(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានបញ្ជាក់ថា នយោបាយយឈ្នះ-ឈ្នះ របស់ សម្តេចតេជោ ហ៊ុន សែន រយៈពេល២២ឆ្នាំមកនេះ គឺជាឱសថទិព្វ បង្កើតបាននូវសន្តិភាព ឯកភាពជាតិ ឯកភាពទឹកដី និងការអភិវឌ្ឍ ដែលបានបង្កើតឱកាសថ្មីៗបន្តបន្ទាប់សម្រាប់ប្រទេសកម្ពុជា។
ការបញ្ជាក់បែបនេះរបស់ សម្តេចពិជ័យសេនា ទៀ បាញ់ បានធ្វើឡើងនៅក្នុងពិធីផ្តល់បទសម្ភាសដល់ក្រុមអ្នកសារព័ត៌មាន ក្នុងពិធីចុះត្រួតពិនិត្យការដ្ឋានសាងសង់វិមានឈ្នះឈ្នះ ជំហានទី២ នៅរសៀល ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០នេះ ដែលចំនឹងខួប២២ឆ្នាំ នៃការដាក់ចេញនូវនយោបាយឈ្នះឈ្នះរបស់ សម្តេចតេជោ ហ៊ុន សែន ដើម្បីបញ្ចប់សង្គ្រាមស៊ីវិល ហើយនាំមកនូវសន្តិភាពពេញលេញនៅកម្ពុជា។
សម្តេចពិជ័យសេនា ទៀ បាញ់ បានបន្តថា ជាក់ស្តែងនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០នេះ គឺជាខួបគម្រប់ ២២ឆ្នាំ នៃការអនុវត្តនយោបាយឈ្នះឈ្នះ ដែលបាននាំមកនូវសន្តិភាព ការបង្រួមបង្រួមជាតិ និងការឯកភាពទឹកដី ហើយក៏ថ្ងៃដែលប្រទេសកម្ពុជា បានកសាងវិមានឈ្នះឈ្នះ រយៈពេល២ឆ្នាំផងដែរ។
សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់ថា៖ «កិច្ចការងារប្រវត្តិសាស្ត្រយោធា បានក្លាយជាកិច្ចការងារមួយដ៏មានសារសំខាន់បំផុតដែលជួយជំរុញ និងលើកតម្កើងនយោបាយឈ្នះឈ្នះ គឺបានចូលរួមបង្ហាញគុណតម្លៃឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀត ហើយប្រសិទ្ធភាពនយោបាយឈ្នះឈ្នះ វាបានគ្របដណ្តប់ពាសពេញគ្រប់ទិសទីទាំងអស់ ក្នុងប្រទេសកម្ពុជា»។
ជាមួយនឹងសុខសន្តិភាព ស្ថិរភាពពេញផ្ទៃប្រទេសនោះ សម្តេចពិជ័យសេនា ទៀ បាញ់ បានបន្តថា បើទោះបីប្រទេសកម្ពុជា កំពុងតែជួបវិបត្តិរាតត្បាតជំងឺកូវីដ-១៩ក្តី ប៉ុន្តែមិនបានរារាំងដល់ការងារជំរុញគុណតម្លៃសុខសន្តិភាព ដែលកម្ពុជាទទួលបាននៅរយពេល ២២ឆ្នាំមកនេះនោះទេ។
«រឿងនេះពេលវេលា មិនទាន់អនុញ្ញាតឱ្យខ្ញុំនិយាយគ្រប់គ្រាន់ទេ ប៉ុន្តែ គឺចាប់បាច់ណាស់ ដើម្បីខ្ញុំនិយាយឱ្យបងប្អូនមួយចំនួន ស្ថាប័នខ្លះ អ្នកខ្លះ មនុស្សខ្លះឱ្យយល់ច្បាស់អំពីប្រវត្តសាស្ត្រយោធាដែលយើង បាននឹងកំពុងធ្វើនេះ វាមានសារៈសំខាន់ខ្លាំងណាស់ មិនត្រឹមតែពង្រឹងអធិបតេយ្យភាព របស់ខ្លួនទេ តែវាជាការរួមចំណែកយ៉ាងខ្លាំងបំផុតគាស់រំលើងមកពីមនុញ្ញផលទាំងឡាយ នៃនយោបាយឈ្នះឈ្នះ»។ នេះជាគត់សម្គាល់បន្ថែមរបស់ សម្តេចពិជ័យសេនា ទៀ បាញ់។
បន្ថែមពីនេះសម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានអរគុណដល់ប្រជាពលរដ្ឋទាំងអស់ ដែលតែងតែបានចូលរួម និងគាំទ្រការអនុវត្តនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងន័យបន្តថែរក្សាសន្តិភាព និងការអភិវឌ្ឍដែលកម្ពុជាទទួលបានយ៉ាងលំបាក ដើម្បីភាពប្រសើរឡើងរបស់យើងទាំងអស់គ្នា៕