(ភ្នំពេញ)៖ ជាមួយនឹងក្ដីរំភើបរីករាយ លោក សួន រិនឌី តំណាងរាស្រ្ដមណ្ឌលរាជធានីភ្នំពេញ បានសម្ដែងនូវការអបអរសាទរចំពោះតំណក់ប្រេងកាតដំបូងនាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ ដែលជាសមិទ្ធផលប្រវិត្តសាស្រ្ដថ្មីនៃនយោបាយឈ្នះ-ឈ្នះ ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា។ នេះបើតាមលិខិតអបអរសាទរដែល Fresh News ទទួលបាននាថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០នេះ។
លោក សួន រិនឌី បានបញ្ជាក់នៅក្នុងលិខិតអបអរសាទរយ៉ាងដូច្នេះថា «ការតំណាលតៗគ្នាអំពីប្រេងកាតតាំងពីទសវត្សរ៍ ៦០ ពោលគឺអស់រយៈពេលជាងកន្លះសតវត្សរ៍មកហើយ ដែលការស្រមើស្រមៃនេះបានក្លាយជាការពិត នាបច្ចុប្បន្នកាលប្រកបដោយមោទនៈភាពក្រៃលែង ជាមហាជោគជ័យនេះបានដោយរាជរដ្ឋាភិបាលដែលមានសម្ដេចតេជោជាប្រមុខ បានខិតខំដឹកនាំប្រទេសជាតិពុះពារឧបសគ្គធំៗរាល់ការលំបាក ចាប់តាំងពីបាតដៃទទេរហូតមានការអភិវឌ្ឍប្រទេសដ៏រុងរឿងដូចសព្វថ្ងៃនេះ»។
នាឱកាសចូលឆ្នាំសកល ២០២០ ឆ្លងចូល ២០២១ លោក សួន រិនឌី ក៏បានបួងសួងដល់វត្ថុស័ក្ដិសិទ្ធិក្នុងលោក ទេវតាថែរក្សាប្រទេសកម្ពុជា មេត្តាប្រោសប្រទានពរជ័យជូនដល់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងកូនចៅ សូមជួបប្រទះពុទ្ធពរបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីខាន។
សូមជម្រាបថា នៅថ្ងៃទី២៩ ខែធ្នូម្សិលមិញ កម្ពុជាបានចាប់ផ្តើមផលិតកម្មប្រេងដំបូងរបស់ខ្លួនចេញពីអណ្តូងប្រេងទី១ ឈ្មោះ A-0ID នៃផ្លាតហ្វម A នៅក្នុងឈូងសមុទ្រកម្ពុជា៕