(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសជាថ្មីថា សម្ដេចនឹងទិញវ៉ាក់សាំងសម្រាប់ចាក់ជូនប្រជាពលរដ្ឋ តែមួយប្រភេទគត់គឺ វ៉ាក់សាំងដែលអង្គការសុខភាពពិភពលោក មានការទទួលស្គាល់តែប៉ុណ្ណោះ។ នេះបើតាមប្រសាសន៍របស់សម្ដេច នៅក្នុងឱកាសថ្លែងសារពិសេសទៅកាន់ប្រជាពលរដ្ឋ នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០។
យោងតាមប្រសាសន៍របស់សម្ដេច បានឲ្យដឹងថា កម្ពុជាមានច្រកទ្វារចំនួន៣ ក្នុងការទិញវ៉ាក់សាំងប្រឆាំងជំងឺ COVID-19 ដោយទី១ គឺតាមរយៈកូវ៉ាក់, ទី២ តាមរយៈទំនាក់ទំនងរវាងប្រទេស និងប្រទេស និងទី៣ គឺតាមរយៈក្រុមហ៊ុនផ្ទាល់។ ប៉ុន្តែសម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា «កម្ពុជាត្រូវរង់ចាំរហូតមានការទទួលស្គាល់ ជាក់លាក់ដោយ អង្គការសុខភាពពិភពលោក ទើបកម្ពុជាអាចបញ្ជាទិញវ៉ាក់សាំងបាន ព្រោះយើងមិនអាចយកប្រជាជនកម្ពុជាទៅពិសោធន៍វ៉ាក់សាំងនោះទេ»។
ជាមួយគ្នានេះសម្ដេច ក៏បានបន្ថែមដែរថា នៅពេលបច្ចុប្បន្នមានប្រទេសជាច្រើនបាននឹងកំពុងផលិតវ៉ាក់សាំងប្រឆាំងជំងឺ COVID-19។ ក្នុងនោះរួមមានទាំងប្រទេសចិន ឥណ្ឌា រុស្ស៊ី និងប្រទេសនៅក្នុងតំបន់អឺរ៉ុបជាដើម។ ប៉ុន្តែក្នុងចំណោមវ៉ាក់សាំងទាំងអស់នៅមិនទាន់មានវ៉ាក់សាំងរបស់ប្រទេសណាមួយ ដែលមានការទទួលស្គាល់ ពីអង្គការសុខភាពពិភពលោកនៅឡើយ។
ទទឹមគ្នានេះសម្ដេចនាយករដ្ឋមន្រ្តី ក៏បានប្រតិកម្មនិងអ្នកអត្ថាធិប្បាយមួយចំនួនដែលថា សម្ដេចចង់រំលងចោលនូវវ៉ាក់សាំងប្រឆាំងជំងឺ COVID-19 ដែលផលិតដោយប្រទេសចិន។ ឆ្លើយតបទៅនិងការលើកឡើងខាងលើ សម្ដេចបានបញ្ជាក់ច្បាស់ៗថា «បើអង្គការសុខភាពលោកទទួលស្គាល់វ៉ាក់សាំងចិន យើងទិញពីចិនក៏ជិត។ វាមិនស្រួល?»។
ជាការគួរឲ្យកត់សម្គាល់នៅក្នុងចំណោមប្រទេសនៅតំបន់អាស៊ានទាំង១០ មកទល់បច្ចុប្បន្ននេះមានប្រទេសចំនួន២ ដែលបានទិញវ៉ាក់សាំងប្រឆាំងជំងឺ COVID-19 យកមកចាក់ជូនប្រជាពលរដ្ឋ បើទោះជាមិនទាន់មានការទទួលស្គាល់ពីអង្គការសុខភាពពិភពលោកក្ដី។ ប្រទេសទាំង២នោះរួមមាន សិង្ហបុរី បានទិញវ៉ាក់សាំងពីចក្រភពអង់គ្លេស និងឥណ្ឌូនេស៊ី បានទិញវ៉ាក់សាំងពីចិន។
គួរបញ្ជាក់ផងដែរថា សម្ដេចតេជោ ហ៊ុន សែន បានប្រកាសទិញវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ និងដោយស្ម័គ្រចិត្ត ប្រមាណ១៣លាននាក់ ឬស្មើនិងប្រមាណ៨០ភាគរយនៃប្រជាជនសរុប៕