(ពោធិ៍សាត់)៖ ដោយសារសកម្មភាពកាប់រានទន្ទ្រានដីព្រៃធ្វើជាកម្មសិទ្ធិ និងលក់ឱ្យជនចំណាកស្រុកនៅតំបន់អូរសោម ឃុំអូរសោម ស្រុកវាលវែង ចេះតែបន្តមាន ទើបអភិបាលខេត្តពោធិ៍សាត់ លោក ម៉ៅ ធនិន បានអំពាវនាវដល់ប្រជាពលរដ្ឋក្នុងតំបននេះត្រូវតែបញ្ឈប់ និងដកខ្លួនចេញពីសកម្មភាពល្មើសច្បាប់នេះជាបន្ទាន់ បើមិនដូច្នោះទេ អាជ្ញាធរខេត្តនឹងចាត់ការតាមផ្លូវច្បាប់។
ការអំពាវនាវរបស់លោកអភិបាលខេត្តពោធិ៍សាត់ខាងលើនេះ បានធ្វើឡើងនាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០នេះ ក្នុងឱកាសចុះជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋមកពី ៦ ភូមិ ក្នុងឃុំអូរសោម ដែលមានចំនួនសរុប ៨៩៧ នាក់ (៤ ទីតាំងផ្សេងគ្នា)។
នាឱកាសនោះ លោក ម៉ៅ ធនិន បានលើកឡើងថា នាពេលថ្មីៗនេះ សម្តេចតេជោ ហ៊ុន សែន បានសម្រេចកាត់ឆ្វៀលដីជូនប្រជាពលរដ្ឋក្នុងស្រុកវាលវែង ដែលអាស្រ័យផលជាក់ស្តែងយូរឆ្នាំមកហើយ ហើយដើម្បីអនុវត្តកិច្ចការងារនេះឱ្យរលូនទៅដោយជោគជ័យ លោកអភិបាលខេត្តបានបង្កើតគណៈកម្មការខេត្តចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ជុំវិញដីទាំងឡាយណាដែលទើបនឹងកាប់រានថ្មី និងប៉ះពាល់ក្នុងដែនការពារបរិស្ថាន ជៀសវាងកុំឱ្យជនឆ្លៀតឱកាសយករឿងដីធ្លីធ្វើឱ្យមានការដាក់ទោសទណ្ឌមកលើប្រជាពលរដ្ឋក្នុងតំបន់។
លោកបានបន្តថា ការចង់បានត្រូវមានកម្រិត តែបើការចង់បាននោះជាអំពើខុសនឹងច្បាប់ បុគ្គលសាមីនឹងទទួលទោសទៅតាមបទល្មើសរបស់ខ្លួន។ លោកបានស្នើដល់អាជ្ញាធរស្រុក ឃុំ ភូមិ ត្រូវពិនិត្យជាក់ស្តែងចំពោះប្រជាពលរដ្ឋរបស់ខ្លួន ដែលស៊ីឈ្នួលជាកម្មករគេ មានដីធ្វើផ្ទះ តែគ្មានដីអាស្រ័យផល អ្នកទាំងនោះអាចនឹងត្រូវផ្តល់លទ្ធភាពមុនគេ។
អ្វីដែលលោកអភិបាលខេត្តចង់សង្កត់ធ្ងន់ នោះគឺការអំពាវនាវដល់ប្រជាពលរដ្ឋក្នុងតំបននេះត្រូវតែបញ្ឈប់ និងដកខ្លួនចេញពីសកម្មភាពល្មើសច្បាប់នេះជាបន្ទាន់ បើមិនដូច្នោះទេ អាជ្ញាធរខេត្តនឹងចាត់ការតាមផ្លូវច្បាប់ជាក់ជាមិនខាន។
ក្រៅពីលើកឡើងអំពីករណីដីធ្លីខាងលើនេះ លោក ម៉ៅ ធនិន ក៏បានប្រាប់ប្រជាពលរដ្ឋបន្ថែមថា គឺក្នុងនាមជាថ្នាក់ដឹកនាំរដ្ឋបាលខេត្ត និងក្នុងនាមក្រុមគ្រួសារតែមួយ ដើម្បីរួមសុខរួមទុក្ខជាមួយគ្នា ហើយឃុំអូរសោម គឺជាឃុំដំបូងគេបង្អស់ ដែលលោកមានការចាប់អារម្មណ៍ខ្ពស់ ចាប់តាំងពីលោកបានមកដឹកនាំយន្តការក្នុងខេត្តពោធិ៍សាត់ បានរយៈពេលជាង ៦ ឆ្នាំកន្លងមកនេះ។
ថ្វីដ្បិតព្រឹត្តិការណ៍សហគមន៍កម្ពុជា ២៨ វិច្ឆិកា ត្រូវបានបិទបញ្ចប់ក៏ពិតមែន ក៏ប៉ុន្តែព្រឹត្តិការណ៍សហគមន៍ថៃ នាថ្ងៃទី២០ ធ្នូ នៅតែជាចំណោទបញ្ហា។ ជាមួយគ្នានោះ លោកបានប្រាប់ដល់ប្រជាពលរដ្ឋ ដែលមានបងប្អូនទើបនឹងវិលត្រឡប់មកពីប្រទេសថៃ ត្រូវណែនាំពួកគាត់ឱ្យចូលរួមធ្វើចត្តាឡីសក្តិទាំងអស់គ្នា ដោយឡែកប្រជាពលរដ្ឋទូទាំងខេត្ត និយាយជារួម និងនិយាយដោយឡែក ប្រជាពលរដ្ឋក្នុងឃុំអូរសោមនេះផ្ទាល់តែម្តង ត្រូវអនុវត្តតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល ជៀសវាងការឆ្លងចូលដល់សហគមន៍។
សូមជម្រាបថា អំណោយដែលត្រូវចែកជូនប្រជាពលរដ្ឋសរុប ៨៩៧ នាក់ចំនួនខាងលើ ក្នុងម្នាក់ៗទទួលបានអង្ករ ២០គីឡូក្រាម ភួយ ១ ទឹកត្រី ២ដប និងទឹកស៊ីអ៉ីវ ២ដប៕