(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន ដែលគ្រប់គ្នាគោរពស្រលាញ់ក្នុងនាមជាមេដឹកនាំហ៊ានដាក់អាយុជីវិត ដើម្បីរំដោះប្រជាជនខ្មែរពីរបបប្រល័យពូជសាសន៍ និងដើម្បីប្ដូរយកសន្ដិភាពជូនប្រទេសកម្ពុជានោះ បានប្រកាសសាជាថ្មីយ៉ាងដាច់អហង្ការថា សម្ដេចមិនអត់ឱនចំពោះអ្នកដែលប្រមាថភរិយា និងកូនរបស់សម្ដេចថាជាកូន និងប្រពន្ធរបស់មេដឹកនាំវៀតណាមឡើយ ព្រោះនេះជាការប្រមាថយ៉ាងធ្ងន់ធ្ងរចំពោះគ្រួសារសម្ដេច។
មហាជនទូទៅបានដឹងថា ការប្រមាថចំពោះភរិយា និងកូនប្រុសរបស់សម្ដេចតេជោយ៉ាងដូច្នេះ គឺចេញពីមាត់សម្អុយរបស់ជនបរាជ័យ សម រង្ស៉ី ដែលកំពុងរត់ចោលស្រុកទៅជ្រកកោននៅបរទេស ដើម្បីផ្ចាញ់ផ្ចាលមកលើសម្ដេចតេជោ ហ៊ុន សែន ក្រោយពេលធ្វើនយោបាយចាញ់ហើយចាញ់ទៀត។
សម្ដេចតេជោនាយករដ្ឋមន្ត្រីបានលើកឡើងថា សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី គឺជាភរិយារបស់តែមួយគត់ ធ្លាប់កម្សត់កម្រនឹងគ្នាតាំងថ្ងៃរៀបការ ដោយការចាប់គូផ្គូរផ្គង់របស់ពួកអង្គការក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត។
សម្ដេចតេជោបានរំឭកថា ក្នុងថ្ងៃទី២៩ ខែធ្នូនេះ ជាខួបលើកទី៤៥ ហើយដែលសម្ដេចបានទទួលសំបុត្រពីអង្គការឱ្យទៅកន្លែងរៀបការ។ សម្ដេចថ្លែងថា «ខ្ញុំការសម័យ ប៉ុល ពត គឺលំបាកណាស់ អត់មានរកពេលា អត់មានអាចារ្យទេ»។ ក្នុងពេលបន្តរស់នៅក្នុងរបបអាវខ្មៅនេះ ភរិយារបស់សម្ដេចបានប្រសូត្រកូនប្រុសដំបូងម្នាក់ (ហ៊ុន កំសត់) តែត្រូវស្លាប់ទៅវិញដោយសារការធ្វេសប្រហែសរបស់ពេទ្យខ្មែរក្រហម ដែលមិនចង់ឱ្យគ្រួសារសម្ដេចរស់នៅបានសុខ។ ក្រោយមកប្ដីប្រពន្ធដ៏កម្សត់ទាំងពីររូបនេះ ក៏ទទួលបានកូនប្រុសម្នាក់ទៀត (ហ៊ុន ម៉ាណែត) ដែលកាលណោះសម្ដេចតេជោត្រូវបំពេញកាតព្វកិច្ចរំដោះជាតិ តម្រូវឱ្យឃ្លាតឆ្ងាយពីភរិយា និងកូនប្រុស។
សម្ដេចតេជោ ហ៊ុន សែន រំឭករឿងរ៉ាវខ្លីបែបនេះ គឺចង់បញ្ជាក់ប្រាប់ដល់ជនរួមជាតិ និងជនបរទេសទាំងឡាយ អំពីភាពប្រត្យក្សក្នុងខ្សែជីវិតរបស់សម្ដេចជាមួយភរិយា និងកូនប្រុសរបស់សម្ដេច មិនដូចអ្វីដែលលោក សម រង្ស៉ី និងជនអគតិមួយចំនួនធ្លាប់និយាយបំភ្លៃ និងប្រមាថនោះទេ ប៉ុន្តែទោះជាយ៉ាងណា សម្ដេចតេជោ ហ៊ុន សែន មិនព្រមអត់ឱនចំពោះអ្នកដែលប្រមាថមកលើសម្ដេច ព្រមទាំងភរិយា និងកូនរបស់សម្ដេចជាដាច់ខាត។
សម្ដេចតេជោបានថ្លែងយ៉ាងដូច្នេះថា «សូមមិត្តភក្តិបរទេសទាំងឡាយ សូមកុំយករឿងនេះទៅលាយឡំជាមួយរឿងនយោបាយ ព្រោះជារឿងផ្ទាល់ខ្លួន។ ខ្ញុំសុខចិត្តកាត់ដៃខ្លួនឯងចោល បើខ្ញុំលើកលែង អត់ឱនឱ្យអ្នកប្រមាថប្រពន្ធ និងកូនរបស់ខ្ញុំ។ ខ្ញុំមិនអាចយោគយល់បាន មិនអាចទទួលបាន និងមិនអាចអត់ឱនឱ្យបាន ភាសាទាំងបីនេះមានន័យថា ចប់ហើយ»។
សូមជម្រាបថា ការបញ្ជាក់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាខាងលើនេះ គឺធ្វើឡើងក្នុងពេលថ្លែងសារពិសេសមួយចេញពីគេហដ្ឋានរបស់សម្ដេច នាព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០៕