(ភ្នំពេញ)៖ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ រួមទាំងមន្ត្រីរាជការនៃក្រសួងយុត្តិធម៌ ព្រមទាំងចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី អាជ្ញាសាលា និងមន្ត្រីរាជការនៃសាលាជម្រះក្តីគ្រប់លំដាប់ថ្នាក់ទូទាំងព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០នេះ បានសម្ដែងការអបអរសាទរ និងជូនពរជូន សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ចំពោះសមិទ្ធផលប្រវត្តិសាស្ត្រីថ្មី ដែលកម្ពុជាទទួលបានតំណក់ប្រេងលើកដំបូង។

តាមរយៈភាពជោគជ័យជាប្រវត្តិសាស្រ្តនៃការទទួលបានដំណក់ប្រេងជាលើកដំបូងនេះ គឺជាការចាប់ផ្តើមដ៏សំខាន់បំផុតសម្រាប់ប្រទេសកម្ពុជា ឆ្ពោះទៅបង្កើតបាននូវសមត្ថភាពជាតិ និងខឿនឧស្សាហកម្មប្រេងកាត ឧស្ម័ន និងថាមពល ដែលជាពរជ័យសម្រាប់ប្រជាជាតិ និងប្រជាជនកម្ពុជា ក្រោមម្លប់ដ៏ត្រជាក់ត្រជុំនៃ «សន្តិភាព» របស់សម្តេចតេជោនាយករដ្ឋមន្ត្រី បិតាស្ថាបនិក អគ្គមគ្គទេសក៍ និងជាប្រតិបត្តិករនយោបាយឈ្នះ-ឈ្នះ ដែលបានតស៊ូរំដោះប្រទេសជាតិឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ និងបានខិតខំពុះពារកសាងសន្តិភាព ខឿនសេដ្ឋកិច្ច លទ្ធិប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គមដ៏គាប់ប្រសើរ។

«សន្តិភាព» របស់សម្តេចតេជោនាយករដ្ឋមន្ត្រី គឺជាកត្តាសារវន្តមិនអាចខ្វះបានសម្រាប់ការសម្រេចជោគជ័យលើសមិទ្ធផលជាតិជាបន្តបន្ទាប់ និងការអភិវឌ្ឍលើគ្រប់វិស័យ រួមទាំងសមិទ្ធផលថ្មីក្នុងវិស័យប្រេងកាត ដែលប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសទន្ទឹងរង់ចាំជាច្រើនជំនាន់យូរលង់ណាស់មកហើយ។

តាងនាមថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃក្រសួងយុត្តិធម៌ ព្រមទាំងចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី អាជ្ញា សាលា និងមន្ត្រីរាជការនៃសាលាជម្រះក្តីគ្រប់លំដាប់ថ្នាក់ទូទាំងព្រះរាជាណាចក្រកម្ពុជា ខ្ញុំបាទសូមសម្តែងនូវសេចក្តីរំភើបរីករាយ និងសូមអបអរសារទរដោយស្មោះអស់ពីដួងចិត្តចំពោះដំណក់ប្រេងលើកដំបូង ដែលកម្ពុជា ទទួលបានជាប្រវត្តិសាស្រ្ត និងជានិមិត្តរូបនៃជោគជ័យ របស់ប្រជាជាតិកម្ពុជាទាំងមូល ដែលគាប់ជួនជាមួយថ្ងៃខួបលើកទី២២ នៃការបញ្ចប់សង្គ្រាមដោយនាំមកនូវការឯកភាពជាតិ ឯកភាពទឹកដី តាមរយៈនយោបាយ «ឈ្នះ-ឈ្នះ» (២៩ ធ្នូ ១៩៩៨-២៩ ធ្នូ ២០២០) របស់សម្តេចតេជោនាយករដ្ឋមន្ត្រី»។

សមិទ្ធផលថ្មីនៃនយោបាយ «ឈ្នះ-ឈ្នះ» នេះ បានបង្ហាញយ៉ាងច្បាស់ថា ក្រោមការដឹកនាំដ៏ប៉ិនប្រសប់ និងឈ្លៀសវៃរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ដែលមិនត្រឹមតែធ្វើឱ្យកម្ពុជា ទទួលបាននូវសុខសន្តិភាព យ៉ាងពេញលេញប៉ុណ្ណោះទេ ប៉ុន្តែបានកសាង និងផ្តល់នូវទំនុកចិត្តសម្រាប់វិនិយោគិនជាតិ និងអន្តរជាតិឱ្យចូលរួមបណ្តាក់ទុនយ៉ាងច្រើនសន្ធឹកសន្ធាប់ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចជាតិឱ្យសម្បូរណ៍រុងរឿង។ តំណក់ប្រេងលើកដំបូងរបស់កម្ពុជាដែលយើងខ្ញុំ ក៏ដូចជាប្រជាពលរដ្ឋទូទាំងព្រះរាជាណាចក្រកម្ពុជា ទន្ទឹងរង់ចាំជាច្រើនជំនាន់បានកើតឡើងប្រកបដោយក្តីមោទកពុំអាចកាត់ថ្លៃបាន និងជាពរជ័យដ៏មហាបវរសម្រាប់ព្រះរាជាណាចក្រកម្ពុជា។

ឆ្លៀតក្នុងឱកាសនេះ ខ្ញុំបាទសូមគោរពជូនពរដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា សូមសមប្រកបដោយពុទ្ធពរ និងពរទាំង ៥ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណ កុំបីឃ្លៀងឃ្លាតឡើយ និងសូមសម្រេចបាននូវជោគជ័យថ្មីៗថែមទៀត ក្នុងបេសកកម្មដឹកនាំប្រទេសជាតិ មាតុភូមិប្រកបដោយសុខសន្តិភាព និងមានការអភិវឌ្ឍលើគ្រប់វិស័យឱ្យកាន់តែសម្បូរណ៍រុងរឿង៕