(ភ្នំពេញ)៖ ដំណឹងដ៏មហារីករាយរបស់ប្រជាជនកម្ពុជា ត្រូវបានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ប្រកាសនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ថា នៅពេលនេះ កម្ពុជាបានចាប់ផ្តើមទទួលតំណក់ប្រេងលើកដំបូងរបស់ខ្លួនហើយ ក្រោយទន្ទឹងរង់ចាំអស់រយៈកាលដ៏យូរកន្លងមក។
ទីតាំងដែលកម្ពុជា ទទួលតំណក់ប្រេងលើកដំបូងនោះ ស្ថិតនៅតំបន់ប្លុក A នៃឈូងសមុទ្រកម្ពុជា ដោយក្រុមហ៊ុន Kris Energy ដែលបានខួងប្រេងចេញពីបាតសមុទ្រ ក្នុងខេត្តព្រះសីហនុ ហើយដូច្នេះចាប់ពីថ្ងៃនេះតទៅ កម្ពុជាបានក្លាយជាប្រទេសផលិតប្រេងមួយ ក្នុងចំណោមប្រទេសមួយចំនួនតូច នៅលើពិភពលោក។
កាន់តែពិសេសទៀតនោះ ការចាប់ផ្តើមបូមប្រេងជាលើកដំបូងនេះ ចំថ្ងៃខួបលើកទី២២ នៃការបញ្ចប់សង្រ្គាម នាំមកនូវការឯកភាពជាតិ ឯកភាពទឹកដី តាមរយៈនយោបាយ ឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ដែលជាប្រមុខដឹកនាំដ៏ឆ្នើមបំផុតរបស់កម្ពុជា។
បន្ទាប់ពីទទួលដំណឹងដ៏រីករាយនៃការទទួលបានតំណក់ប្រេងលើកដំបូងនេះ ទទួលបានការសាទរ និងរីករាយយ៉ាងខ្លាំង របស់ប្រជាពលរដ្ឋកម្ពុជា។
លោក ម៉ា សាម៉ន ដែលមានស្រុកកំណើត នៅខេត្តស្វាយរៀង បច្ចុប្បន្នកំពុងប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៅរាជធានីភ្នំពេញ បានបង្ហាញនូវការគាំទ្រ និងមានការសប្បាយចិត្ដជាខ្លាំង ដែលកម្ពុជាផលិតប្រេងបាន ហើយនឹងធ្វើឲ្យកម្ពុជា កាន់តែរីកចម្រើនខ្លាំងបន្ថែមទៀត។
លោក ម៉ា សាម៉ន បានឲ្យដឹងថា ការទទួលបានជោគជ័យរបស់កម្ពុជា នៅពេលនេះ ក៏ដោយសារតែមានការដឹកនាំដ៏ត្រឹមត្រូវ ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ហើយលោកចាត់ទុកសម្ដេចតេជោ ប្រៀបដូចជាឪពុក ដែលធ្វើឲ្យកូនចៅមានការសប្បាយចិត្ដ។
ដោយឡែកលោក ប៉ូ លីន មុខរបររត់កង់បី (Passapp) នៅរាជធានីភ្នំពេញ និងមានស្រុកកំណើត នៅខេត្ដព្រៃវែង បានឲ្យដឹងថា បើសិនជា នៅស្រុកខ្មែរផលិតបាន គឺវាល្អប្រសើរ និងសូមឲ្យប្រេងមានចុះថោក ហើយជីវភាពប្រជាពលរដ្ឋ ក៏កាន់តែល្អប្រសើរផងដែរ។
លោក ប៉ូ លីន បានប្រាប់ថា ក្នុងនាមលោកជាប្រជាពលរដ្ឋខ្មែរមួយរូប ពិតជាមានការត្រេកអរជាខ្លាំង ដែលប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន អាចផលិតប្រេងបាន ដោយខ្លួនឯងនេះ។
លោក ប៉ូ លីន បាននិយាយថា «ខ្ញុំព្រឺលក្បាល ឲ្យតែនិយាយអំពីការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ព្រោះថា សម្ដេចបានប្រឹងប្រែងខ្លាំងមែនទែន ក្នុងការដឹកនាំប្រទេសជាច្រើនឆ្នាំមកនេះ ហើយសម្ដេចក៏បានលើកស្ទួយប្រទេសកម្ពុជា មានការលូតលាស់រីកចម្រើន លើគ្រប់វិស័យ»។
ដោយការស្រលាញ់ និងការពេញចិត្ដ លោកបានប្រាប់ថា «ខ្ញុំពេញចិត្ដនឹងការដឹកនាំ របស់សម្ដេចតេជោ ហ៊ុន សែន ហើយអនាគតចង់ឲ្យសម្ដេច ដឹកនាំប្រទេសកម្ពុជា ជាបន្ដបន្ទាប់ទៀត ដើម្បីដឹកនាំប្រទេសកម្ពុជា ឲ្យកាន់តែរីកចម្រើន និងប្រជាពលរដ្ឋ មានជីវភាពធូរធារទាំងអស់គ្នា»។
លោក ផាត់ ឡាវី មេការសំណង់កំពុងធ្វើនៅរាជធានីភ្នំពេញ ក៏បានឲ្យដឹងផងដែរថា នៅពេលដែលកម្ពុជា អាចផលិតប្រេងបានដោយខ្លួនបែបនេះ លោកយល់ឃើញថា អាចជួយសេដ្ឋកិច្ចរបស់កម្ពុជា និងអាចឲ្យផលិតផលិតផលដោយខ្លួនឯង ដែលធ្វើឲ្យសេដ្ឋកិច្ច កាន់តែរីកចម្រើនមួយកម្រិតទៀត។
លោកថា លើសពីនោះទៀត ក៏វាអាចជួយដល់អ្នក ដែលរកស៊ីខាងដឹកជញ្ជូន អាចជួយសម្រាលកាន់តែធូរថ្លៃ ក្នុងការដឹកជញ្ជូន និងអាចច្នៃទៅជារោងចក្រអ្វីផ្សេងៗ ដែលអាចធ្វើឲ្យមានអ្នកវិនិយោគិន ចូលមកវិនិយោគនៅកម្ពុជា កាន់តែច្រើនផងដែរ។
ជាមួយគ្នានេះ លោកស្រី វណ្ណា អ្នកលក់នំបញ្ចុកនៅតាមបណ្តោយផ្លូវ ៥៩៨ និងលោក ជៀប ម៉ាក់ ជាជាងរថយន្តមួយរូប ក៏បានសម្ដែងនូវពេញចិត្ដ និងរីករាយដូចគ្នា ក្រោយពីទទួលទទួលដំណឹងថា កម្ពុជាបានចាប់ផ្តើមទទួលតំណក់ប្រេង លើកដំបូង ដោយពួកគាត់យល់ថា វានឹងជួយដល់សេដ្ឋកិច្ចជាតិទាំងមូល ហើយពួកគាត់កោតសរសើរនូវការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ទើបកម្ពុជាក្លាយជាប្រទេសផលិតប្រេងបានបែបនេះ។
សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន បានប្រកាសពីជោគជ័យ នៃការបូមប្រេងលើកដំបូងរបស់កម្ពុជា នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០។ សម្តេចចាត់ទុកថា នេះជាការចាប់ផ្ដើមមួយជំហានដំបូង ដ៏សំខាន់សម្រាប់កម្ពុជា ឆ្ពោះទៅបង្កើតបាននូវសមត្ថភាពជាតិ និងខឿនឧស្សាហកម្មប្រេងកាត ឧស្ម័ន និងថាមពលនៅកម្ពុជា។ ផលប្រយោជន៍សំខាន់ៗ ដែលកម្ពុជាទទួលបាន រួមមាន៖ ចំណូលថវិកាជាតិ ផលសេដ្ឋកិច្ច ទទួលបានពីការបង្កើតបាន នូវពិពិធកម្មខឿនឧស្សាហកម្ម ក្នុងវិស័យប្រេងកាត និងការកសាងសមត្ថភាពជាតិ។
ការរកឃើញ និងអាជីវកម្មធនធានរ៉ែប្រេងនៅកម្ពុជា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល គឺជាពរជ័យសម្រាប់ប្រជាជន និងប្រទេសជាតិ មិនមែនជាបណ្តាសារ ដូចការលើកឡើងរបស់ជនអគតិមួយចំនួននោះទេ៕