(ភ្នំពេញ)៖ សម្តេចចៅហ្វាវាំង គង់ សំអុល អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីសកល គ.ស.២០២១។
សារលិខិតគោរពជូនពរនោះមានខ្លឹមសារថា៖ «ស្ថិតក្នុងវរោកាសដ៏មហោឡារិកឧត្តុង្គឧត្តម នៃទិវាទទួលអំណរសាទរ បុណ្យចូលឆ្នាំថ្មីសកល គ.ស.២០២១ ដែលនឹងឈានចូលមកដល់ នៅវេលាឆាប់ៗខាងមុខនេះ ជាបឋមយើងខ្ញុំជាសមាជិក សមាជិកា នៃគណៈកម្មាធិការកណ្ដាល និងមន្ត្រី បុគ្គលិក អ្នកស្ម័គ្រចិត្ដ យុវជន កាកបាទក្រហមកម្ពុជា សូមលំឱនកាយវាចាចិត្ត គោរពជូនសព្ទសាធុការពរបវរ សួស្តី សិរីវឌ្ឍនា សូមសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន មានសុខភាពល្អជានិរន្តរ៍ ពលានុភាពមាំមួន ឆន្ទៈ មនសិការ បញ្ញាភ្លឺថ្លា វាងវៃ ចម្រើនជន្មាទីឃាយុយឺនយូរ ដើម្បីសម្តេច មានលទ្ធភាពគ្រប់គ្រាន់ដឹកនាំ កាកបាទក្រហមកម្ពុជា ទទួលបាននូវ វឌ្ឍនភាពថ្មីៗជាបន្តបន្ទាប់ គួរជាទីមោទកភាពដ៏គាប់ប្រសើរ»។
ក្នុងអភិមង្គលដ៏វិសេសវិសាលនេះ «យើងខ្ញុំគ្រប់រូប សូមអនុញ្ញាតថ្លែងនូវសក្ខីកម្មជាវិជ្ជមានដ៏ខ្ពង់ខ្ពស់របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេចតែងយកឧត្តមគតិបម្រើ បុព្វហេតុមនុស្សធម៌ តាមព្រះរាជលំអានដ៏ត្រចះត្រចង់ និងព្រះវីរគំរូល្អផូរផង់ ដែលអង្គហ្លួងម៉ែជាអម្ចាស់ ព្រះប្រធានកិត្តិយស កាកបាទក្រហមកម្ពុជា ទ្រង់ស្តេចត្រួសត្រាយព្រះរាជមាគ៌ាដ៏ទូលំទូលាយ សំដៅជួយជនរងគ្រោះ ដោយគ្រោះមហន្តរាយផ្សេងៗ»។
ខាងក្រោមនេះ ជាខ្លឹមសារទាំងស្រុងនៃសារលិខិតគោរពជូនពរ៖