(ភ្នំពេញ)៖ កម្លាំងនគរបាលការិយាល័យ ព្រហ្មទណ្ឌកំរិតស្រាល ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ សហការជាមួយនគរបាល ការិយាល័យព្រហ្មទណ្ឌខេត្តសៀមរាប បានបើកប្រតិបត្តិការរួមគ្នា តាមចាប់ក្រុមក្មេងទំនើង៧នាក់ ដែលធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះម្នាក់ បណ្តាលឲ្យដាច់សាច់ក្បាលទាំងដុំៗ កាលពីដើមខែមករា ឆ្នាំ២០១៦ ស្ថិតនៅខណ្ឌពោធិ៍សែនជ័យ ដែលជនសង្ស័យម្នាក់ ត្រូវបានចាប់ខ្លួននៅខេត្តសៀមរាប ហើយបន្តតាមចាប់ខ្លួនជនដៃដល់ជាបក្ខពួក៦នាក់ផ្សេងទៀតនៅរាជធានីភ្នំពេញ។
មន្រ្តីនគរបាលការិយាល័យព្រហ្មទណ្ឌកំរិតស្រាល បានប្រាប់អង្គភាព Fresh News នៅរសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៦នេះថា ជនដៃដល់ទាំងនេះត្រូវបានចាប់ខ្លួនដលខេត្តសៀមរាប។
សូមបញ្ជាក់ថា នៅរសៀលថ្ងៃទី៥ ខែមករា ឆ្នាំ២០១៦ មានករណី ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ដោយប្រើអាវុធ (កាំបិត និងដាវកែច្នៃ) និងដោយសារមានមនុស្សច្រើននាក់ កាប់ទៅលើជនរងគ្រោះបណ្តាលឲ្យរបួសធ្ងន់ធ្ងរ) និងធ្វើឲ្យខូចខាតដោយចេតនា (កាប់ម៉ូតូ) នៅចំណុចហាងតែគុជហានីមៀល ភូមិថ្នល់បំបែក សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដែលបង្កឡើងដោយជនសង្ស័យចំនួនមួយក្រុមមានគ្នាប្រហែល១៤នាក់ និងម៉ូតូ៥គ្រឿង។ បន្ទាប់ពីមានសភាពការខាងលើ លោកឧត្តមសេនីយ៍ឯក អគ្គស្នងការរង និងជាស្នងការ នគរបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ សុង លី ស្នងការរង ជាប្រធានការិយាយកណ្តាលនគរបាលព្រហ្មទណ្ឌបានបញ្ជាដឹកនាំឲ្យ ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលសហការជាមួយសមត្ថកិច្ចនគរបាលខណ្ឌពោធិ៍សែន ស្រាវជ្រាវកំណត់មុខសញ្ញានេះបាន ហើយឈានទៅដល់ការចាប់ខ្លួនបានជាបន្តបន្ទាប់នៅខេត្តសៀមរាប។ នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៦ ការិយាល័យនគរបាលកំរិតស្រាលរាជធានីភ្នំពេញ សហការជាមួយ ការិយាល័យព្រហ្នទណ្ឌកំរិតស្រាល ខេត្តសៀមរាប បានស្រាវជ្រាវកំណត់មុខសញ្ញា ឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យឈ្មោះ ព្រាប ឡៃហេង អាយុ១៧ឆ្នាំ នៅចំណុចផ្លូវលំ ភូមិ តាវៀន ក្រុមទី ១ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប តាមដីកាបញ្ជាឲ្យចូលខ្លួនលេខ ៣៦/២០១៦ ចុះថ្ងៃទី ១៣ ខែកុម្ភៈ ២០១៦។
បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យឈ្មោះ ព្រាប ឡៃហេង បានសារភាពថា មានគ្នាជនសង្ស័យប្រហែល១៤ នាក់ ជិះម៉ូតូ៥គ្រឿង ដែលធ្វើសកម្មភាពជាមួយខ្លួន ហើយបានបន្តឃាត់ខ្លួនបាន៦នាក់ ដូចខាងក្រោមទី១-ឈ្មោះ លី ណាឃីម ហៅឈឹម អាយុ១៧ឆ្នាំ ទី២ឈ្មោះ ម៉ន សំណាង ហៅឡោះ អាយុ១៧ឆ្នាំ ទី៣ឈ្មោះ បាន ពិសិដ្ឋ អាយុ២០ឆ្នាំ ទីឈ្មោះ នួន រិទ្ធិដាវីត ហៅអូ អាយុ១៧ឆ្នាំ ទី៥ឈ្មោះ មាន ស៊ុនហេង អាយុ១៧ឆ្នាំ និងទី៦ឈ្មោះ សូល រតនាសំបូរ អាយុ១៥ឆ្នាំ។ ចំណែកជនសង្ស័យ៧នាក់ ទៀតបានរត់គេចខ្លួនបាត់ ការិយាល័យ ព្រហ្មទណ្ឌកំរិតស្រាល កំនត់អត្តសញ្ញាណបាន កសាងសំណុំរឿង និងបញ្ជូនដើម្បីចាត់ការតាមនិតិវីធី៕