(សៀមរាប)៖ មូលនិធិបេតិកភណ្ឌវប្បធម៌កូរ៉េនៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) បានបើកវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពព្យាបាល និងជួសជុលវត្ថុបុរាណតាមបែបវិទ្យាសាស្ត្រ រយៈពេលប្រាំថ្ងៃ ពីថ្ងៃទី២១-២៥ ខែធ្នូ ឆ្នាំ២០២០ ដល់មន្ត្រី-បុគ្គលិកជំនាញជួសជុល និងអភិរក្សប្រាសាទនៃអាជ្ញាធរជាតិអប្សរាចំនួន ១៥ នាក់។

លោក ផាក សងឆល់ អ្នកស្រាវជ្រាវ និងអភិរក្សនៃមូលនិធិបេតិកភណ្ឌវប្បធម៌កូរ៉េ ជាគ្រូបង្គោលនៃវគ្គបណ្តុះបណ្តាល បានបង្រៀនពីរបៀបប្រើប្រាស់ និងទទួលទិន្នន័យពីឧបករណ៍វិភាគលើថ្ម របៀបមើលពីសមាសធាតុនៃថ្មនីមួយៗ បញ្ហាខូចខាត ជំងឺថ្ម ប្រភពថ្ម ប្រភេទថ្ម ដែលជួយពន្លឿននៅក្នុងកិច្ចការជួសជុលអភិរក្សថ្មបានល្អ លឿន និងមានវិធីសាស្ត្រច្រើនក្នុងការជួសជុល។

លោក សងឆល់ ក៏បានបញ្ជាក់ថា ប្រាសាទនៅខ្មែរភាគច្រើនធ្វើពីថ្មភក់ ងាយរងផលប៉ះពាល់ពីអាកាសធាតុក្តៅហើយសើម ជួនមានភ្លៀងធ្លាក់ខ្លាំង ជួនក្តៅខ្លាំង ហើយនឹងការដុះឡើងនៃរុក្ខជាតិលើប្រាសាទបំផ្លាញរចនាសម្ពន្ធប្រាសាទ។ លោករំពឹងទុកថា ក្រោយបញ្ចប់វគ្គបណ្តុះបណ្តាលនេះ សិក្ខាកាមទាំង ១៥ នាក់ នឹងអាចរៀបចំការអភិរក្សប្រាសាទទៅតាមលំដាប់លំដោយយ៉ាងមានប្រសិទ្ធភាពខ្ពស់ក្នុងការអភិរក្សថ្ម។
ក្រុមការងារនឹងបន្តធ្វើវគ្គបណ្តុះបណ្តាលនេះទៀត ដើម្បីផ្តល់ចំណេះដឹងបន្ថែមផ្នែកអភិរក្សបែបវិទ្យាសាស្ត្រដល់អ្នកជំនាញអាជ្ញាធរជាតិអប្សរា ពិសេសខាងកូរ៉េចង់ឱ្យមន្ទីរពិសោធន៍នេះ មានមុខងារកាន់តែសំខាន់នៅក្នុងកិច្ចការអភិរក្សប្រាសាទនៅក្នុងតំបន់អង្គរ តាមរយៈកិច្ចសហប្រតិបត្តិការកូរ៉េ-អាជ្ញាធរជាតិអប្សរា។

លោក សាន ចន្ទសុខា មន្ត្រីនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរនិងបុរាណវិទ្យាបង្ការ បានឱ្យដឹងថា នេះជាលើកទី១ ដែលបានរៀនពីរបៀបមើលមីក្រូទស្សន៍ និងប្រើអ៊ុលត្រាសោន ដែលឱ្យយើងដឹងពីការខូចខាតនៅខាងក្នុងថ្មដែលយើងមិនអាចមើលដោយភ្នែកទទេបាន។ វគ្គបណ្តុះបណ្តាលនេះបានពង្រឹងសមត្ថភាពពាក់ព័ន្ធនឹងការពិសោធ ដោយប្រើប្រាស់ឧបករណ៍វិទ្យាសាស្ត្រជំនួយដល់ការជួសជុល ដែលកន្លងមករាល់ការពិសោធភាពខូចខាតនៃថ្ម និងសំណល់បុរាណវិទ្យាផ្សេងៗនៅក្នុងតំបន់អង្គរ និងប្រទេសកម្ពុជា ច្រើនពឹងលើការវិភាគនៅក្រៅប្រទេសប៉ុណ្ណោះ។

លោក អាត សុខចាន់ មន្ត្រីមកពីនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ បានលើកឡើងថា ការរៀនលើកនេះគឺមានសម្ភារគ្រប់គ្រាន់។ យើងមានវិធីច្រើនសម្រាប់សិក្សាស្វែងរកភាពខូចខាតនៃថ្ម តែវិធីរៀននេះមានភាពងាយស្រួលជាងមុន ព្រោះយើងប្រើម៉ាស៊ីនអាចវិភាគដឹងច្រើនលឿនរហ័សក្នុងការបំពេញការងារបានប្រសើរជាងមុន។ លោកសង្ឃឹមថានឹងមានការបណ្តុះបណ្តាលបែបនេះបន្តទៀត ព្រោះយើងបានរៀនតែទ្រឹស្តីច្រើនជាងអនុវត្ត៕