(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០នេះ បានសម្រេចឲ្យយកថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ ខាងមុខនេះ ជាថ្ងៃបើកបវេសនកាល ឆ្នាំសិក្សា២០២០-២០២១ ក៏ប៉ុន្ដែក្រសួងត្រូវរៀបចំគន្លងជីវិតថ្មី នៅក្នុងវិស័យអប់រំ។
ការបញ្ជាក់បែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្ដេចតេជោ ហ៊ុន សែន ថ្លែងសារពិសេសមួយ ចេញពីគេហដ្ឋាន នាក្រុងតាខ្មៅ ដោយផ្សាយផ្ទាល់តាមទូរទ្សន៍ជាតិកម្ពុជា និងផ្សាយបន្តផ្ទាល់ ដោយប្រព័ន្ធផ្សព្វផ្សាយនានា នៅក្នុងប្រទេសកម្ពុជា នាព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០នេះ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំក៏បានចារ ទៅលើសំណើរបស់ឯកឧត្ដម ហង់ជួន ណារ៉ុន ពីម្សិលមិញហើយ ឲ្យយកថ្ងៃទី១១ ខែមករា គឺជាថ្ងៃបើកបវេសនកាល ឆ្នាំសិក្សា២០២០-២០២១ ក៏ប៉ុន្ដែក្រសួងត្រូវរៀបចំគន្លងជីវិតថ្មី នៅក្នុងវិស័យអប់រំ ដូច្នេះក្រសួងត្រូវធ្វើយ៉ាងម្ដេច កុំឲ្យមានការឆ្លង»។
សម្តេចតេជោ ហ៊ុន សែន បានបន្ថែមទៀតថា ក្រសួងសុខាភិបាល ក៏ត្រូវចូលរួមជួយទៅដល់ការរៀបចំទាំងអស់នេះផងដែរ។ សម្ដេចតេជោ បានបន្ដថា ក៏ប៉ុន្ដែបើពឹងតែគ្រូពេទ្យ ហើយគ្រូបង្រៀន និងកូនសិស្សខ្លួនឯង មិនយកចិត្ដទុកដាក់ទេ ក៏មានបញ្ហាដែរ ដូច្នេះត្រូវចូលរួមទាំងអស់គ្នា។
ទន្ទឹមគ្នានោះ សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ជំងឺកូវីដ-១៩ បានធ្វើឲ្យមានការខូចខាតធំបំផុត សម្រាប់ពិភពលោក ក៏ដូចជាកម្ពុជា ទាក់ទិនជាមួយសាលារៀន ព្រោះកូនសិស្សមួយចំនួន មិនបានរៀន ហើយប្រទេសខ្លះបានរៀន ប្រទេសខ្លះក៏មិនបានរៀន។
សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា ប្រទេសខ្លះ គឺរៀនតាមអនឡាញ ហើយរៀនតាមអនឡាញ សម្ដេចសង្កេតឃើញថា ប្រហែលមានប្រសិទ្ធភាពតិច។
ជាមួយគ្នានោះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា មានជនខិតខូចមួយចំនួន បានចោទសម្តេចថា ធ្វើឲ្យខូចប្រព័ន្ធអប់រំ នៅពេលសម្រេច ឲ្យសិស្សថ្នាក់ទី១២ ជាប់បាក់ឌុបដោយស្វ័យប្រវត្តិ ប៉ុន្តែសម្តេចត្រូវគិតពីសុវត្ថិភាព សិស្សជាអាទិភាពបំផុត។
សម្តេចតេជោ ហ៊ុន សែន ក៏ប្រាប់ឲ្យសិស្សទាំងអស់ចំណាំមុខ អ្នកដែលចេញមុខប្រឆាំងជាមួយពួកគេ ដោយសារតែការសម្រេច ឲ្យជាប់បាក់ឌុប ដោយស្វ័យប្រវត្តិផងដែរ។
សូមជម្រាបថា ក្រសួងអប់រំ នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០នេះ បានចេញសេចក្តីណែនាំ ដោយអនុញ្ញាតឲ្យគ្រឹះស្ថានសិក្សាឯកជន (សាលាឯកជន) បើកដំណើរការឡើងវិញ នៅចាប់ពីថ្ងៃនេះតទៅ ខណៈការបើកបវេសនាកាលឆ្នាំសិក្សា ២០២០-២០២១ សម្រាប់គ្រឹះស្ថានសិក្សាចំណេះទូទៅសាធារណៈ (សាលារដ្ឋ) កំណត់យកចាប់ពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២១។
ការប្រកាសឲ្យសិស្សចូលរៀនឡើងវិញនេះ ធ្វើឡើងបន្ទាប់ពីបិទបញ្ចប់ព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា»។
ជាមួយគ្នានេះ ក្រសួងអប់រំ តម្រូវជាចាំបាច់ ឲ្យគ្រឹះស្ថានសិក្សាទាំងអស់ ត្រូវបន្តអនុវត្តគោលការណ៍ប្រតិបត្តិស្តង់ដា (SOP) សម្រាប់ដំណើរការសាលារៀនឡើងវិញ ក្នុងបរិបទកូវីដ១៩ និងរក្សាគម្លាតសុវត្ថិភាពសង្គម និងបុគ្គល។ ក្នុងករណីចាំបាច់ ត្រូវពាក់ម៉ាសការពារនៅក្នុងបរិវេណរបស់គ្រឹះស្ថានសិក្សា៕