(ភ្នំពេញ)៖ លោកវេជ្ជបណ្ឌិត កែរ រដ្ឋា ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង និងថ្នាក់ដឹកនាំ ព្រមទាំងមន្ដ្រីសុខាភិបាលទាំងអស់បានសម្ដែងការអបអរសាទរ និងជូនពរសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ចំពោះសមិទ្ធផលប្រវត្តិសាស្ត្រថ្មី ដែលកម្ពុជាទទួលបានតំណក់ប្រេងលើកដំបូង។

លោកវេជ្ជបណ្ឌិត កែរ រដ្ឋា បានបញ្ជាក់ថា តាមរយៈភាពជោគជ័យជាប្រវត្តិសាស្រ្តនៃការទទួលបានដំណក់ប្រេងជាលើកដំបូងនេះ គឺជាការចាប់ផ្តើមដ៏សំខាន់បំផុតសម្រាប់ប្រទេសកម្ពុជា ឆ្ពោះទៅបង្កើតបាននូវសមត្ថភាពជាតិ និងខឿនឧស្សាហកម្មប្រេងកាត ឧស្ម័ន និងថាមពល ដែលជាពរជ័យសម្រាប់ប្រជាជាតិ និងប្រជាជនកម្ពុជា ក្រោមម្លប់ដ៏ត្រជាក់ត្រជុំនៃ «សន្តិភាព» របស់សម្តេចតេជោនាយករដ្ឋមន្ត្រី បិតាស្ថាបនិក អគ្គមគ្គទេសក៍ និងជាប្រតិបត្តិករនយោបាយឈ្នះ-ឈ្នះ ដែលបានតស៊ូរំដោះប្រទេសជាតិឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ និងបានខិតខំពុះពារកសាងសន្តិភាព ខឿនសេដ្ឋកិច្ច លទ្ធិប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គមដ៏គាប់ប្រសើរ។

លោកវេជ្ជបណ្ឌិត កែរ រដ្ឋា បានបញ្ជាក់យ៉ាងដូច្នេះថា ក្នុងឱកាសដ៏ឧត្តុង្គឧត្តមថ្លៃថ្លានេះ យើងខ្ញុំសូមសម្តែងនូវសេចក្តីគោរពដឹងគុណដ៏ស្មោះអស់ពីដួងចិត្តចំពោះគំរូវីរភាពដ៏ឆ្នើមរបស់ សម្តេចតេជោ ដែលបានរួមចំណែកតស៊ូ រំដោះប្រទេសជាតិ ស្វះស្វែងរកសន្តិភាព បង្រួបបង្រួមជាតិ កសាង និងអភិវឌ្ឍប្រទេសជាតិឲ្យមានការរីកចម្រើនដូចបច្ចុប្បន្ន។ រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ បានធ្វើឲ្យព្រះរាជាណាចក្រកម្ពុជាសម្រេចនូវសមិទ្ធផលដ៏ត្រចះត្រចង់ជាបន្តបន្ទាប់ ថែរក្សាបាននូវសុខសន្តិភាព អធិបតេយ្យភាព បូរណភាពទឹកដីដ៏រឹងមាំ ឯកភាពជាតិ ស្ថិរភាពជាតិ និងការរីកចម្រើនជឿនលឿនលើគ្រប់វិស័យ។

តាងនាមឲ្យថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាលខេត្តស្វាយរៀងទាំងអស់ យើងខ្ញុំសូមអរគុណដល់សុខសន្តិភាព និងនយោបាយ ឈ្នះ ឈ្នះ របស់ សម្តេចតេជោ ដែលបានដឹកនាំនាវាកម្ពុជាទទួលបាននូវកិត្យានុភាពដ៏ស័ក្តិសមទាំងក្នុងក្របខណ្ឌតំបន់ និងលើឆាកអន្តរជាតិ។

លោកវេជ្ជបណ្ឌិត កែរ រដ្ឋា សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមជួយប្រសិទ្ធពរជ័យបវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការជូនសម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារជាទីស្រឡាញ់ សូមបានសមប្រកបនូវសុខភាពល្អបរិបូរណ៍ អាយុយឺនយូរ កម្លាំងខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ ដើម្បីបន្តដឹកនាំ និងអភិវឌ្ឍន៍មាតុភូមិកម្ពុជា ក្នុងបេសកកម្មដ៏ឧត្តុង្គឧត្តមបម្រើជាតិ និងប្រជាជនឲ្យកាន់តែរីកចម្រើនឈានឆ្ពោះទៅរកភាពសម្បូរសប្បាយជានិច្ចនិរន្តរ៍៕