(មណ្ឌលគិរី)៖ ឧកញ៉ា អ៉ឹង ស៊ីតាតវិរៈ ជំនួយការផ្ទាល់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរី និងលោក ស្វាយ សំអ៊ាង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងលោកស្រី អមដំណើរដោយលោក ណយ ស្រូន សមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ និងជាអនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្ត រួមទាំងលោក លោកស្រី អនុប្រធាន សមាជិក សមាជិកា គណៈកម្មាធិការសាខា និងសហការី បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ទៅចែកជូនដល់គ្រួសារចាស់ជរា ស្រ្តីមេម៉ាយ កុមារកំព្រា និងគ្រួសាររងគ្រោះដោយប្រការផ្សេងៗ សរុបចំនួន ៣២២គ្រួសារ មកពីឃុំចំនួន២ ក្នុងស្រុកកោះញែក។
ពិធីនេះប្រព្រឹត្តទៅនៅបរិវេណសាលាបឋមសិក្សាសុខសាន្ត ក្នុងស្ថិតនៅស្រុកកោះញែក នាព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០។
លោក ស្វាយ សំអ៊ាង បានផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចកាលសម្តេចទាំងទ្វេ តែងតែយកចិត្តទុកដាក់គិតគូរ ពីសុខទុក្ខប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ ចាស់ជរា ស្រ្តីមេម៉ាយ កុមារកំព្រាអ្នករស់នៅជាមួយមេរោគអេដស៍ ជាពិសេស សម្តេចតែងឆ្លើយតប និងជួយសង្គ្រោះចំពោះគ្រោះមហន្តរាយផ្សេងៗ ដែលកើតមានឡើងដូចជា គ្រោះរាំងស្ងួត គ្រោះអគ្គីភ័យ ខ្យល់កន្ត្រាក់ ផ្គររន្ទះ និងទឹកជំនន់ ជាដើម។
លោក ស្វាយ សំអ៊ាង បានណែនាំឱ្យបងប្អូនទាំងអស់គ្នា ត្រូវយកចិត្តទុកដាក់គិតគូរជានិច្ចពីសុខភាពអនាម័យ និងសុវត្ថិភាពផ្ទាល់ខ្លួន តាមរយៈការចូលរួមអនុវត្តវិធានការការពារ និងរក្សាអនាម័យ តាមការណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាសារអប់រំនានារបស់ក្រសួងសុខាភិបាល ដើម្បីចូលរួមកាត់បន្ថយ និងបង្ការ ទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ-១៩។ ម្យ៉ាងទៀត ក៏សូមឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវខិតខំបង្កបង្កើនផល ចិញ្ចឹមសត្វ ដាំដុះដំណាំរួមផ្សំផ្សេងៗ ដើម្បីធ្វើយ៉ាងណាលើក ស្ទួយជីវភាពរស់នៅឱ្យមានលក្ខណៈសមរម្យ។
សូមបញ្ជាក់ថា អំណោយដែលសាខាកាកបាទក្រហមកម្ពុជាខេត្ត ផ្តល់ជូនប្រជាពលរដ្ឋងាយរងគ្រោះចំនួន ៣២២គ្រួសារ រមកពីឃុំ គឺឃុំអរបួរ និងឃុំសុខសាន្ត ក្នុងស្រុកកោះញែក ដោយក្នុង១គ្រួសារ ទទួលបាន៖ អង្ករ ២៥គីឡូក្រាម, មី ១កេស, ត្រីខ ១០កំប៉ុង និងអាវយឺតចំនួន២ ដើម្បីជួយសម្រាលក្នុងបន្ទុកជីវភាពដែលកំពុងខ្វះខាតផងដែរ៕