(ភ្នំពេញ)៖ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល និងស្វាមី បណ្ឌិត អ៊ុម រម្យណី នាយកវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) ព្រមទាំងក្រុមគ្រួសារទាំងអស់ សូមលើកដៃប្រណមគោរពសូមថ្លែងសំដែងនូវអំណរសាទរយ៉ាងក្លៀវក្លា ចំពោះសមិទ្ធិផលថ្មី ក្រោមកណ្តាប់ដៃដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គឺតំណក់ប្រេងដំបូងជាប្រវត្តិសាស្ត្រសម្រាប់កម្ពុជា ព្រមទាំងជោគជ័យបន្ថែមទៀត លើការទប់ស្កាត់ និងគ្រប់គ្រងបានទាន់ពេលវេលានូវ «ព្រឹត្តិការណ៍សហគមន៌ ២៨ វិច្ឆិកា» ដែលបានបិទបញ្ចប់នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ ជាថ្ងៃដែលកម្ពុជារំលឹកនូវខួបលើកទី២២ នៃនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ។

សមិទ្ធិផល និងជោគជ័យផ្ទួនៗគ្នានេះពិតជាសក្ខីភាពឆ្លុះបញ្ចាំងឲ្យឃើញនូវសមត្ថភាពពេញលេញ និងភាពឈ្លៀសវៃ ប្រកបដោយភាពអច្ឆរិយ:ដ៏អស្ចារ្យពោរពេញដោយ សក្តានុពល និងមានតេជបារមី គ្រប់គ្រងដឹកនាំនាវាកម្ពុជា មានសុខសន្តិភាព ការបង្រួបបង្រួមជាតិ និងការអភិវឌ្ឍន៌ប្រទេសជាតិ ប្រកបដោយភាពល្បីរន្ធឺលើសាកលលោក។

នាងខ្ញុំ និងស្វាមី ព្រមទាំងក្រុមគ្រួសារ សូមសំដែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅជាទីបំផុត មិនអាចបំភ្លេចបាននូវគុណូបការ:ដ៏ធំធេងរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងការរំដោះជាតិមាតុភូមិ ដោះស្រាយរាល់បញ្ហាដើម្បីប្រជាជនមានការរស់នៅប្រកបដោយសេចក្តីសុខ មានសុខសន្តិភាពពេញលេញ និងសំខាន់ទៀតនោះ គឺការអភិវឌ្ឍន៌ប្រទេសជាតិដ៏សំបូររុងរឿង។ បើគ្មាននយោបាយឈ្នះ-ឈ្នះ គឺគ្មានតំណក់ប្រេងដំបូង គ្មានសុខសន្តិភាព គ្មានការថែទាំសុខភាពបានល្អ គ្មានការអប់រំ និងគ្មានការអភិវឌ្ឍន៌ទាំងបុគ្គល ទាំងគ្រួសារ និងទាំងសង្គមជាតិ។

នាងខ្ញុំ និងស្វាមី ព្រមទាំងក្រុមគ្រួសារ បន្តគាំទ្រការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជារៀងរហូតតទៅ និងសូមលើកដៃប្រណមបួងសួងដល់វត្ថុស័ក្តិសិទ្ធិទាំងឡាយ ក្នុងលោក តាមថែរក្សាសម្តេចតេជោ សម្តេចកត្តិព្រឹទ្ធិបណ្ឌិត និងក្រុមគ្រួសារ ចៅប្រុស ចៅស្រីទាំងអស់ សូមមានសុខភាពល្អ បរិបូណ៍ កម្លាំងក្លាំងក្លា ប្រាជ្ញាឈ្លៀសវៃ និងមានតេជបារមី ឃុំគ្រងដែនដីកម្ពុជា បន្តធ្វើជានាយករដ្ឋមន្ត្រីកម្ពុជា ជារៀងរហូត និងដឹកនាំប្រទេសឆ្ពោះទៅរកការរីចម្រើនបន្ថែមទៀត និងកាន់តែមានភាពល្បីល្បាញលើលោកយើងនេះ។

សូមគោរពជូនការអបអរសាទរ និងគាំទ្រដ៏ខ្ពង់ខ្ពស់ពីនាងខ្ញុំ ឱ វណ្ណឌីន និងស្វាមី បណ្ឌិត អ៊ុម រម្យណី និងក្រុមគ្រួសារ៕