Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងអភិវឌ្ឍន៍ជនបទ ផ្ញើលិខិតអបអរសាទរ និងជូនពរសម្តេចតេជោ ហ៊ុន សែន ចំពោះសមិទ្ធផលប្រវត្តិសាស្ត្រីថ្មី នៃនយោបាយឈ្នះឈ្នះ ទទួលបានដំណក់ប្រេងលើកដំបូង

29-12-2020 16:46

(ភ្នំពេញ)៖ ក្រសួងអភិវឌ្ឍន៍ជនបទ នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០នេះ បានផ្ញើលិខិតមួយច្បាប់ សូមអបអរសាទរ និងជូនពរសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ចំពោះសមិទ្ធផលប្រវត្តិសាស្ត្រីថ្មី នៃនយោបាយឈ្នះឈ្នះ គឺការទទួលបានដំណក់ប្រេងលើកដំបូង។

ក្នុងលិខិតរបស់ក្រសួងអភិវឌ្ឍន៍ជនបទ បានរៀបរាប់ថា «យើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ នៃក្រសួងអភិវឌ្ឍន៍ជនបទ សូមសម្តែងនូវការអបអរសាទរ យ៉ាងក្លៀវក្លាដោយស្មោះអស់ពីដួងចិត្ត ក្នុងឱកាសដ៏រំភើប និងរីករាយឥតឧបមានៃថ្ងៃដំណក់ប្រេងដំបូង ដែលកម្ពុជាទទួលបាន នាពេលនេះ គឺជាសមិទ្ធផលដ៏ធំធេងមួយក្នុងប្រវត្តិសាស្ត្រកម្ពុជា និងជានិមិត្តរូបនៃភាពជោគជ័យត្រចះត្រចង់របស់កម្ពុជា ដែលយើងខ្ញុំទាំងអស់គ្នា ក៏ដូចជាប្រជាពលរដ្ឋកម្ពុជាទាំងមូល ទន្ទឹងរង់ចាំអស់រយៈពេលជាយូរមកហើយ។

ការដឹកនាំប្រទេសប្រកបដោយគតិបណ្ឌិត និងតេជានុភាពដ៏ល្បីរន្ទឺរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងដំណើរការដឹកនាំ កសាងប្រទេសជាតិមាតុភូមិកម្ពុជា ប្រកបដោយសុខសន្តិភាព សម្បូណ៌រុងរឿង និងអភិវឌ្ឍន៍លើគ្រប់វិស័យ ធ្វើឲ្យទទួលបាននូវការគាំទ្រ និងការជឿជាក់ពីគ្រប់មជ្ឈដ្ឋានទាំងនៅក្នុងប្រទេស ក្នុងតំបន់ និងអន្តរជាតិ។

ដំណត់ប្រេងដំបូងរបស់កម្ពុជានាពេលនេះ ស្ថិតនៅក្នុងបរិបទសេដ្ឋកិច្ចពិភពលោក កំពុងរងផលប៉ះពាល់ពីការរីករាលដាល នៃជំងឺកូវីដ ១៩ គឺជាសក្ខីភាព នៃការខិតខំប្រឹងប្រែង អំណត់ព្យាយាមនិងពុះពារលុះត្រាសម្រេចបានជោគជ័យរបស់វិនិយោគគិន និងរាជរដ្ឋាភិបាល ដែលយើងខ្ញុំទាំងអស់គ្នា
សូមអនុញ្ញាតគោរពកោតស្ងប់ស្វែងជាទីបំផុត។

សូមសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រាបុត្រី និងចៅៗជាទីស្រឡាញ់ បានប្រកបដោយពុទ្ធពរជ័យទាំង ៥ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភានៈកុំបីឃ្លៀងឃ្លាតឡើយ និងសូមសម្រេចបាននូវជោគជ័យយ៉ាងត្រចះត្រចង់ថ្មីៗថែមទៀត ក្នុងបេសកកម្មដឹកនាំប្រទេសជាតិមាតុភូមិកម្ពុជា ឆ្លងកាត់ឧបសគ្គនានា ដើម្បីរក្សាសន្តិភាពឲ្យបានគង់វង្សស្ថិតស្ថេរជានិច្ចនិរន្តរ៍ និងអភិវឌ្ឍន៍លើគ្រប់វិស័យឲ្យកាន់តែសម្បូរណ៍រុងរឿង»។

សូមជម្រាបថា នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០នេះ ស្របពេលចំថ្ងៃខួបលើកទី២២ នៃនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន, សម្តេចបានប្រកាសពីជោគជ័យ នៃការទទួលបានដំណក់ប្រេងលើកដំបូងរបស់ខ្មែរ។ នៅពេលនេះថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ កម្ពុជាបានចាប់ផ្តើមទទួលដំណក់ប្រេងលើកដំបូងរបស់ខ្លួនហើយ ស្ថិតនៅតំបន់ប្លុក A នៃឈូងសមុទ្រកម្ពុជា ដោយក្រុមហ៊ុន Kris Energy ដែលបានខួងប្រេងចេញពីបាតសមុទ្រ ក្នុងខេត្តព្រះសីហនុ៕