Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលរងខេត្តប៉ៃលិន៖ អត្រាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទនៅខេត្តប៉ៃលិន មានការកើនឡើងបើធៀបនឹងឆ្នាំ២០១៩

29-12-2020 17:28

(ប៉ៃលិន)៖ លោក ឃ្លោក នួយ អភិបាលរងខេត្តប៉ៃលិន បានថ្លែងថា អត្រាវិស័យសេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទនៅក្នុងខេត្តប៉ៃលិន នៅក្នុងឆ្នាំ២០២០នេះ មានការកើនឡើង បើប្រៀបធៀបនឹងឆ្នាំ២០១៩ ស្របពេលដែលស្ថានភាពប្រទេសជាតិ កំពុងតែបន្តប្រយុទ្ធប្រឆាំងនឹងការចម្លងរីករាលដាលនៃជំងឺកូវីដ១៩ និងការដោះស្រាយផលប៉ះពាល់នានា ដែលបណ្តាលមកពីវិបត្តិជំងឺនេះ។

លោក ឃ្លោក នួយ បានថ្លែងយ៉ាងដូចនេះនាព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០នេះ ក្នុងឱកាសតំណាងឱ្យស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន អញ្ជើញជាអធិបតី ក្នុងទិវាជាតិលើកកម្ពស់អនាម័យជនបទលើកទី១១ ឆ្នាំ២០២០ ក្រោមប្រធានបទ៖ អនាម័យ និងការសម្អាតសម្រាប់អ្នកទាំងអស់គ្នា និងដោយមានការចូលរួមពីប្រជា ពលរដ្ឋជាច្រើននាក់ផងដែរ។

លោក ឃ្លោក នួយ បានបន្តថា រាជរដ្ឋាភិបាលកម្ពុជាដែលសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ បានយកចិត្តទុកដាក់ចំពោះអនាម័យជនបទ ពីព្រោះស្ថានភាព អនាម័យជនបទ គឺជាបញ្ហាប្រឈមដ៏ធំមួយក្នុងវិស័យសុខភាពសាធារណៈរបស់ប្រជាពលរដ្ឋនៅតាមសហគមន៍ លើការប្រតិបត្តិអនាម័យឱ្យបានជាប្រចាំ ដើម្បីឈាន ទៅរកធ្វើការផ្លាស់ប្តូរទម្លាប់ ពីការរស់នៅគ្មានអនាម័យឲ្យក្លាយទៅជាការរស់នៅមានអនាម័យ ក្នុងការលើកកម្ពស់វិស័យសុខភាពសាធារណៈ និងជីវភាពរស់នៅ របស់ពលរដ្ឋឲ្យមានភាពប្រសើរឡើង នៅតាមសហគមន៍ជនបទ។

លោក ឃ្លោក នួយ ក៏បានណែនាំដល់មន្ទីរ អង្គភាព និងជំនាញពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ត្រូវបន្តចូលរួមយ៉ាងយកចិត្តទុកដាក់ក្នុងការផ្សព្វផ្សាយ និងបំផុសការ យល់ដឹងអំពីអនាម័យជនបទ ជាពិសេសនៅតាមតំបន់ទីជនបទដាច់ស្រយ៉ាល។ ជាមួយនោះលោកក៏បបានជំរុញឱ្យប្រជាពលរដ្ឋត្រូវយកចិត្តទុកដាក់ខ្ពស់ចំពោះអនាម័យ និងការរស់នៅស្អាតជាប្រចាំ បើទោះបីជាអត្រាវិស័យសេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទមានការកើនឡើង។

បើតាមរបាយការណ៍របស់លោក ហ៊ត ឬទ្ធី ប្រធានមន្ទីរអភិឌ្ឍនជនបទខេត្តប៉ៃលិន បានឱ្យដឹងថា ខេត្តប៉ៃលិនស្ថិតក្នុងបរិបទកូវីដ១៩ អត្រាអនាម័យជនបទ មានការកើនដល់ ៧៣% (ខ្នងផ្ទះប្រើប្រាស់បង្គន់ ១១.២៣៨ខ្នងផ្ទះ បើធៀបឆ្នាំ២០១៩ កើនបាន ៥៦៧ខ្នងផ្ទះ ស្មើ៤%) និងអត្រាសេវាផ្គត់ផ្គង់ទឹកស្អាតកើនដល់ ៦៧% (បើធៀបឆ្នាំ២០១៩ កើនបាន ៥%) គិតត្រឹមចុងឆ្នាំ២០២០នេះ៕