណាក៏ដោយ ក៏កិច្ចការពារ និងការផ្តល់សេវាជួយដល់ជនរងគ្រោះឆ្លងកាត់ព្រំដែន នៅមិនទាន់ឆ្លើយតបបានទាំងស្រុងនៅឡើយ និងនៅតែជាក្តីកង្វល់របស់រាជរដ្ឋាភិបាលកម្ពុជា អាស្រ័យដោយការសម្របសម្រួល និងការសហការរវាងកម្ពុជា ជាមួយប្រទេសគោលដៅក្នុងការជួយជនរងគ្រោះ ហើយការដោះស្រាយមិនទាន់គ្រប់ជ្រុងជ្រោយ និងមិនទាន់មានភាពរលូន ប្រទាក់ក្រឡាគ្នា ប្រកបដោយប្រសិទ្ធភាព ដើម្បីឆ្លើយតបទៅនឹង ស្ថានភាពជាក់ស្តែងនាពេលបច្ចុប្បន្ន។
លោក ញ៉ឹក វណ្ណារ៉ា បានបន្ថែមថា នីតិវិធីប្រតិបត្តិបទដ្ឋានដែលប្រកាសដាក់ឲ្យប្រើប្រាស់ ក្នុងសិក្ខាសាលាផ្សព្វផ្សាយនាថ្ងៃនេះ ជាសមិទ្ធិផលថ្មីមួយទៀតរបស់ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដែលជាសេនាធិការបស់រាជរដ្ឋភិបាល និងប្រទេសថៃ ព្រមទាំងអង្គការដៃគូអភិវឌ្ឍន៍នានានៅកម្ពុជា ដែលបានខិតខំប្រឹងប្រែងរួមគ្នាកសាងសម្រាប់ភាគីទាំងពីរយកទៅអនុវត្ត។
លោកថ្លែងទៀតថា នីតិវិធីប្រតិបត្តិបទដ្ឋាននេះប្រកាន់ខ្ជាប់តាមក្របខណ្ឌការងារអន្តរជាតិនៃអង្គការសហប្រជាជាតិ និងក្របខណ្ឌការងារថ្នាក់តំបន់ដែលប្រទេសទាំងពីរបានទទួលស្គាល់ និងផ្តល់ការគាំទ្រ។ ជាពិសេសទៅទៀត នីតិប្រតិបត្តិបទដ្ឋាននេះមានគោលបំណងសំខាន់ ដើម្បីអនុវត្តគោលការណ៍រួម ស្តីពីការធ្វើមាតុភូមិនិវត្តន៍ និងសមាហរណកម្មជនរងគ្រោះដោយអំពើជួញដូរមនុស្ស និងពង្រឹងបទដ្ឋានប្រតិបត្តិអនុលោមទៅតាម ការអនុវត្តជាលក្ខណៈអន្តរជាតិ កំណត់អំពីតួនាទីការទទួលខុសត្រូវនៃអាជ្ញាធរពាក់ព័ន្ធ នៃរដ្ឋភាគីទាំងពីរនៅក្នុងដំណើរការមាតុភូមិនិវត្តន៍ និងសមាហរណកម្ម សម្រាប់ប្រើបា្រស់ជាឯកសារយោងដែលពាក់ព័ន្ធការធ្វើមាតុភូមិនិវត្តន៍ និងសមាហរណកម្ម និងជំនួយផ្នែកច្បាប់ដល់ជនរងគ្រោះដោយអំពើជួញដូរមនុស្ស។
លោកសង្ឃឹមជឿជាក់ថា ក្រសួង ស្ថាប័ន ដែលបានចូលរួម នឹងខិតខំអស់ពីកម្លាំងកាយ កម្លាំងចិត្ត ដើម្បីជំរុញឱ្យអ្នកពាក់ព័ន្ធទាំងអស់អនុវត្តតាមនីតិវិធីប្រតិបត្តិបទដ្ឋាននេះ ឱ្យបានទូលំទូលាយ ដល់ប្រជាជនកម្ពុជា និងមនុស្សគ្រប់រូបឲ្យទទួលបាននូវការគោរពសិទ្ធិ សេចក្តីថ្លៃថ្នូរ និងផលប្រយោជន៍ស្របច្បាប់របស់ខ្លួន ព្រមទាំងបង្កើនការពង្រឹងអ្នកអនុវត្តច្បាប់ អនុសញ្ញា កតិកាសញ្ញាអន្តរជាតិច្បាប់ជាតិ អនុស្សរណៈ និងកិច្ចព្រមព្រៀងទ្វេភាគីពហុភាគី និងផែនការសកម្មភាពជាតិនិងបទដ្ឋានគតិយុត្តទាំងទ្បាយឲ្យទទួលបានប្រសិទ្ធភាពខ្ពស់ ស្របតាមស្ថានភាពជាក់ស្តែងរបស់កម្ពុជាពិសេសជាឧត្តម ប្រយោជន៍សម្រាប់ជនរងគ្រោះដែលឆ្លងកាត់ព្រំដែនទៅរកការងារធ្វើនៅក្រៅប្រទេស៕