(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រី ទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០នេះ បានផ្ញើលិខិតមួយច្បាប់ សូមអបអរសាទរ និងជូនពរសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ចំពោះសមិទ្ធផលប្រវត្តិសាស្ត្រីថ្មី នៃនយោបាយឈ្នះឈ្នះ គឺការទទួលបានដំណក់ប្រេងលើកដំបូង។
ក្នុងនាមថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល សូមអបអរសាទរដោយស្មោះអស់ពីដួងចិត្តចំពោះសមិទ្ធផលថ្មីនៃនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ដែលបង្ហាញចេញជាផ្លែផ្កាក្នុងថ្ងៃនេះ។ ក្តីស្រមៃជាយូរមកហើយបានក្លាយ ជាការពិតក៏អាស្រ័យ ដោយសន្តិភាពយូរអង្វែង ដែលសម្តេចតេជោ បានកសាង និងថែរក្សាដោយយកជីវិតជាដើមទុន លើសពីនេះទៅទៀតការដឹកនាំដ៏ភ្លឺស្វាងបានផ្តល់នូវទំនុកចិត្តសម្រាប់វិនិយោគិនជាតិ និងអន្តរជាតិ
ក្នុងការដាក់ទុនដ៏សន្ធឹកសន្ធាប់ និងជាបន្តបន្ទាប់ សម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ។
ជាក់ស្តែងទោះជាវិស័យប្រេងកាត ដែលត្រូវការវិនិយោគខ្ពស់ ហើយត្រូវប្រឈមហានិភ័យខ្ពស់ដូចគ្នា ក៏តួអង្គទាំងឡាយនៅក្នុងជោគជ័យថ្ងៃនេះ
នៅតែជំនះបានដោយក្តីជឿជាក់ក្នុងចិត្ត និងក្នុងការដឹកនាំរបស់សម្តេចតេជោ។ ដំណក់ប្រេងដំបូងរបស់កម្ពុជា ក្នុងបរិបទសេដ្ឋកិច្ចពិភពលោក ដ៏លំបាកគំរាមកំហែងដោយមេរោគរាតត្បាត កូវីដ-១៩ គឺជាសក្ខីភាពនៃការខិតខំប្រឹងប្រែង អំណត់ព្យាយាម និងពុះពារលុះត្រាសម្រេចបានរបស់រាជរដ្ឋាភិបាល និងវិនិយោគិន ដែលយើងខ្ញុំទាំងអស់គ្នា សូមចូលរួមកោតស្ញប់ស្ញែង។
ជាថ្មីម្តងទៀត ក្នុងនាមថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល សូមចូលរួមអបអរសាទរ និងសូមគោរពជូនពរ សម្តេចតេជោនាយករដ្ឋមន្ត្រី ទទួលបាននូវសុខភាពល្អ ដើម្បីបន្តដឹកនាំរាជរដ្ឋាភិបាលកម្ពុជាសម្រេចបាននូវសមិទ្ធផលធំៗជាច្រើនទៀតសម្រាប់មាតុភូមិ ជាទីស្នេហារបស់យើងទាំងអស់គ្នា»។
សូមជម្រាបថា នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០នេះ ស្របពេលចំថ្ងៃខួបលើកទី២២ នៃនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន, សម្តេចបានប្រកាសពីជោគជ័យ នៃការទទួលបានដំណក់ប្រេងលើកដំបូងរបស់ខ្មែរ។ នៅពេលនេះថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ កម្ពុជាបានចាប់ផ្តើមទទួលដំណក់ប្រេងលើកដំបូងរបស់ខ្លួនហើយ ស្ថិតនៅតំបន់ប្លុក A នៃឈូងសមុទ្រកម្ពុជា ដោយក្រុមហ៊ុន Kris Energy ដែលបានខួងប្រេងចេញពីបាតសមុទ្រ ក្នុងខេត្តព្រះសីហនុ៕