(ភ្នំពេញ)៖ ការដ្ឋានសាងសង់សណ្ឋាគារមួយកន្លែង ធ្វើការដោយមិនមានការប្រុងប្រយ័ត្ន បណ្តាលឱ្យដែកសរសៃថ្នាំងអំពៅ ទំហំ១៤លី មានប្រវែងប្រមាណ ៣ម៉ែត្រ ធ្លាក់ចំកញ្ចក់រថយន្ត ហើយទម្លុះត្រូវបុគ្គលិករបស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មម្នាក់ ធ្លាយត្រូវជើងទាំងសងខាង ពីកំភួនជើងខាងស្តាំទៅចំជើងឆ្វេងទៀត បណ្តាលឱ្យរងគ្រោះធ្ងន់ធ្ងរ ខណៈដែលកំពុងរៀបចំបើករថយន្តចេញ។

ហេតុការណ៍នេះបានកើតឡើងនៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០នេះ នៅចំណុចអគារលេខ០៧ ផ្លូវលេខ០៧ (ផ្លូវឧកញ៉ាស៊ូស្រ៊ុន) សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ដើម្បីចៀសវាងការបង្ករគ្រោះថ្នាក់ជាយថាហេតុនៅថ្ងៃក្រោយទៀតនោះ ប្រជាពលរដ្ឋនៅតំបន់នោះបានស្នើសុំឱ្យអាជ្ញាធរជួយអន្តរាគមន៍ ដោយពិន័យឱ្យបានធ្ងន់ធ្ងរ ណែនាំឱ្យការដ្ឋានសណ្ឋាគារនេះ ឱ្យចេះបង្កើនការប្រុងប្រយ័ត្នឱ្យខ្ពស់បន្ថែមទៀត ជៀសវាងការធ្វេសប្រហែល បង្ករឱ្យមានការប៉ះពាល់ដល់ទ្រព្យសម្បត្តិរបស់អ្នកដទៃ និងបង្ករជាគ្រោះថ្នាក់ជាយថាហេតុដូចនេះទៀត៕