(ភ្នំពេញ)៖ លោក ចាយ បូរិន សមាជិករដ្ឋសភា និងក្រុមគ្រួសារ បានចូលរួមអបអរសាទរ ជាមួយប្រជាពលរដ្ឋកម្ពុជាទូទំាងប្រទេស ដែលទើបទទួលបានសមិទ្ធផលថ្មី ជាប្រវត្តិសាស្រ្ត គឺតំណក់ប្រេងដំបូង ដែលកើតមានឡើងនៅក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី។
តំណក់ប្រេងដំបូងកម្ពុជាទទួលបាន នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០នេះ បានលេចឡើងស្របពេលនៃខួបលើកទី២២ឆ្នាំ នៃនយោបាយឈ្នះ-ឈ្នះរបស់សម្តេចតេជោ ក្នុងការបញ្ចប់សង្គ្រាមទំាងស្រុងនៅកម្ពុជា នាំមកនូវសុខសន្តិភាពពេញលេញ និងមានការឯកភាពជាតិទាំងស្រុងជាប្រវត្តិសាស្ត្រជូនប្រជាជាតិទំាងមូល នៅក្នុងរយៈពេល២២ឆ្នាំមកនេះ។
តាមរយៈភាពជោគជ័យជាប្រវត្តិសាស្រ្ត នៃការទទួលបានដំណក់ប្រេងជាលើកដំបូងនេះ គឺជាការចាប់ផ្តើមដ៏សំខាន់បំផុត សម្រាប់ប្រទេសកម្ពុជា ឆ្ពោះទៅបង្កើតបាននូវសមត្ថភាពជាតិ និងខឿនឧស្សាហកម្មប្រេងកាត ឧស្ម័ន និងថាមពល ដែលជាពរជ័យសម្រាប់ប្រជាជាតិ និងប្រជាជនកម្ពុជា ដែលធ្វើឲ្យប្រទេសជាតិកាន់តែរីកចម្រើន ជីវភាពប្រជាពលរដ្ឋកាន់តែធូរធារឡើង។
លោកតំណាងរាស្រ្ត បានមានប្រសាសន៍បន្តថា សន្តិភាពក្រោមការដឹកនាំ របស់សម្តេចតេជោនាយករដ្ឋមន្ត្រី គឺជាកត្តាសារវន្តមិនអាចខ្វះបាន សម្រាប់ការសម្រេចជោគជ័យលើសមិទ្ធផលជាតិជាបន្តបន្ទាប់ និងការអភិវឌ្ឍលើគ្រប់វិស័យ រួមទាំងសមិទ្ធផលថ្មី ក្នុងវិស័យប្រេងកាត ដែលប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស បានទន្ទឹងរង់ចាំជាច្រើនជំនាន់យូរលង់ណាស់មកហើយ។
ក្នុងនាមតំណាងរាស្រ្ត លោក ចាយ បូរិន បានគូសបញ្ជាក់ថា ប្រជាពលរដ្ឋទូទំាងប្រទេស សូមអរគុណសន្តិភាព និងគោរពដឹងគុណជានិច្ច ចំពោះបិតាស្ថាបនិកនយោបាយ ឈ្នះឈ្នះ។ ពលរដ្ឋនៅទូទំាងប្រទេសសូមប្តេជ្ញាចូលរួមថែរក្សាសុខសន្តិភាព ដែលកម្ពុជាទទួលបានមកដោយលំបាកនិងពលីកម្មដ៏ធំធេងរបស់សម្តេចនាយករដ្ឋមន្រ្តី ឲ្យបានគង់វង្ស ដើម្បីកម្ពុជាទទួលបានការអភិវឌ្ឍ ឥតឈប់ឈរជារៀងរហូតទៅ៕