(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងគណៈប្រតិភូ នឹងអញ្ជើញត្រឡប់មកដល់ប្រទេសកម្ពុជាវិញ នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៦ បន្ទាប់ពីត្រៀមចាកចេញពីសហរដ្ឋអាមេរិកនៅថ្ងៃនេះ ដោយចំណាយពេលវេលាធ្វើដំណើរលើយន្តហោះជាង២០ម៉ោង។ នេះបើយោងតាម Facebook របស់សម្តេចតេជោ ហ៊ុន សែន ចេញផ្សាយនៅប៉ុន្មាននាទីមុននេះ។
សម្តេចតេជោ ហ៊ុន សែន ក៏សូមអរគុណពីចម្ងាយដល់បងប្អូនជនរួមជាតិទាំងក្នុង និងក្រៅប្រទេស ដែលបានជូនពរដល់សម្តេច និងគណៈប្រតិភូកម្ពុជា ក្នុងរយៈពេលនៃការចូលរួមប្រជុំពិសេសថ្នាក់ដឹកនាំអាស៊ាន និងសហរដ្ឋអាមេរិក និងសូមកោតសរសើរ ចំពោះបងប្អូនជនរួមជាតិ ពិសេសក្មួយៗ យុវជនដែលបានតាមដានដោយយកចិត្តទុកដាក់ ចំពោះការវិវត្តន៌នៃកិច្ចប្រជុំនេះ។
សម្តេចតេជោ ហ៊ុន សែន បានសរសេរនៅលើ Facebook យ៉ាងដូច្នេះថា «ខ្ញុំសូមអរគុណពីចម្ងាយដល់បងប្អូនជនរួមជាតិទាំងក្នុង និងក្រៅប្រទេសដែលបានជូនពរដល់ខ្ញុំ និងគណៈប្រតិភូកម្ពុជា ក្នុងរយះពេលនៃការចូលរួមប្រជុំពិសេសថ្នាក់ដឹកនាំអាស៊ាន និងសហរដ្ឋអាមេរិក។ ខ្ញុំសូមកោតសរសើរ ចំពោះបងប្អូនជនរួមជាតិ ពិសេសក្មួយៗយុវជនដែលបានតាមដានដោយយកចិត្តទុកដាក់ចំពោះការវិវត្តនៃកិច្ចប្រជុំនេះ ដែលនេះបង្ហាញដោយមោទនៈភាពថា ប្រជាជនយើងចាត់ទុកកិច្ចការក្នុងប្រទេស និងក្រៅប្រទេសជាកិច្ចការដែលខ្លួនត្រូវដឹងក្នុងនាមជាម្ចាស់ឆ្នោត និងម្ចាស់ប្រទេស។ ថ្ងៃនេះខ្ញុំ និងប្រតិភូត្រូវវិលត្រឡប់ទៅប្រទេសវិញ ដែលតាមគំរោងនឹងទៅដល់ភ្នំពេញនៅយប់ ថ្ងៃសុក្រទី១៨ កុម្ភៈ បន្ទាប់ពីការធ្វើដំណើរជាង ២០ម៉ោង»៕