(ភ្នំពេញ)៖ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នាព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០នេះ បានដឹកនាំមន្ត្រី និងអ្នកបច្ចេកទេសទៅទស្សនកិច្ចនៅការដ្ឋានសាងសង់ «ពហុកីឡដ្ឋានជាតិមរតកតេជោ» ស្ថិតនៅសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ ដើម្បីសិក្សារៀបចំតភ្ជាប់បណ្តាញទូរគមនាគមន៍នៅតាមទីតាំងនានាក្នុងពហុកីឡដ្ឋានថ្មីនេះ។

ក្នុងដំណើរទស្សនកិច្ចនោះ លោករដ្ឋមន្ត្រី ជា វ៉ាន់ដេត និងក្រុមការងារបានស្វែងយល់បន្ថែមពីតម្រូវការនៃការតភ្ជាប់បណ្តាញទូរគមនាគមន៍ នៅទីតាំងពហុកីឡាដ្ឋាន អគាររដ្ឋបាល ភូមិកីឡា និងបរិវេណជុំវិញជាដើម។

ជាមួយគ្នានោះ ក្រសួងប្រៃសណីយ៍ក៏នឹងសិក្សារួមគ្នាជាមួយគណៈកម្មាធិការជាតិអូឡាំពិក និងគណៈកម្មាធិការសាងសង់ ដើម្បីតភ្ជាប់ខ្សែកាប្លិ៍អុបទិក ប្រព័ន្ធចែកចាយ សេវាអ៉ីនធឺរណេត សេវាទូរស័ព្ទ បំពាក់កាមេរ៉ាសុវត្ថិភាព និងបច្ចេកវិទ្យាឌីជីថលផ្សេងៗ ឱ្យបានគ្រប់គ្រាន់សម្រាប់បម្រើដល់អ្នកទស្សនា និងផ្សព្វផ្សាយការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (SEA Games) លើកទី៣២ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ នៅឆ្នាំ២០២៣ ខាងមុខនេះ៕