(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០នេះ បានប្រកាសឲ្យដឹងថា គិតត្រឹមម៉ោង៥ល្ងាចម្សិលមិញនេះ កម្ពុជា មានលុយ១៣លានលានរៀល នៅក្នុងរតនាគារជាតិ ខណៈទុនបម្រុង មានប្រមាណជាង២០ពាន់លានដុល្លារ ក្នុងនោះរួមមានបរិមាណមាស៤៤តោន ៤០០គីឡូក្រាម។
ការប្រកាសបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្ដេចតេជោ ហ៊ុន សែន ថ្លែងសារពិសេស ពាក់ព័ន្ធព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា» និងសមិទ្ធផលកើត ពីនយោបាយឈ្នះ-ឈ្នះ ព្រមទាំងការទទួលបានតំណក់ប្រេង លើកដំបូងរបស់កម្ពុជា នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០នេះ។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «គិតត្រឹមម៉ោង៥ ថ្ងៃម្សិលមិញនេះ ជាសាច់ប្រាក់ ក្នុងរតនាគារតែម្ដង គឺមាន១២លានលាន៩៩៩,០០០រៀល ស្មើនឹង១៣លានលានរៀល ដោយក្នុង១លានលាន ស្មើ២៥០លានដុល្លារ ចឹង១០លានលានស្មើនឹង២,៥០០លានដុល្លារ»។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ឲ្យដឹងថា ទាំងនេះជាសាច់ប្រាក់បម្រុង ឬហៅថា សាច់ប្រាក់សន្សំ ដោយសម្ដេចបញ្ជាក់ថា នេះមិនមែនជាតួលេខទេ តែជាសាច់ប្រាក់តែម្ដងចំពោះទុនបម្រុងអន្ដរជាតិ១ផ្សេងទៀត ដែលទទួលបានរបាយការណ៍ ត្រឹមថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ ដោយទុនបម្រុងផ្លូវការរបស់ប្រទេសកម្ពុជា ត្រូវបានសម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា មានជាង២០ពាន់លានដុល្លារ។
ក្នុងនោះរួមមានបរិមាណ មាស៤៤តោន ៤០០គីឡូក្រាម ជាកេរមរតករបស់សម្តេចព្រះនរោត្តម សីហនុ នៅប្រទេសស្វីស ចំនួន១២តោន៤០០គីឡូ ដែលជាកេរមរត តាំងពីសម័យសង្គមរាស្រ្ដនិយម, តម្កល់ទុកនៅធនាគារកណ្តាល របស់ប្រទេសអង់គ្លេស១៧តោន ដែលបានទិញថ្មី និង១៥តោន នៅធនាគារជាតិនៃកម្ពុជា។
សម្ដេចតេជោ ហ៊ុន សែន ក៏បានលើកឡើងអំពីបញ្ហា នៃកំណើនសេដ្ឋកិច្ច ក្នុងឆ្នាំ២០២០នេះផងដែរ ដោយសេដ្ឋកិច្ចកម្ពុជា ពិតមែនតែអវិជ្ជមាន ប៉ុន្ដែវាល្អណាស់ ដោយក្នុងនោះ ទំហំពាណិជ្ជកម្ម មានប្រមាណជា៣២ពាន់លានដុល្លារ សម្រាប់ការនាំចេញ-នាំចូល។
សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា សម្រាប់កម្ពុជានាំចេញ មានចំនួនជិត១៦ពាន់លានដុល្លារ គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២០ កើន១៦.២៩ភាគរយ ហើយនេះជាការនាំចេញ ដោយមានស្ថានភាពល្អប្រសើរ ទោះបីស្ថិតក្នុងបរិបទ នៃជំងឺកូវីដ១៩ក្ដី។
បន្ថែមពីនោះទៀត សម្ដេចតេជោ បានបញ្ជាក់ទៀតថា ក្នុងចំណោម នៃការនាំចេញរបស់កម្ពុជា ដែលមានជិត១៦ពាន់លានដុល្លារ ក្នុងនោះ ការនាំចេញនៃវិស័យកសិកម្ម តែមួយប៉ុណ្ណោះ និងរាប់ត្រឹមតែ៧មុខទំនិញ ដែលត្រូវនាំចេញ ដោយមានតម្លៃ៣,៨៨១លានដុល្លារ
សម្ដេចតេជោ ហ៊ុន សែន បានប្រាប់ថា ទំនិញទាំង៧មុខ ដែលបាននាំចេញនោះ រួមមាន៖
* នាំចេញអង្ករ បាន៦៧,៥០០០តោន កើន១១.១១ភាគរយ មានតម្លៃ៥១៤លានដុល្លារ
* នាំចេញស្រូវ បាន២,១៨០,០០០តោន
* នាំចេញដំឡូងមី បានជាង៧លានតោន មានតម្លៃជាង១ពាន់លានដុល្លារ
* នាំចេញស្វាយចន្ទី បាន២១៨,៨៨៤តោន មានតម្លៃ២៨៨លានដុល្លារ
* នាំចេញផ្លែស្វាយ បាន៨៥ម៉ឺនតោន មានតម្លៃ៤៧៣លានដុល្លារ
* នាំចេញចេកអំបូងលឿង បាន៣១៣តោន មានតម្លៃ៥៥១លានដុល្លារ
* នាំចេញផ្លែមានប៉ៃលិន (តាង៉ែង) បាន១៧៤តោន មានតម្លៃ៥៧លានដុល្លារ
* និងនាំចេញម្រេច មានតម្លៃ២៥លានដុល្លារ។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់បន្ថែមទៀតថា នេះជាតួលេខ នៃការនាំចេញត្រឹមតែ៧មុខ ក្នុងវិស័យកសិកម្ម ដោយមិនបានរាប់បញ្ចូល ការនាំចេញកៅស៊ូ និងអ្វីៗផ្សេងទៀតនោះឡើយ។
យោងតាមធនាគារជាតិនៃកម្ពុជា កាលថ្ងៃទីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ បានចេញសេចក្តីបញ្ជាក់មួយ ដោយអះអាងថា ទុនបម្រុងអន្តរជាតិ របស់កម្ពុជា (រូបិយប័ណ្ណបរទេស និងមាស) គិតជាប្រាក់ដុល្លារអាមេរិក ចំនួន១៩.៥ប៊ីលាន (១៩ ៥០០លានដុល្លារ) គិតត្រឹមចុងខែមិថុនា ឆ្នាំ២០២០ ក្នុងនោះមានមាស៣៦.៥តោន។
ទុនបម្រុងអន្តរជាតិ (Foreign Exchange Reserves) គឺជាទ្រព្យសម្បត្តិរបស់ប្រទេសមួយដែលទទួលស្គាល់ជាអន្តរជាតិ និងគ្រប់គ្រងដោយអាជ្ញាធរ រូបិយវត្ថុទុកប្រើប្រាស់ ក្នុងករណីចាំបាច់ ដូចជា ការផ្តល់ហិរញ្ញប្បទានដល់ជញ្ជីងទូទាត់ ប្រសិនបើមានតម្រូវការ, ការធ្វើអន្តរាគមន៍លើទីផ្សារប្តូរប្រាក់ដើម្បីគ្រប់គ្រងការប្រែប្រួល អត្រាប្តូរប្រាក់ និងការរក្សាជំនឿទុកចិត្តលើរូបិយវត្ថុ និងសេដ្ឋកិច្ចជាតិ។ នេះជាការពន្យល់របស់ធនាគារជាតិនៃកម្ពុជា។