(ភ្នំពេញ)៖ ពាណិជ្ជករល្បីៗនៅក្នុងប្រទេសកម្ពុជា សុទ្ធតែបង្ហាញនូវការមោទនភាពយ៉ាងខ្លាំង ដែលកម្ពុជា បានក្លាយជាប្រទេសផលិតប្រេងមួយរបស់ពិភពលោក ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
ការបង្ហាញនូវក្តីរីករាយ និងមោទនភាពរបស់ពាណិជ្ជកម្មល្បីនេះ ធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ បានប្រកាសអំពីដំណឹងដ៏រីករាយ និងជាមោទនភាពសម្រាប់ប្រជាជនកម្ពុជា ពីការចាប់ផ្តើមទទួលដំណក់ប្រេងលើកដំបូង បន្ទាប់ពីរង់ចាំអស់រយៈពេលជាច្រើនឆ្នាំ។
ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តាមរយៈបណ្ដាញព័ត៌មាន Fresh News បានថ្លែងថា «នេះមោទនភាពសម្រាប់ប្រទេសជាតិ ហើយក៏ជាស្នាដៃប្រវត្ដិសាស្ដ្ររបស់ប្រទេសជាតិ ដែលកម្ពុជាអាចផលិតប្រេងបាន ដែលធ្វើឲ្យសកលលោកដឹងលឺថាប្រទេសកម្ពុជា មានតំណក់ប្រេង និងផលិតប្រេងផងដែរ»។
បន្ថែមពីនោះទៀត ឧកញ៉ា លឹម ហេង បានលើកឡើងថា អ្វីដែលសំខាន់ ពេលដែលយើងបានប្រេង គឺជាចំណូលប្រាក់ថ្មីមួយទៀត ដែលទទួលបានពីធនធានរបស់យើង ហើយនឹងបង្កើនការងារ បង្កើនហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ដែលបម្រើឲ្យប្រេងនេះ ក៏ដូចជាការដឹកជញ្ជូនផងដែរ។
ឧកញ៉ា លឹម ហេង បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំគិតថានេះជាចំណូលថ្មីមួយទៀត យើងសង្ឃឹមថា នឹងជួយចូលរួមបង្កើនកំណើនសេដ្ឋកិច្ចជាតិ ដែលនេះ ជាមោទនភាពរបស់យើង»។
ពាក់ព័ន្ធនឹងការ ដែលកម្ពុជាមានប្រេងនេះ លោកឧកញ៉ាថា «វាជារឿងមួយរក្សាលំនឹងសន្ដិសុខថាមពល របស់ប្រទេសយើង ដែលយើងមានប្រេង ដែលមិនពឹងផ្អែក លើការនាំចូលទាំងស្រុង ដែលធ្វើឲ្យប្រជាពលរដ្ឋរំពឹងថា មិនអាចខ្វះប្រេងប្រើ ក៏ដូចជាការរក្សាតម្លៃ ឲ្យមានភាពធូរថ្លៃ ដល់អ្នកប្រើប្រាស់ ក្នុងប្រទេសយើង»។
ឧកញ៉ា លឹម ហេង បានបន្ថែមទៀតថា «នេះជាមោទនភាពរបស់ប្រទេសយើង ដែលសង្ឃឹមថា មានប្រេងខ្លួនឯង និងសង្ឃឹមថា នឹងមានតម្លៃប្រេងធូថ្លៃ សម្រាប់ប្រើប្រាស់ កាត់បន្ថយការចំណាយ ក្នុងការដឹកជញ្ជូន ដែលជួយទ្រទ្រង់ដល់ការផលិតក្នុងការនាំចេញ ក្នុងឧស្សាហកម្មផ្សេងៗ»។
ជាមួយគ្នានោះ ឧកញ៉ា លឹម ហេង ក៏បានគូសបញ្ជាក់ដែរថា កត្ដាសន្ដិភាព និងកត្ដាគោលនយោបាយ របស់រាជរដ្ឋាភិបាល ជាកត្ដាដែលធ្វើឲ្យវិស័យផ្សេងៗ នៅក្នុងប្រទេសកម្ពុជា មានសមទ្ធិផលរីកចម្រើនដូចសព្វថ្ងៃ ដែលធ្វើឲ្យអាជីវករក្នុងស្រុក ក៏ដូចជាអ្នកវិនិយោគបរទេសរកស៊ីបាន ក្នុងប្រទេសកម្ពុជា។
ចំណែកលោកឧកញ៉ាបណ្ឌិត គឹម ហ៊ាង អ្នករកស៊ីក្នុងវិស័យអចលនទ្រព្យដ៏ល្បីឈ្មោះនៅកម្ពុជាវិញ ក៏បានបង្ហាញអារម្មណ៍រីករាយ និងសាទរចំពោះដំណឹង នៃការទទួលបានតំណក់ប្រេងលើកដំបូងរបស់កម្ពុជា។
លោកបានលើកឡើងថា ការទទួលបានតំណាក់ប្រេងនេះនឹងជួយឲ្យកម្ពុជា ទទួលបានចំណូលមួយផ្នែកថែមទៀត បន្ថែមលើចំណូលដែលមានស្រាប់ដែលបានមកពីវិស័យផ្សេងៗដូចជាការនាំចេញជាដើម។
លើសពីនេះទៀត លោកយល់ឃើញថា ប្រទេសកម្ពុជាបន្ទាប់ពីក្លាយខ្លួន ជាប្រទេសផលិតប្រេងមួយ នៅលើពិភពលោក តម្លៃប្រេងនឹងមានតម្លៃល្អ ហើយនឹងជួយបាននូវសន្ដិសុខផ្នែកថាមពល ដែលកន្លងទៅកម្ពុជាធ្លាប់តែនាំចូលពីបរទេស។
ចំពោះការសម្រេចរបស់សម្ដេចតេជោ ហ៊ុន សែន ដែលប្រើប្រាស់ថវិកា បានពីការចំណូលនៃការបូមប្រេង លើអាទិភាពចំនួនពីរ រួមមានវិស័យអប់រំ និងវិស័យសុខាភិបាលនោះ ត្រូវបានលោកបណ្ឌិតបង្ហាញនូវការគាំទ្រ ចំពោះការសម្រេចដ៏ត្រឹមត្រូវ និងមានចក្ខុវិស័យវែងឆ្ងាយនេះ។
លោកយល់ឃើញថា បច្ចុប្បន្នពិភពលោក បានឈានដល់យុគសម័យឌីជីថល ដូច្នេះការអភិវឌ្ឍន៍ធនធានមនុស្ស គឺជារឿងចាំបាច់សម្រាប់ប្រទេសកម្ពុជា ទើបរាជរដ្ឋាភិបាល មើលឃើញនូវការវិនិយោគទៅលើវិស័យអប់រំ។ ចំណែកឯវិស័យសុខាភិបាលវិញ គឺជារឿងចាំបាច់ ដោយសារតែគ្រប់មនុស្ស ត្រូវការនូវសុខភាពជាចំបង។ ការវិនិយោគលើវិស័យសុខាភិបាល មិនត្រឹមតែជំរុញនូវការរីកចម្រើនសុខាភិបាលប៉ុណ្ណោះទេ គឺថែមទាំងអាចជួយឲ្យប្រជាជន មិនចេញទៅប្រើប្រាស់សេវាសុខាភិបាល នៅក្រៅប្រទេសទៀតផង។
លោកលើកឡើងយ៉ាងដូច្នេះថា «ខ្ញុំពិតជាមានសេចក្ដីរីករាយយ៉ាងខ្លាំង និងមានមោទនភាព ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានបញ្ចប់ភ្លើងសង្គ្រាម តាមរយៈគោលនយោបាយឈ្នះឈ្នះ របស់សម្ដេចតេជោ ដែលមកដល់ពេលនេះ មានរយៈពេល២២ឆ្នាំហើយ បច្ច័យនៃនយោបាយឈ្នះឈ្នះនេះហើយ ដែលនាំឲ្យកម្ពុជា មានការសន្ដិសុខ និងការអភិវឌ្ឍន៍ ថែមទាំងទាក់ទាញបាននូវការិនិយោគពីបរទេស តួយ៉ាងការវិនិយោគលើការរុករកប្រេង រហូតកម្ពុជា ទទួលបានតំណក់ប្រេង លើកដំបូងនៅពេលនេះ»។
សម្រាប់លោកឧកញ៉ា សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាវិញ បានលើកឡើងថា ក្នុងនាមជាពលរដ្ឋខ្មែរ និងជាអ្នករកស៊ីក្នុងវិស័យកសិកម្មមួយរូប លោកពិតជាមានក្តីរីករាយយ៉ាងខ្លាំង ដែលប្រទេសកម្ពុជាទទួលបានតំណក់ប្រេងជាប្រវត្តិសាស្ត្រ។
លោកបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំពិតជាមានក្តីរីករាយ និងអបអរសាទរ នៅថ្ងៃប្រវត្តិសាស្ត្ររបស់យើងនេះ។ ខ្ញុំជឿងថា កម្ពុជាយើងជាប្រទេសមួយតូច តែស្ថិតក្រោមក្រសែភ្នែករបស់អន្តរជាតិ នៅពេលដែលតំណក់ប្រេងរបស់យើង ចាប់ដំណើរការផលិត។ ខ្ញុំពិតជាស្ញប់ស្ញែង ភាពជាអ្នកដឹកនាំរបស់សម្តេចនាយករដ្ឋមន្ត្រី ដែលប៉ិនប្រសព្វក្នុងការដឹកនាំប្រទេសជាតិ ដែលជាប្រទេសមួយបែរឆ្ពោះ ទៅរកវិស័យប្រេង»។
សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកថា ដំណក់ប្រេងជាលើកដំបូង ក្នុងប្រវត្តិសាស្ត្ររបស់កម្ពុជា គឺជាពរជ័យសម្រាប់ប្រជាជន និងប្រទេសជាតិរបស់កម្ពុជាទាំងមូល។ សមិទ្ធផលសន្តិភាព កើតចេញពីនយោបាយឈ្នះឈ្នះ បាននាំមកនូវសមិទ្ធផលថ្មី គឺដំណក់ប្រេងជាលើកដំបូង ក្នុងប្រវត្តិសាស្ត្ររបស់កម្ពុជានេះ។ ចំណូលថវិកាបានពីការលក់ប្រេងរបស់កម្ពុជា នឹងយកទៅប្រើប្រាស់ក្នុងវិស័យអាទិភាព២ គឺវិស័យអប់រំ និងវិស័យសុខាភិបាល ដែលជាវិស័យសំខាន់សម្រាប់កម្ពុជា៕