(ភ្នំពេញ)៖ លោកស្រី ឆាយ ស៉ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា (CATA) រួមទាំងថ្នាក់ដឹកនាំ និងសមាជិករបស់សមាគម CATA ទាំងអស់ បានសម្ដែងការអបអរសាទរជាមួយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងជនរួមជាតិកម្ពុជាទូទាំងប្រទេស ចំពោះការទទួលបានតំណក់ប្រេងលើកដំបូង ដែលជាសមិទ្ធផលប្រវត្តិសាស្ត្រថ្មីរបស់កម្ពុជា។
លោកស្រី ឆាយ ស៉ីវលីន បានបញ្ជាក់ថា តាមរយៈភាពជោគជ័យជាប្រវត្តិសាស្រ្តនៃការទទួលបានដំណក់ប្រេងជាលើកដំបូងនេះ គឺជាការចាប់ផ្តើមដ៏សំខាន់បំផុតសម្រាប់ប្រទេសកម្ពុជា ក្នុងការឆ្ពោះទៅបង្កើតបាននូវសមត្ថភាពជាតិ និងខឿនឧស្សាហកម្មប្រេងកាត ឧស្ម័ន និងថាមពល។
លោកស្រីប្រធានបានបញ្ជាក់ថា «សន្តិភាព» ដែលកម្ពុជាកំពុងមាននាពេលបច្ចុប្បន្ន គឺជាកត្តាសារវន្តមិនអាចខ្វះបាន សម្រាប់ការសម្រេចជោគជ័យលើសមិទ្ធផលជាតិជាបន្តបន្ទាប់ និងការអភិវឌ្ឍលើគ្រប់វិស័យ រួមទាំងសមិទ្ធផលថ្មីក្នុងវិស័យប្រេងកាត ដែលប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសទន្ទឹងរង់ចាំជាច្រើនជំនាន់យូរណាស់មកហើយ។
ក្នុងនាមថ្នាក់ដឹកនាំ និងសមាជិករបស់សមាគម CATA ទាំងអស់ លោកស្រី ឆាយ ស៉ីវលីន បានបញ្ជាក់ថា «យើងខ្ញុំទាំងអស់គ្នាពិតជាមានមោទនភាពជាទីបំផុត ចំពោះការសម្រេចជោគជ័យលើសមិទ្ធផលជាតិនេះ»៕