Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

បុរសអ្នកបើកបរក្នុងក្រុមហ៊ុនសំណង់ម្នាក់ ត្រូវបានឃាត់ខ្លួន ក្រោយពីរងការចោទប្រកាន់ថា កិបកេងលុយក្រុមហ៊ុន អស់ជិត៣ពាន់ដុល្លារ

17-02-2016 21:57

(ភ្នំពេញ)៖ បុរសម្នាក់ត្រូវបានតំណាងក្រុមហ៊ុនលក់គ្រឿងសំណង់ ចាប់ឃាត់ខ្លួនយកមកប៉ុស្តិ៍នគរបាលចោមចៅ បន្ទាប់ពីយកលុយអតិថិជន ទូទាត់ថ្លៃគ្រឿងសំណង់ ឱ្យទៅក្រុមហ៊ុន ក្នុងបំណងកិបកេង មានចំនួន២៨១៤ដុល្លារ។​ ហេតុការណ៍ឃាត់ខ្លួននេះ បានធ្វើឡើង កាលពីវេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៦ ស្ថិតនៅក្នុងភូមិអង្គកែវ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

ជនសង្ស័យ មានឈ្មោះ សួង ម៉េង ភេទប្រុស អាយុ២០ឆ្នាំ មុខរបរបើ​កបររថយន្តដឹកគ្រឿងសំណង់ហួតជា (CH) ស្នាក់នៅភូមិច្រេសសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ មានស្រុក​កំណើត នៅខេត្តកំពង់ស្ពឺ។

យោងតាមការបញ្ជាក់ឲ្យដឹងពី មេការក្រុមហ៊ុនថា បុរសជាអ្នកបើកបររថយន្ត ក្រុមហ៊ុនCH ខាងលើ កាលពីរសៀលថ្ងៃទី១៦ខែកុម្ភ:ម្សិលម៉ិញ បាន ឱ្យដឹកគ្រឿងសំណង់ ទៅដាក់ឱ្យអតិថិជន នៅបុរីសន្តិភាព២ ភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅ ក្នុងទឹកលុយសរុប២ពាន់ដុល្លារ តែបុរសរូបនេះ បានយកលុយតែ១ពាន់ដុល្លា ទៅប្រគល់ឱ្យខាងក្រុមហ៊ុន ដោយប្រាប់ថា ម៉ូយ​ឱ្យតែ១ពាន់ដុល្លារទេ ខ្វះ១ពាន់ដុល្លារទៀត ជំពាក់សិន។

លុះមកដល់ព្រឹក ថ្ងៃទី១៧ ខែកុម្ភ: ក្រុមហ៊ុនបានឱ្យដឹកគ្រឿងសំណង់ ទៅដាក់នៅ ដេប៉ូ លក់ក្បឿងនៅតាមផ្លូវជាតិលេខ៤ ភូមិអង្គកែវ សង្កាត់ចោមចៅ សារជាថ្មី ក្នុងតម្លៃទឹកប្រាក់ ១៨១៤ដុល្លា ចាំបាត់ៗ ពេញ១ព្រឹក មិនឃើញ បុរសខាងលើ វិលចូលក្រុមហ៊ុន រហូតដល់រសៀល ថ្ងៃដដែល ខាងក្រុមហ៊ុន ទំនាក់ទំនងតាមរយៈទូរស័ព្ទ ទៅបុរសខាងលើ តែ បុរសរូបនេះប្រាប់ថា លុយបាត់អស់ហើយ រហូតដល់ក្រុមហ៊ុន ទំនាក់ទំនង ទៅអតិថិជន នៅបុរីសន្តិភាព២ ទើបធ្លាយរឿង លុយ គេមិនបានជំពាក់ទេ ទូទាត់ផ្ញើរតាម បុរសរូបនេះទាំងអស់។

មេការក្រុមហ៊ុនបន្តទៀតថា ដោយមានការសង្ស័យ ទឹកលុយ សរុបចំនួន២៨១៤ដុល្លា នៅនឹងដៃ អ្នកបើកបររថយន្តរូបនេះ ហើយមិនបានយកប្រគល់ឱ្យ ទៅក្រុមហ៊ុន គ្រប់ចំនួន ទាំងម្សិលម៉ិញនិងថ្ងៃនេះ ក៏បាននាំគ្នាមកតាមស្វែងរក ទើបប្រទះឃើញ បុរសខាងលើ នៅដេប៉ូលក់ក្បឿង ភូមិអង្គកែវ សង្កាត់ចោមចៅ រួចបានឃាត់ខ្លួន នាំទៅប៉ុស្តិ៍នគរបាលចោមចៅ ខណ្ឌពោធិ៍សែនជ័យ ធ្វើការដោះស្រាយ។

បើតាម បុរសឈ្មោះ សេង ចំរើន មេការក្រុមហ៊ុន បានឱ្យដឹងថា ក្រុមហ៊ុនមិនបានប្តឹងផ្តល់អ្វីទេ កាលបើបុរសរូបនេះ យកលុយមកទូទាត់ឱ្យក្រុមហ៊ុនវិញនៅពេលនេះ តែបើមិនដូច្នោះទេ បុរសខាងលើ ត្រូវបាន ប្តឹងទៅសមត្ថកិច្ច ចាត់ការទៅតាមផ្លូវច្បាប់ហើយ។

ក្នុងការដោះស្រាយ រហូតមកដល់ថ្ងៃនេះហើយ នៅតែមិនទាន់ដាច់ស្រេចទៀត ខណ:ដែលបុរសរូបនេះ ម្តងឆ្លើយថា លុយបានបាត់អស់ ឆ្លើយម្តងថាលុយទុកក្នុងរថយន្ត។​ ការឆ្លើយមិនច្បាស់ការណ៍បែបនេះ ធ្វើឱ្យប៉ូលីសបន្តការសាកសួរទៀត៕