(កណ្តាល)៖ លោកឧត្តមសេនីយ៍យោធាផ្កាយ៣ វិសុទ្ធ សំបូរ បានចេញមកធ្វើការបដិសេធ ភ្លាមៗចំពោះព័ត៌មានថា ជនសង្ស័យម្នាក់ដែលចូលរួមធ្វើសកម្មភាពលួចរថយន្ត ពីភ្នំពេញ ហើយត្រូវបានសមត្ថកិច្ច តាមបង្ក្រាបនៅស្រុកកៀនស្វាយ នាព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៦នេះ មិនមែនជាជំនួយការរបស់លោកនោះឡើយ។
លោកឧត្តមសេនីយ៍ វិសុទ្ធ សំបូរ បានប្រាប់ Fresh Newsថា «ខ្ញុំសូមបដិសេធថា ឈ្មោះនេះមិនមែនជាជំនួយការរបស់ខ្ញុំនោះឡើយ ហើយជននេះក៏មិនមែនជាមន្រ្តីយោធាដែរ គឺជាការយល់ច្រឡំ ក្រោយពីយើងបានឆែកមើលឈ្មោះនេះរួចមក»។
សូមបញ្ជាក់ថា នៅព្រឹកថ្ងៃនេះកម្លាំងសមត្ថកិច្ចបានតាមបង្ក្រាប និងចាប់ខ្លួនចោរលួចរថយន្តពីភ្នំពេញ ដល់ស្រុកកៀនស្វាយដែលជនសង្ស័យទី១ឈ្មោះ ហេង សុជាតិ ហៅម៉ៅ អាយុ៣៤ឆ្នាំ រស់នៅភូមិថ្មី ឃុំខ្សាម ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង មុខរបរមិនពិតប្រាកដ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបាន និងទី២ឈ្មោះ ចក់ រត់គេចខ្លួនបាត់។
ដោយឡែក ជនរងគ្រោះមានឈ្មោះ សួង រ៉ន អាយុ៣២ឆ្នាំ ស្រុកកំណើតនៅភូមិត្រពាំងសាប ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ បច្ចុប្បន្នស្នាក់នៅផ្ទះលេខ៦៧០BC ផ្លូវ២៧១ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌមានជ័យ។
ភ្នាក់ងារ Fresh News បានរាយការណ៍ថា មុនពេលកើតហេតុ ជនរងគ្រោះបានទុករថយន្តរបស់ខ្លួនម៉ាក ហ៊ីយ៉ាន់ដាយផតធឺ ពណ៌ស ស្ថិតនៅចំណុច បណ្ណាគារសេនសឺ ផ្ទះ៦៧០BC ផ្លូវ២៧១ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ស្រាប់តែជនល្មើសទាំង២នាក់ ជិះរថយន្តមួយគ្រឿងម៉ាក Camry Hybrid ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ2V-0220 មកធ្វើសកម្មភាពលួចរថយន្ត ប៉ុន្តែជនរងគ្រោះចាប់តាម Camera ក៏ដឹងថា ក្រុមជនល្មើសទាំង២នាក់ បើកសំដៅទៅកៀនស្វាយ ក៏ប្តឹងទៅសមត្ថកិច្ចតាមចាប់តែម្តង៕