(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងរំលឹកថា កាលមុនកម្ពុជាត្រូវបានគេផ្តល់ចំណាត់ថ្នាក់លេខ១ នៅទ្វីបអាស៉ី និងលេខ៣ នៅលើពិភពលោក ក្នុងការទប់ស្កាត់ការរីករាលដាលការឆ្លងជំងឺកូវីដ១៩ ប៉ុន្តែពេលនេះកម្ពុជាជាប់លេខ១ នៅលើពិភពលោក ក្នុងការទប់ស្កាត់ការរីករាលដាលការឆ្លងជំងឺកូវីដ១៩។
សម្តេចតេជោនាយករដ្ឋមន្ត្រី ថ្លែងរំលឹកបែបនេះ នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ ក្នុងឱកាសថ្លែងសារពិសេសមួយចេញពីគេហដ្ឋាន នាក្រុងតាខ្មៅ ខេត្តកណ្តាល ពាក់ព័ន្ធព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា» និងដំណឹងល្អនៃការទទួលបានដំណក់ប្រេងលើកដំបូងរបស់កម្ពុជា។ ទោះជាយ៉ាងណា សម្តេចតេជោ ហ៊ុន សែន បានបន្តជំរុញឲ្យរួមគ្នាទប់ស្កាត់ជំងឺកូវីដ១៩ កុំឲ្យប្រហែសឲ្យសោះ។
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍បញ្ជាក់យ៉ាងដូច្នេះថា៖ «ប្រទេសរបស់យើងត្រូវបានគេផ្តល់ចំណាត់ថ្នាក់លេខ១នៅអាស៉ី និងលេខ៣ នៅលើពិភពលោក ប៉ុន្តែរយៈពេលចុងក្រោយគេផ្តល់ចំណាត់ថ្នាក់ថា លេខ១ នៅលើពិភពលោក។ ហើយខ្ញុំមើលទៅក្នុងនោះ លេខ២ បានទៅស៊ូដង់ខាងត្បូង និងលេខ៣ ទៅប៊្រុយណេ រឿងចំណាត់ថ្នាក់យ៉ាងណា យើងកុំទាន់អាលអរ ព្រោះបញ្ហាកូវីដអត់ទាន់ចប់ទេ។ បើប្រហែសតែបន្តិច នឹងកើតរឿង»។
សូមជម្រាបថា របាយការណ៍វាយតម្លៃស្ដីពីសន្ទស្សន៍ស្ថានភាពធ្ងន់ធ្ងរនៃជំងឺ COVID-19 ចេញផ្សាយដោយការិយាល័យចក្ខុវិស័យសេដ្ឋកិច្ច នៃប្រទេសសេណេហ្កាល់ (Le Bureau de Prospective Economique (BPE) du Sénégal), ប្រទេសកម្ពុជា បានឡើងមកឈរនៅលើកំពូលតារាង ដោយជាប់ចំណាត់លេខ១ កម្រិតពិភពលោក ក្នុងនាមជាប្រទេសដែលគ្រប់គ្រងការឆ្លងរាតត្បាតនៃ COVID-19 បានល្អជាងគេ។
បើតាមរបាយការណ៍ខាងលើដដែល កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០កន្លងទៅនេះ ប្រទេសកម្ពុជា បានជាប់ចំណាត់លេខ១ កម្រិតពិភពលោក នៅក្នុងចំណោមប្រទេស១៦៦ ក្នុងការគ្រប់គ្រងការឆ្លងរាតត្បាតនៃ COVID-19 បានល្អជាងគេ តាមពីក្រោយដោយប្រទេសស៊ូដង់ខាងត្បូង និងប្រទេសប្រ៊ុយណេ។ ចំណែកឯប្រទេសដែលជាប់ចំណាត់ថ្នាក់ ខ្សោយជាងគេរួមមាន៖ ប្រទេសអាហ្រ្វិកខាងត្បូង, លីតតូនី, អេស្ប៉ាញ និងប្រទេសក្រិក។
ការដាក់ចំណាត់ថ្នាក់នេះ ត្រូវបានធ្វើឡើងជារៀងរាល់សប្ដាហ៍ បន្ទាប់ពីព្រឹត្តិការណ៍ថ្ងៃទី៣ ខែវិច្ឆិកា ដែលករណីឆ្លង COVID-19 មួយចំនួនត្រូវបានរកឃើញ ក្រោយរដ្ឋមន្ត្រីការបទេសហុងគ្រីឆ្លង COVID-19 បានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅក្នុងប្រទេសកម្ពុជា។
ការិយាល័យចក្ខុវិស័យសេដ្ឋកិច្ច នៃប្រទេសសេណេហ្កាល់ ក៏បានទទួលស្គាល់ផងដែរពីប្រសិទ្ធភាពនៃការដាក់ចេញ និងអនុវត្តនូវវិធានការរបស់រដ្ឋាភិបាលកម្ពុជា ក្នុងនោះ រួមមាន៖ ការធ្វើចត្តាឡីស័កចំពោះអ្នកមកពីបរទេស, បិទសាលារៀន, រោងភាពយន្ត, សាលកីឡា, យុទ្ធនាការផ្សព្វផ្សាយព័ត៌មានយល់ដឹងពី COVID-19, ការចែកចាយម៉ាស និងការបញ្ចេញអត្តសញ្ញាណអ្នកឆ្លងដើម្បីងាយស្រួលគ្រប់គ្រងស្ថានការណ៍ជាដើម។
គួបញ្ជាក់ដែរថា កាលពីខែវិច្ឆិកាកន្លងទៅ របាយការណ៍វាយតម្លៃស្ដីពីសន្ទស្សន៍នៃស្ថានភាពធ្ងន់នៃជំងឺ COVID-19 ចេញផ្សាយដោយការិយាល័យចក្ខុវិស័យសេដ្ឋកិច្ច នៃប្រទេសសេណេហ្កាល់ (Le Bureau de Prospective Economique (BPE) du Sénégal) ក៏បានឱ្យចំណាត់ថ្នាក់ល្អដល់ប្រទេសកម្ពុជាផងដែរ។ កាលណោះ កម្ពុជាបានជាប់ចំណាត់លេខ៣ កម្រិតពិភពលោក និងលេខ១ ក្នុងទី្វបអាស៉ី ក្នុងនាមជាប្រទេសដែលគ្រប់គ្រងការឆ្លងរាតត្បាតនៃ COVID-19 បានល្អជាងគេ តាមពីក្រោយប្រទេស សាំងឃីត និងណេវីស (Saint Kitts and Nevis) ដែលជាប់ចំណាត់ថ្នាក់លេខ១ និងប្រទេសស៊ីស្ហែល (Seychelles) ឈរនៅលេខរៀងទី២។
របាយការណ៍វាយតម្លៃស្ដីពីសន្ទស្សន៍នៃស្ថានភាពធ្ងន់នៃជំងឺ COVID-19 ចេញផ្សាយដោយការិយាល័យចក្ខុវិស័យសេដ្ឋកិច្ច នៃប្រទេសសេណេហ្កាល់ ធ្វើឡើងដោយផ្អែកលើ ទិន្នន័យរបស់អង្គការសុខភាពពិភពលោក (WHO)។
ក្នុងឱកាសថ្លែងសារពិសេសនេះ សម្តេចតេជោ ហ៊ុន សែន ប្រកាសបិទបញ្ចប់ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០តែម្តង។ សម្តេច បានសម្តែងការកោតសរសើរក្រសួងសុខាភិបាល មន្រ្តីពេទ្យ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ ដែលចូលរួមទប់ស្កាត់កូវីដ១៩ និងបញ្ចប់ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា។
ប្រមុខដឹកនាំកំពូលរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងទៀតថា ឆ្លងកាត់ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា កម្ពុជាបាន និងកំពុងប្រយុទ្ធនឹងសមរភូមិ៣ រួមមានទី១៖ គឺការនាំចូល, ទី២៖ គឺការឆ្លងក្នុងសហគមន៍ដែលទើបនឹងឆ្លងកាលពីថ្ងៃទី២៨វិច្ឆិកា និង ទី៣៖ គឺការព្យាបាលឱ្យជាសះស្បើយ។ ទន្ទឹមនោះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានសម្តែងការខកចិត្តចំពោះបុគ្គលអគតិមួយចំនួន ដែលចូលចិត្តរិះគន់សមត្ថភាពពេទ្យនៅស្រុកខ្មែរ តែជាក់ស្តែងពេទ្យស្រុកខ្មែរបានព្យាបាលអ្នកឆ្លងជំងឺកូវីដ១៩ បានជាសះស្បើយជាច្រើននាក់ និងមិនទាន់មានអ្នកជំងឺណាម្នាក់បានស្លាប់ឡើយ។
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា «មនុស្សមួយចំនួនបានដៀមដាមឱ្យយើងថា ពេទ្យខ្មែរពូកែណាស់ ហេតុអ្វីក៏ទៅរកពេទ្យបរទេស តែគេត្រូវដឹងថា ខ្មែរព្យាបាលអ្នកជំងឺកូវីដ ៣៦០នាក់ហើយជាសះស្បើយ ដែលភាគច្រើនជាជនបរទេស»។
គិតមកត្រឹមម៉ោង៧៖០០នាទី ព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន៣៦៤នាក់ ក្នុងនោះអ្នកព្យាបាលជាសះស្បើយចំនួន ៣៦០នាក់ និងអ្នកកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យចំនួន៤នាក់។ សម្រាប់អ្នកជាប់ពាក់ព័ន្ធព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា» វិញ រកឃើញវិជ្ជមានចំនួន ៤១នាក់ ក្នុងនោះបានជាសះស្បើយ៣៨នាក់ និង៣នាក់ទៀតកំពុងសម្រាកនៅមន្ទីរពេទ្យ៕