(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ឲ្យកាន់តែច្បាស់ថែមទៀត ជូនដល់ប្រជាពលរដ្ឋកម្ពុជាថា ដំណក់ប្រេងកាតលើកដំបូង ដែលបូមបាននៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០នេះ គឺស្ថិតក្នុងប្លុក A ដែនសមុទ្រកម្ពុជា មិនពាក់ព័ន្ធនឹងតំបន់ត្រួតស៊ីគ្នាជាមួយប្រទេសថៃនោះឡើយ។
ចំពោះតំបន់ត្រួតស៊ីគ្នារវាងកម្ពុជានិងថៃ សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល បានបន្ថែមថា ភាគីមិត្តជិតខាងទាំង២ កំពុងធ្វើការចរចាគ្នា ដើម្បីស្វែងរកការឯកភាពផងដែរ។
ការថ្លែងរបស់សម្តេចតេជោ ធ្វើឡើងក្នុងឱកាសថ្លែងសារពិសេសពាក់ព័ន្ធព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា» និងសមិទ្ធផលកើតពីនយោបាយឈ្នះ-ឈ្នះ នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ នាភូមិគ្រឹះរបស់សម្តេចចេញពីក្រុងតាខ្មៅ ខេត្តកណ្តាល។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «មានអ្នកលើកឡើងថា ប្រេងដែលបូមលើកដំបូងនេះ ជាប្លុកដែលជាប់ពាក់ព័ន្ធជាមួយនឹងប្រទេសថៃ។ ខ្ញុំសូមបញ្ជាក់ថា ប្លុក A នេះអត់មានពាក់ព័ន្ធជាមួយនឹងថៃទេ គឺចេញពីក្រុងព្រះសីហនុ ទៅទីតាំងនោះតែ១៦០គីឡូម៉ែត្រទេ ហើយបើគិតពីខេត្តប៉ាតាយ៉ា ប្រទេសថៃមកវិញ គឺមានទៅដល់៣៣៥គីឡូម៉ែត្រ ហើយបើគិតពីខេត្តសុងខ្លា ប្រទេសថៃ ចម្ងាយ៣៥០គីឡូម៉ែត្រ ដូច្នេះអត់ទាន់មានពាក់ព័ន្ធជាមួយតំបន់ត្រួតស៊ីគ្នា ជាមួយប្រទេសថៃនោះទេ។ យើងជាមួយថៃកំពុង តែធ្វើការចរចាគ្នា ដើម្បីរកការឯកភាព។ដំណក់ប្រេងលើកដំបូងនេះ មិនមែនជាបណ្តាសារទេ តែជាពរជ័យសម្រាប់ប្រជាជនកម្ពុជា»។
សម្រាប់ចំណូលដែលទួលបានពីវិស័យប្រេងកាតនេះ ត្រូវបានសម្តេចតេជោអះអាងថា នឹងត្រូវយកទៅប្រើប្រាស់ លើវិស័យអាទិភាពចំនួន២ គឺវិស័យអប់រំ និងវិស័យសុខាភិបាល។
សម្តេចតេជោបានបញ្ជាក់ឲ្យដឹងថា ក្រៅពីចំណូលដែលបានមកវិស័យប្រេងកាតនេះ កម្ពុជានៅមានចំណូលបានពីវិស័យរ៉ែផ្សេងៗទៀត ដូចជារ៉ែមាស នៅខេត្តមណ្ឌលគិរី ដែលនឹងត្រូវធ្វើអាជីវកម្ម និងចំណូលពីធ្យូងថ្ម នៅខេត្តឧត្តរមានជ័យ ដែលកន្លងទៅកម្ពុជានាំចូលធ្យូងថ្ម សម្រាប់ដំណើររោងចក្រផលិតអគ្គិសនី។
សម្តេចតេជោបញ្ជាក់យ៉ាងច្បាស់ៗថា ដំណក់ប្រេងជាលើកដំបូង ក្នុងប្រវត្តិសាស្ត្ររបស់កម្ពុជា គឺជាពរជ័យសម្រាប់ប្រជាជន និងប្រទេសជាតិ មិនមែនជាបណ្តាសារ ដូចការលើកឡើងរបស់ជនអគតិមួយចំនួននោះទេ។
សូមជម្រាបថា ក្រុមហ៊ុន គ្រីសអែននីជី (KrisEnergy) របស់ប្រទេសសិង្ហបុរី ទទួលបានសិទ្ធិវិនិយោគគម្រោងប្រេងកាតប្លុក A របស់កម្ពុជា៕