(ភ្នំពេញ)៖ រថយន្ដម៉ាក Lexus RX300 របស់ខ្មាន់កាំភ្លើងដែលបាញ់ប្រហារ នាយរងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ នៅមុខព្រលានយន្ដហោះអន្ដរជាតិភ្នំពេញ ត្រូវបានសមត្ថកិច្ចរកឃើញយកទៅថ្លុងចោល នៅម្ដុំភ្នំបាសិទ្ធ ស្ថិតក្នុងសង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ នាព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០។
សេចក្ដីរាយការណ៍ពីភ្នាក់ងារ Fresh News បានឲ្យដឹងថា រថយន្ដដែលសមត្ថកិច្ចប្រទះឃើញនេះ ខ្មាន់កាំភ្លើងបានដោះផ្លាកលេខចេញពីរថយន្ដ ដែលផ្លាកលេខបំពាក់លើរថយន្ដ ពេលបង្កហេតុនោះ គឺសៀមរាប2A-4546។
គួរជម្រាបថា នាយរងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញម្នាក់ បានស្លាប់ភ្លាមៗ បន្ទាប់ពីខ្មាន់កាំភ្លើងមិនស្គាល់អត្តសញ្ញាណបាញ់ចំនួន៩គ្រាប់ ត្រូវក្បាល១គ្រាប់ ត្រូវខ្លួន២គ្រាប់ ដោយសារតែទំនាស់រឿងគ្រោះថ្នាក់ចរាចរណ៍។
ហេតុការណ៍បាញ់ប្រហារបណ្តាលឲ្យមានការភ្ញាក់ផ្អើល ស្ទើរតែមួយក្រុងភ្នំពេញ បានកើតឡើងនាយប់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ នៅតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៉ី ត្រង់មុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ ស្ថិតនៅក្នុងខណ្ឌពោធិ៍សែនជ័យ។
បើតាមការបញ្ជាក់ពីបុរសម្នាក់សុំមិនបញ្ចេញឈ្មោះបានប្រាប់ថា មុនកើតហេតុ គេបានឃើញជនដៃដល់ដែលជាខ្មាន់កាំភ្លើង បានជិះរថយន្តមួយគ្រឿងម៉ាក ឡិចស៊ីស RX300 ពណ៌ខ្មៅ តាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៉ី លុះជិះមកដល់ចំណុចកើតហេតុ បានបុកពីក្រោយរថយន្ត Ford Rapter របស់ជនរងគ្រោះបណ្តាលឲ្យបែកស្តុបខាងក្រោយ បន្តាប់ពីបុកហើយភាគីទាំងពីរ ក៏បានបើករថយន្តចូលខាង ដើម្បីសម្របសម្រួលគ្នា បន្ទាប់ពីសម្រួលគ្នាអស់រយៈពេលជិតកន្លះម៉ោងហើយក៏មិនត្រូវគ្នា ស្រាប់តែមួយសន្ទុះក្រោយមកទៀតជនសង្ស័យបាន ដើរទៅឡានទាញកាំភ្លើងយកមកបាញ់ជនរងគ្រោះ តែម្តងដោយត្រូវចំក្បាល និងដងខ្លួនបណ្តាលឲ្យស្លាប់បាត់បង់ជីវិតនៅកន្លែង។
ជនរងគ្រោះដែលស្លាប់ឈ្មោះ រ៉េត ស៉ីណាត មុខរបរជាមន្ត្រីនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងជាថៅកែហាងបាយនៅមុខក្រសួងទេសចរណ៍ហៅ ញក់ ហើយជនដៃដល់ បានបើករថយន្តគេចចេញពីកន្លែងកើតហេតុ បាត់ស្រមោលបន្ទាប់ពីបាញ់ហើយ ដោយបន្សល់ទុកតែសំបកគ្រាប់ចំនួន៩គ្រាប់ នៅកន្លែងបាញ់តែប៉ុណ្ណោះ។
ក្រោយពេលកើតហេតុសមត្ថកិច្ច បានប្រគល់សពជូនសាច់ញាតិ ដើម្បីធ្វើបុណ្យតាមប្រពៃណី ហើយសមត្ថកិច្ចកំពុងស្វែងរកជនដៃដល់ ដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ផងដែរ៕