(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអំពាវនាវដល់កងកម្លាំងនគរបាលជាតិ មន្ត្រីរាជការស៉ីវិល និងមន្ត្រីពន្ធនាគារគ្រប់លំដាប់ថ្នាក់ បន្តយកចិត្តទុកដាក់បំពេញភារកិច្ច និងបង្កើនស្មារតីម្ចាស់ការកាន់តែសកម្មផុសផុល សំដៅរួមគ្នាបង្កើតនូវសមិទ្ធផលធំៗ និងនាំមកនូវជោគជ័យថ្មីៗថែមទៀត ជូនជាតិ និងប្រជាជន ក្នុងឆ្នាំ២០២១។

នេះបើយោងតាមសារជូនពររបស់ សម្តេចក្រឡាហោម ដែលផ្ញើជូន កងកម្លាំងនគរបាលជាតិ មន្ត្រីរាជការស៉ីវិល និងមន្ត្រីពន្ធនាគារ គ្រប់លំដាប់ថ្នាក់នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល គ្រិស្តសករាជ ២០២១ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

សារជូនពរនេះ បានឲ្យដឹងថា តាងនាមថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងក្នុងនាមខ្លួនសម្តេចផ្ទាល់ សម្តេចសូមចូលរួមជាមួយកងកម្លាំងនគរបាលជាតិ មន្ត្រីរាជការស៉ីវិល និងមន្ត្រីពន្ធនាគារគ្រប់លំដាប់ថ្នាក់នៅទូទាំងព្រះរាជាណាចក្រកម្ពុជា អបអរសាទរទទួលស្វាគមន៍ឆ្នាំថ្មី ឆ្នាំសកល គ្រិស្តសករាជ ២០២១។ សម្តេចសូមយកឱកាសដ៏ថ្លៃថ្លានេះ សម្តែងនូវការកោតសរសើរ ប្រកបដោយមោទកភាពយ៉ាងក្រៃលែងចំពោះការលះបង់ដ៏ធំធេងរបស់កងកម្លាំងនគរបាលជាតិ មន្ត្រីរាជការស៉ីវិល ក៏ដូចជាមន្ត្រីពន្ធនាគារគ្រប់លំដាប់ថ្នាក់ ក្នុងការបំពេញភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងបេសកកម្មបម្រើជាតិ និងប្រជាជនយ៉ាងស្មោះស្ម័គ្រ ដោយបាននាំមកនូវជោគជ័យ និងសមិទ្ធផលធំៗជាច្រើន ក្នុងរយៈពេលពេញមួយឆ្នាំ២០២០ ។

សម្តេចក៏សូមវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តដ៏មោះមុតរបស់កងកម្លាំងនគរបាលជាតិ មន្ត្រីរាជការស៉ីវិល និងមន្ត្រីពន្ធនាគារទាំងអស់ ក្នុងបុព្វហេតុនៃការថែរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម និងការចូលរួមបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ប្រកបដោយការទទួលខុសត្រូវខ្ពស់ ចំពោះវិជ្ជាជីវៈ។ ជាក់ស្តែង ខណៈដែលរាជរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់ដោះស្រាយបញ្ហាប្រឈម និងផលប៉ះពាល់នានា ដែលបង្កឡើងដោយជំងឺកូវីដ-១៩ និងគ្រោះធម្មជាតិ ក្នុងរយៈពេលកន្លងទៅនេះ កងកម្លាំងនគរបាលជាតិ មន្ត្រីរាជការស៉ីវិល និងមន្ត្រីពន្ធនាគារគ្រប់លំដាប់ថ្នាក់ បានចូលរួមចំណែកយ៉ាងសស្រាក់សស្រាំក្នុងការបង្ការទប់ស្កាត់គ្រោះមហន្តរាយ ជួយសង្គ្រោះអាយុជីវិត និងការពារទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋក្នុងគ្រាជួបគ្រោះអាសន្ន ប្រកបដោយឆន្ទៈយ៉ាងក្លៀវក្លាមោះមុតជាទីបំផុត។ ផ្អែកលើតឹកតាងជាសារវន្តទាំងនេះ ស្តែងឲ្យឃើញថា ការធានាបានយ៉ាងរឹងមាំនូវសំន្តិភាព ស្ថិរភាព និងសន្តិសុខ សម្រាប់បម្រើដល់ការអភិវឌ្ឍសង្គមជាតិ ពិតជាមិនអាចកាត់ផ្តាច់បានឡើយ ពីការរួមចំណែកយ៉ាងសំខាន់ពីសំណាក់កងកម្លាំងនគរបាលជាតិ មន្ត្រីរាជការស៉ីវិល និងមន្ត្រីពន្ធនាគារនៅទូទាំងប្រទេស។

«ជាមួយនឹងការកោតសរសើរ ប្រកបដោយមោទកភាពនេះ ខ្ញុំក៏សូមអំពាវនាវដល់កងកម្លាំងនគរបាលជាតិ មន្ត្រីរាជការស៉ីវិល និងមន្ត្រីពន្ធនាគារគ្រប់លំដាប់ថ្នាក់ បន្តយកចិត្តទុកដាក់បំពេញភារកិច្ច និងបង្កើនស្មារតីម្ចាស់ការកាន់តែសកម្មផុសផុល សំដៅរួមគ្នាបង្កើតនូវសមិទ្ធផលធំៗ និងនាំមកនូវជោគជ័យថ្មីៗថែមទៀត ជូនជាតិ និងប្រជាជន ក្នុងឆ្នាំ២០២១»។ នេះជាការបញ្ជាក់របស់សម្តេចក្រឡាហោម ស ខេង៕