(ភ្នំពេញ)៖ លោក ហ៊ុន ម៉ាណែត ប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល នាថ្ងៃអង្គារទី២៩ ខែធ្នូ ឆ្នាំ២០២០ បានដឹកនាំគណៈប្រតិភូគោរពវិញ្ញាណក្ខន្ធឧបាសក កែវ មេន នាមដើមហៅ ជ្រុន គឹមជ្រា ត្រូវជាឪពុកបង្កើតរបស់លោក ជ្រុន ថេរ៉ាវ៉ាត រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ ដែលបានទទួលមរណភាពនាថ្ងៃចន្ទ ១៤កើត ខែបុស្ស ឆ្នាំជួត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ ក្នុងជន្មាយុ៧៧ឆ្នាំ វេលាម៉ោង៣៖០៦នាទីទៀបភ្លឺ ដោយជរាពាធ។
តាងនាមយុវជនគណបក្សថ្នាក់កណ្តាល លោក ហ៊ុន ម៉ាណែត ពិតជាមានក្តីក្តុកក្តួលរន្ធត់ចិត្តឥតឧបមាដោយទទួលបានដំណឹងថា ឧបាសក កែវ មេន ត្រូវជាឪពុកបង្កើតលោក ជ្រុន ថេរ៉ាវ៉ាត រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ ដែលបានទទួលមរណភាពក្នុងជន្មាយុ៧៧ឆ្នាំ ដោយជរាពាធ។
ក្នុងឱកាសប្រកបដោយក្តីខ្សឹកខ្សួលរំជួលចិត្តអនេកនេះ លោក ហ៊ុន ម៉ាណែត បានសម្តែងនូវក្តីក្រៀមក្រំក្រៃលែង ពោរពេញដោយក្តីសោកស្តាយស្រណោះអាឡោះអាល័យ និងសូមចូលរួមរំលែកទុក្ខជូនចំពោះក្រុមគ្រួសារសព និងញាតិសាលោហិតទាំងអស់ដោយក្តីសង្វេគជាពន់ពេក។
ជាមួយសមានទុក្ខដ៏ក្រៀមក្រំនេះ លោកប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងគណៈប្រតិភូ សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់លោកឧបាសក កែវ មេន សូមបានចាប់បដិសន្ធិ និងសោយសុខក្នុងសុគតិភពគ្រប់ៗជាតិកុំបីឃ្លៀងឃ្លាតឡើយ៕