(ភ្នំពេញ)៖ លោក ហ៊ុន ម៉ានី ប្រធានសភាពសហពន្ធ័យុវជនកម្ពុជា និងជាអ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ បានដឹកនាំក្រុមយុវជន សភាពសហពន្ធ័យុវជនកម្ពុជា ហៅកាត់ថា ស ស យ ក ជួបប្រជុំពិភាក្សាការងារអង្គរសង្ក្រាន ឆ្នាំ២០១៦ ជាមួយលោកបណ្ឌិត មិន ឃិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា និងក្រុមការងារ នាសាលប្រជុំក្រសួងធម្មការនិងសាសនា នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៦។ ក្នុងកិច្ចប្រជុំនោះ បានសម្រេចដោយប្រគល់ភារកិច្ច ជូនក្រសួងធម្មការ​ និងសាសនា ជាអ្នកទទួលខុសត្រូវ និងរៀបចំការងារ ទាក់ទងនឹងផ្នែកសាសនា។

កាលពីពេលថ្មីៗនេះ អាជ្ញាធរជាតិអប្សរា ក៏បានស្នើសុំសហភាពសហព័ន្ធយុវជនកម្ពុជា សហការបញ្ជ្រាបការយល់ដឹងឲ្យ បានកាន់តែទូលំទូលាយ អំពីក្រមប្រតិបត្តិអង្គរ ជូនដល់ភ្ញៀវទេសចរ និងប្រជាពលរដ្ឋ ដែលនឹងមកចូលរួមក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នាពេលខាងមុខផងដែរ។

មិនខុសពីឆ្នាំមុន ព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំនេះ​​ នឹងរៀបចំអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នៅរមណីយដ្ឋានអង្គរ ដែលជាដួងព្រលឹងជាតិខ្មែរ។ យោងតាមបទបង្ហាញរបស់ សហភាពសហព័ន្ធយុវជនកម្ពុជា ឆ្នាំនេះនឹងមានរៀបចំជា២៤កម្មវិធីធំៗ ដូចជា ពិធីសាសនា កម្មវិធីភូមិខ្ញុំ និម្មិតភូមិ របាំប្រពៃណីបុរាណ កម្មវិធីល្បែងប្រជាប្រិយ គុនល្បុក្កតោ ពិព័រណ៍​សិប្បកម្ម និងវត្ថុអនុស្សាវរីយ៍ជាដើម។ អ្វីដែលថ្មីសម្រាប់កម្មវិធីអង្គរសង្ក្រាន្តឆ្នាំថ្មីនេះ មានដូចជា ការសម្តែងល្ខោនបាសាក់​ រឿងនាងទិព្វសង្វារ កម្មវិធីវិចិត្រករឯក ដែលតាំងពិព័រណ៍រូបគំនូរ ដើម្បី​ប្រកួតប្រជែងជាលក្ខណៈមិត្តភាព និងសួនកុមារជាដើម៕