(កណ្តាល)៖ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០នេះ បានបើកការដ្ឋានជួសជុលផ្លូវមួយខ្សែនៅភូមិព្រែកដំរោង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ដោយត្រូវចាក់បេតុង និងអ៊ុតកៅស៊ូ AC ពីលើ ដែលផ្លូវនេះមានប្រវែង ៨៥០ ម៉ែត្រ និងទទឹង ១០ ម៉ែត្រ។

ការជួសជុលផ្លូវនេះធ្វើឡើងក្រោយពីមានសំណើពីប្រជាពលរដ្ឋនៅសង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ដែលបានស្នើសុំទៅកាន់លោកអភិបាលខេត្ត នៅក្នុងវេទិកាពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត កាលពីពេលកន្លងទៅ។

នាឱកាសនោះ លោកអភិបាលខេត្តបានលើកឡើងថា ខេត្តកណ្តាលបច្ចុប្បន្ននេះ ពីមួយថ្ងៃទៅមួយថ្ងៃមានការអភិវឌ្ឍលើវិស័យហេដ្ឋារចនាសម្ព័ន្ធជាច្រើន និងជាបន្តបន្ទាប់ រដ្ឋបាលខេត្តបាននិងកំពុងប្រឹងប្រែងកសាង និងជួសជុលផ្លូវក្នុងខេត្តទាំងនៅទីក្រុង និងនៅជនបទឱ្យមានភាពប្រសើរឡើង។

លោកបានបន្ថែមទៀតថា នេះជាសកម្មភាពមួយដោយអនុវត្តតាមគោលនយោបាយជាតិ ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី ដែលតែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់ពេលវេលា ដោយផ្តោតសំខាន់លើមនុស្ស ទឹក ផ្លូវ ភ្លើង។ ផ្លូវនេះពិតជាមានសារៈសំខាន់ណាស់ សម្រាប់ប្រជាពលរដ្ឋក្នុងតំបន់អាចធ្វើដំណើឆ្លងកាត់ ឬដឹកជញ្ជូនកសិផលទៅកាន់ទីផ្សាតាមផ្លូវនេះបានយ៉ាងងាយស្រួល។

លោកអភិបាលខេត្តក៏បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ ដែលបានលើកឡើងតាមរយៈវេទិកាពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តនូវបញ្ហាផ្លូវលំបាកធ្វើដំណើរ សម្រាប់ឱ្យក្រុមការងារកសាងផែនការដាក់បញ្ចូលសំណើនេះចូលទៅក្នុងកម្មវិធីវិនិយោគខេត្ត ដើម្បីបានអនុវត្តគម្រោងឆ្លើយតបទៅ និងតម្រូវការរបស់ប្រជាពលរដ្ឋ។

លោកអភិបាលខេត្តបានស្នើសុំដល់ប្រជាពលរដ្ឋដែលប្រើប្រាស់ផ្លូវមេត្តាជួយថែរក្សាផ្លូវ ចៀសវាងការកាប់កាយផ្លូវ កុំដឹកលើសទម្ងន់ ដែលនាំឱ្យផ្លូវឆាប់ខូចវិញ។ ក្រៅពីនេះ លោក គង់ សោភ័ណ្ឌ ក៏បានក្រើនរំលឹកប្រជាពលរដ្ឋត្រូវមានស្មារតីប្រុងប្រយត្ន័ នឹងជំងឺឆ្លងផ្សេងៗ និងសូមឱ្យមើលថែទាំកូនចៅតូចៗ រស់នៅប្រកបដោយអនាម័យ ផឹកស្អាត ហូបស្អាត ពិសេសរួមគ្នាអនុវត្តទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីបង្កាទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ ជៀសឱ្យឆ្ងាយពីគ្រឿងញៀន ល្បែងស៊ីសងផ្សេងៗផងដែរ៕