(ភ្នំពេញ)៖ លោកស្រី ងីម គាថា ជាម្ចាស់តូបមួយនៅឆ្នេរអូរត្រេះ ខេត្តព្រះសីហនុ បានប្រាប់ Fresh News ឱ្យដឹងថា នៅថ្ងៃស្អែកនេះ តំណាងអាជីវករនៅឆ្នេរអូរត្រេះ ៦២តូប នឹងយកញត្តិទៅដាក់នៅខុទ្ទកាល័យនាយករដ្ឋមន្រ្តី ហ៊ុន សែន រួមទាំងស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត ដើម្បីទាមទារកុំឱ្យអាជ្ញាធររុះរើតូបជាប់មាត់សមុទ្ររបស់ពួកគេ។
នាថ្មីៗនេះ អាជ្ញាធរខេត្តព្រះសីហនុ បានជូនដំណឹង ឱ្យអាជីវករនៅឆ្នេរអូរត្រេះ ឆ្នេរអូរឈើទាល (ទល់មុខដីក្រុមហ៊ុនសុខា) និងឆ្នេរមុខព្រះរាជដំណាក់ ដែលសាងសង់លើដីចំណីឆ្នេរសាធារណៈ ធ្វើការរុះរើតូបរបស់ពួកគេឱ្យបានមុនថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៦ ដើម្បីឱ្យអាជ្ញាធររៀបចំសណ្តាប់ធ្នាប់នៅតាមឆ្នេរសមុទ្រឡើងវិញ។
លោកស្រី ងីម គាថា បានឱ្យដឹងថា ការសម្រេចឱ្យរុះរើរបស់អាជ្ញាធរនាពេលនេះ ក្រុមអាជីវករទទួលយកមិនបាននោះទេ ដោយសារតែពួកគេបានទិញដីនោះ ហើយសាងសង់តូបអស់រាប់ម៉ឺនដុល្លារ ដូច្នេះពួកគេអំពាវនាវឱ្យរាជរដ្ឋាភិបាល អនុញ្ញាតឱ្យពួកគេអាចបន្តលក់ដូរនៅកន្លែងដដែល។
ជុំវិញបញ្ហានេះ Fresh News មិនអាចសុំការឆ្លើយតបពី លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ បានភ្លាមៗនៅឡើយទេ នៅរសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៦នេះ ដោយសារទូរស័ព្ទរបស់លោកមិនមានអ្នកទទួល។
រាជរដ្ឋាភិបាលកម្ពុជា កាលពីចុងឆ្នាំ២០១៥ បានសម្រេចដាក់ចេញវិធានការមួយដោយសម្រួលឱ្យវិស័យឯកជន ដែលទទួលបានសិទ្ធិកាន់កាប់តំបន់ឆ្នេរ ដកឃ្លាចេញពីមាត់ឆ្នេរសមុទ្រប្រមាណ ៥០ម៉ែត្រ ដើម្បីឱ្យអាជ្ញាធរ និងមន្រ្តីជំនាញរៀបចំឆ្នេរសមុទ្រកម្ពុជាទាំងអស់ ឱ្យទៅជាទ្រព្យសាធារណៈ ដែលអាចឱ្យប្រជាពលរដ្ឋគ្រប់គ្នាទៅកម្សាន្តបាន។ ការដាក់ចេញវិធានការរៀបចំឆ្នេរសមុទ្រនេះ បានធ្វើឡើងបន្ទាប់ពីមានឈ្មួញ និងក្រុមហ៊ុនឯកជនមួយចំនួន បានសាងសង់រំលោភចូលជ្រៅ ទៅក្នុងតំបន់ឆ្នេរសមុទ្រជាពិសេសនៅខេត្តព្រះសីហនុ ហើយក្រុមហ៊ុនខ្លះក៏បានឃាំងរបង មិនអាចឱ្យប្រជាពលរដ្ឋ ឬភ្ញៀវទេសចរ ចូលទៅកម្សាន្តតំបន់ឆ្នេរសមុទ្របានជាដើម៕