(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានថ្លែងថា ចម្លាក់នានានៅក្នុងបរិវេណសំណង់វិមានឈ្នះ-ឈ្នះ នឹងក្លាយជាថ្មសន្ទនាជាមួយកូនចៅជំនាន់ក្រោយ រំលឹកលើរឿងប្រវត្តិសាស្ត្ររបស់កម្ពុជា។
សម្តេចពិជ័យសេនា ទៀ បាញ់ ថ្លែងបែបនេះនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ ក្នុងឱកាសចុះពិនិត្យសួនសម្តេចតេជោ ក្នុងបរិវេណវិមានឈ្នះ-ឈ្នះ និងដើម្បីអុជធូបរំលឹកដល់អ្នកដែលបានបង់ជីវិត ដោយសារបុព្វហេតុប្រទេសជាតិក្នុងសម័យសង្គ្រាម។
សម្តេចពិជ័យសេនា បានថ្លែងបញ្ជាក់យ៉ាងដូច្នេះថា៖ «(ចម្លាក់) នៅវិមានឈ្នះ-ឈ្នះ របស់យើងនេះ មិនត្រឹមតែមកមើលទេ យើងខិតខំមកទុកមកដាក់ គឺដើម្បីទុកឯកសារ។ ឯកសារនេះ ជាឯកសាររស់ទៀតផង ដែលអាចឲ្យថ្មសន្ទនាជាមួយអ្នកមកមើល។ ថ្មហ្នឹងគឺវាឆ្លើយប្រាប់តែម្តងថា (រឿងប្រវត្តិសាស្ត្រ) វាយ៉ាងម៉េច»។
សម្តេចពិជ័យសេនា ទៀ បាញ់ បានថ្លែងទៀតថា សម្តេចមានមោទនភាពណាស់ ចំពោះនយោបាយឈ្នះ-ឈ្នះ ខណៈដែលពេលនេះ គឺជាការរំលឹកខួបលើកទី ២២ នៃនយោបាយឈ្នះ-ឈ្នះនេះ ដែលមានគុណតម្លៃយ៉ាងធំធេងសម្រាប់ប្រទេសជាតិ។ សម្តេចបន្ថែមថា គុណតម្លៃនៃគោលនយោបាយឈ្នះ-ឈ្នះ គឺនាំមកនូវសន្តិភាព និងនាំមកនូវការឯកភាពជាតិយ៉ាងពេញលេញតែម្តង។
សូមបញ្ជាក់ថា នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ គឺជាខួបគម្រប់២២ឆ្នាំ នៃការអនុវត្តនយោបាយឈ្នះ-ឈ្នះ ដែលបាននាំមកនូវសន្តិភាព ការបង្រួមបង្រួមជាតិ និងការឯកភាពទឹកដី ពុំដែលធ្លាប់កើតមានក្នុងរយៈពេលជាង ៥០០ឆ្នាំ នៃប្រវត្តិសាស្រ្តបែកបាក់ជាតិ និងសង្រ្គាមផ្ទៃក្នុង។
ជារួមនយោបាយយឈ្នះ-ឈ្នះ គឺជាឱសថទិព្វ បង្កើតបាននូវសន្តិភាព ឯកភាពជាតិ ឯកភាពទឹកដី និងការអភិវឌ្ឍដែលបានបង្កើតឱ្យមានកាលានុវត្តិភាពថ្មីមួយ សម្រាប់រដ្ឋាភិបាល របស់សម្តេចតេជោ ហ៊ុន សែន តាមរយៈការដាក់ចេញជាលើកដំបូងនូវនយោបាយយុទ្ធសាស្រ្តត្រីកោណ នាថ្ងៃទី០២ ខែធ្នូ ឆ្នាំ១៩៩៨ ក្នុងអាណត្តិទី២ នៃរដ្ឋសភា ហើយក៏បានបន្តពង្រីកនូវគោលនយោបាយ និងកម្មវិធីនយោបាយអភិវឌ្ឍជាតិរឹងមាំមានលក្ខណៈគ្រប់ជ្រុងជ្រោយ ក្នុងយុទ្ធសាស្រ្តចតុកោណជាបន្តបន្ទាប់រហូតមក៕