(ភ្នំពេញ)៖ សវនាការជំនុំជម្រះលើសំណុំរឿងរបស់ លោក សម រង្ស៉ី មេចលនាឧទ្ទាមក្រៅច្បាប់ ករណីញុះញង់កងទ័ព មិនឱ្យស្តាប់បទបញ្ជារបស់រាជរដ្ឋាភិបាលស្របច្បាប់ ដែលធ្វើឡើងនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០នេះ មិនទាន់បញ្ចប់នៅឡើយទេ ដោយសាលាដំបូងរាជធានីភ្នំពេញ នឹងបន្តសវនាការ នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ ខាងមុខនេះទៀត។ នេះបើតាម លោក គុជ គឹមឡុង អ្នកនាំពាក្យរបស់ស្ថាប័នអយ្យការ បានបញ្ជាក់ប្រាប់អង្គភាពព័ត៌មាន Fresh News។
សំណុំរឿងរបស់ទណ្ឌិត សម រង្សុី ដែលជាប់ពាក់ពន្ធ័ករណីញុះញង់កងទ័ព មិនឱ្យស្តាប់ស្តាប់បទបញ្ជារបស់រាជរដ្ឋាភិបាលស្របច្បាប់ ត្រូវបានលើកយកមកសវនាការនៅថ្ងៃទី២៩ ខែធ្នាំ២០២០នេះ ក្រោយអាក់ខានដោយបញ្ហាមេរោគ (កូវីដ១៩) កាលពីពេលកន្លងមក។
បើតាមអ្នកនាំពាក្យដដែល បានបញ្ជាក់បន្ថែមថា ការអាក់ខានសវនាការកាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០ កន្លងទៅគឺដោយសារមូលហេតុបញ្ហាការរាតត្បាតរបស់មេរោគ (កូវីដ១៩) តែប៉ុណ្ណោះ ទើបសវនាការត្រូវតុលាការសម្រេចលើកពេល។
ក្នុងសវនាការនាពេលកន្លងមកនេះ គឺមានលោក សេង ហៀង ជាតំណាងអយ្យការ លោក រស់ ពិសិដ្ឋ ជាចៅក្រមជំនុំជម្រះ។ ចំណែកភាគីខាងជនជាប់ចោទ មានលោក សំ សុគង់ ជាមេធាវី។
កងយោធពលខេមរភូមិន្ទ បានដាក់ពាក្យប្តឹងទណ្ឌិត សម រង្ស៉ី កាលពីព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៧ ពាក់ព័ន្ធនឹងករណីញុះញង់កុំឲ្យយោធិនស្តាប់បង្គាប់រាជរដ្ឋាភិបាលស្របច្បាប់ ដោយកងទ័ពចាត់ទុកថា ការលើកឡើងនោះ ធ្វើឲ្យខូចទឹកចិត្តកងទ័ព និងប្រមាថថ្នាក់ដឹកនាំកងយោធពលខេមរភូមិន្ទ។ ក្នុងពាក្យបណ្តឹងបានបញ្ជាក់ថា ការអំពាវនាវរបស់លោក សម រង្ស៉ី ធ្វើឲ្យប៉ះពាល់ដល់សន្តិសុខនៃរដ្ឋ ដែលជាបទល្មើសចែងនៅក្នុងក្រមព្រហ្មទណ្ឌកម្ពុជា។
ការដាក់ពាក្យប្តឹងនេះដែរ គឺធ្វើឡើងបន្ទាប់ពីលោក សម រង្ស៉ី អតីតប្រធានគណបក្សសង្រ្គោះជាតិ បានអំពាវនាវឲ្យកងទ័ពបង្វែកាណុងអាវុធមកលើរាជរដ្ឋាភិបាល ហើយបានបង្គាប់ឲ្យកងទ័ពឈប់គាំទ្រ សម្តេចតេជោ ហ៊ុន សែន តាមរយ:នៅលើទំព័រ Facebook របស់ខ្លួន កាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៧៕