(ភ្នំពេញ)៖ ក្រុមមេធាវីកម្ពុជាសហប្រតិបតិ្តការអន្តរជាតិ និងវិភាគទានច្បាប់ បានចុះអនុស្សារណៈនៃការយោគយល់គ្នា ស្តីពីការបណ្តុះបណ្តាល និងការផ្សព្វផ្សាយច្បាប់ សម្រាប់រយៈពេលមួយឆ្នាំពេញ គឺនៅឆ្នាំ២០២១។ ការចុះអនុស្សារណៈនៃការយោគយល់គ្នារវាងស្ថាប័នច្បាប់ទាំងពីរ បានធ្វើឡើងនៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ នៅការិយាល័យរបស់ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ។
លោកមេធាវី លី រដ្ឋធី ប្រធានក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ នៅក្នុងឱកាសនៃពិធីចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់ បានថ្លែងថា កិច្ចសហការរវាងស្ថាប័នច្បាប់ទាំងពីរនេះ គឺជាព្រឹត្តិការណ៍ថ្មីមួយទៀត ក្នុងការពង្រឹងសមត្ថភាពដល់មេធាវី សមាជិក សមាជិកា នៃក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ និងបុគ្គលិកក្រុមហ៊ុនដៃគូមួយចំនួនទៀតរបស់ក្រុមមេធាវី ពាក់ព័ន្ធនឹងវិស័យច្បាប់រដ្ឋប្បវេណី ដែលជាមូលដ្ឋានគ្រឹះមួយក្នុងការលើកកម្ពស់គុណភាពចំណេះដឹងនៃការបំពេញការងារ និងប្រកបវិជ្ជាជីវៈមេធាវី។ ការចុះអនុស្សារណៈ នៃយោគយល់រវាងស្ថាប័នច្បាប់ទាំងពីរនេះ ក៏បង្ហាញអំពីគុណតម្លៃនៃកិច្ចសហការ និងជួយគ្នាទៅវិញទៅមក ក្នុងក្របខណ្ឌវិជ្ជាជីវៈផងដែរ។
លោកមេធាវីបានគូសបញ្ជាក់បន្ថែមទៀតថា ការពង្រឹងសមត្ថភាពរបស់មេធាវី និងសមាជិក សមាជិកានៃក្រុមមេធាវី គឺជាផ្នែកមួយនៃផែនការយុទ្ធសាស្រ្តរបស់ក្រុមមេធាវី ក្នុងការអភិវឌ្ឍក្រុមមេធាវី ក៏ដូចជាពង្រឹងគុណភាពនៃការផ្តល់សេវាកម្មផ្នែកច្បាប់ របស់ក្រុមមេធាវីជូនអតិថិជនទៀតផង។
លោកស្រីមេធាវី ទេព បូផល ជាតំណាង និងសហស្ថាបនិកវិភាគទានច្បាប់ បានលើកឡើងថា វិភាគទានច្បាប់ត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០១៥ ដោយផ្តោតសំខាន់លើការបណ្តុះបណ្តាលច្បាប់ពាក់ព័ន្ធនឹងវិស័យរដ្ឋប្បវេណី។ កន្លងមក វិភាគទានច្បាប់ បានរៀបចំការបណ្តុះបណ្តាលបានចំនួន ៤ជំនាន់ ហើយភាគច្រើននៃអ្នកចូលរួម មានដូចជា មេធាវី ក្រឡាបញ្ជី និងនិស្សិតជាដើម ហើយអ្នកដែលទទួលបានការបណ្តុះបណ្តាលពីវិភាគទានច្បាប់មួយចំនួន ក៏បានក្លាយខ្លួនទៅជាអ្នកដែលមានអាជីពវិជ្ជាជីវៈផ្នែកច្បាប់ផងដែរ។
លោកស្រីមេធាវីបន្ថែមទៀតថា សម្រាប់ការចុះអនុស្សារណៈនៃការយោគយល់ជាមួយក្រុមមេធាវីកម្ពុជាសហប្រតិបត្តិអន្តរជាតិ គឺជាទំព័រថ្មីមួយសម្រាប់វិភាគទានច្បាប់ នៅក្នុងបេសកកម្មផ្សព្វផ្សាយច្បាប់។ ការចែករំលែកតាមក្រុម ឬបណ្តុំមនុស្សមួយក្រុម គឺជាការចែករំលែកប្រកបដោយផ្លែផ្កា ពីព្រោះអាចបង្រួមបញ្ហាឲ្យកាន់តែតូច ដែលអាចមើលឃើញ និងមានពេលវេលាគ្រប់គ្រាន់ក្នុងការស្វែងយល់បញ្ហាណាមួយឱ្យកាន់តែច្បាស់៕