(ឧត្តរមានជ័យ)៖ អភិបាលខេត្តឧត្តរមានជ័យ លោក ប៉ែន កុសល្យ បានព្រមានចាត់វិធានការចំពោះមេខ្លោងដែលនាំពលករលួចឆ្លងដែនដោយខុសច្បាប់ បើចាប់បានគឺត្រូវចាប់ដាក់គុក ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋ ជួយផ្សព្វផ្សាយបន្តនៅតាមមូលដ្ឋានផង។
ការព្រមានបែបនេះរបស់លោកអភិបាលខេត្តឧត្តរមានជ័យ ក្នុងឱកាសដែលលោកអញ្ជើញចូលរួមចែកមធ្យោបាយ សម្ភារដល់តំណាងប្រជាកសិករចំនួន ៤០រូប ដែលមកពីសហគមន៍កសិកម្មនិងបណ្តុំអាជីវកម្មដំណាំបន្លែ ស្រូវនិងដំណាំដំឡូងមី របស់កម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធននិងការប្រែប្រួលអាកាសធាតុហៅកាត់ថាASPIRE «អាស្ព្រាយ» ប្រចាំឆ្នាំ២០២០ ដែលរៀបចំឡើងដោយមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់និងនេសាទខេត្តឧត្តរមានជ័យ។
លោក ប៉ែន កុសល្យ បានថ្លែងថា ជំងឺកូវីដ១៩រលកថ្មីនេះគឺសាហាវជាងមុន ដែលធ្វើឲ្យបងប្អូនពលករមកពីប្រទេសថៃតាមច្រកអន្តរជាតិអូរស្មាច់ជាមធ្យម ក្នុងមួយថ្ងៃប្រហែល១៥០នាក់។
លោកថាបើសិនមានបងប្អូនរត់មកពីប្រទេសថៃត្រូវរាយការណ៍ភ្លាមមកមេភូមិ មេប៉ុស្តិ៍ ដើម្បីយកគាត់មកធ្វើចត្តាឡីសក័រយះពេល១៤ថ្ងៃ រកសំណាកមេរោគកូវីដ១៩ ប៉ុន្តែបើយើងលាក់បាំងស្របពេលដែលសាច់ញាតិយើង ផ្ទុកមេរោគកូវីដ១៩មកពីប្រទេសថៃនោះ ច្បាស់ជាឆ្លងចូលសហគមន៍ហើយ ដូច្នេះភូមិរបស់យើងត្រូវតែបិទហើយយើងក៏មិនអាចដើរទៅណាបានដែរ។
លោកអភិបាលខេត្តថា តាមបណ្តោយព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តឧត្តរមានជ័យគឺច្រកបិទជិតទាំងអស់ ប៉ុន្តែបើមានមេខ្លោងនាំពលករលួចឆ្លងដែនដោយខុសច្បាប់ បើចាប់បានគឺត្រូវដាក់គុកហើយ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋ ជួយផ្សព្វផ្សាយបន្តតាមមូលដ្ឋានផង។
លោកថា អ្នកមកពីថៃ ឬមកពីស្រុកគេ បើអត់ធ្វើចត្តាឡីសក័រយះពេល១៤ថ្ងៃ គឺប្រឈមនិងការមានទោសទណ្ឌ ប៉ុន្តែបើធ្វើចត្តាឡីស័កបាន៥ថ្ងៃ ហើយលួចរត់ បើគេចាប់បានវិញគឺត្រូវពិន័យជាប្រាក់២០ម៉ឺន រៀលទៅ១លានរៀល និងត្រូវជាប់ទោសទណ្ឌទៀត។
ជាមួយគ្នានេះដែរលោក ប៉ែន កុសល្យ បានសន្យានឹងជួយរកទីផ្សាជូនបងប្អូនប្រជាកសិករបន្ថែមទៀត ដើម្បីលើកកម្ពស់ជីវភាពគ្រួសារឲ្យកាន់តែប្រសើរឡើង ហើយលោកសំណូមពរឲ្យបងប្អូនប្រជាកសិករយើង ត្រូវមានភាពស្មោះត្រង់ក្នុងការផលិតក្នុងការដំដំណាំ ពោលគឺមិនត្រូវប្រើប្រាស់ជីគីមីជ្រុលហួសហេតុ ដែលធ្វើឲ្យបាត់សេចក្តីទុកចិត្តពីអ្នកបញ្ជាទិញក៏ដូចជាប៉ះពាលដល់សុខភាពប្រជាពលរដ្ឋផងដែរ។
ដោយឡែកលោក សូត្រ ស៊ីសុខឃាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្តព្រះវិហារ បានថ្លែងបញ្ជាក់ថា បណ្តុំអាជីវកម្មបន្លែចំនួន០៣បណ្តុំ ដោយបណ្តុំនីមួយៗទទួលបាន ម៉ាស៊ីនវាយបំបែកដី និងលើករងចំនួន៣០គ្រឿង ក្នុងនោះបណ្តុំស្រុកអន្លង់វែង១០គ្រឿង និងបណ្តុំស្រុកត្រពាំងប្រាសាទ២០គ្រឿង។
បណ្តុំអាជីវកម្មបន្លែចំនួន០៤បណ្តុំ (ក្រុងសំរោង) គឺផ្តល់ជូនផ្ទះសំណាញ់ដល់កសិករចំនួន០៤គ្រួសារ កសិករនៅភូមិអូរឬស្សី, កសិករនៅភូមិភ្នៀត, កសិករនៅភូមិគោកគរ សង្កាត់សំរោង និងកសិករនៅភូមិត្រពាំងវែង សង្កាត់កូនក្រៀល ក្រុងសំរោង។
បណ្តុំអាជីវកម្មស្រូវចំនួន០៤បណ្តុំ (ក្រុងសំរោង, ស្រុកចុងកាល់ និងស្រុកបន្ទាយអំពិល) គឺផ្តល់ជូន រថយន្ត ចំនួន៤គ្រឿង សំរាប់ ព្រួសស្រូវ បាញ់ថ្នាំ និងបាចជី)ក្នុងបណ្តុំនីមួយៗ ទទួលបាន១គ្រឿង។
បណ្តុំអាជីវកម្មដំឡូងមីចំនួន០២បណ្តុំ (ស្រុកអន្លង់វែង និងស្រុកបន្ទាយអំពិល) គឺគឺផ្តល់រថយន្តសំរាប់បាញ់ថ្នាំ ចំនួន២គ្រឿងសំរាប់ បាញ់ថ្នាំស្មៅ និងជីទឹក ក្នុងបណ្តុំនីមួយៗ ទទួលបាន១គ្រឿង។
សូមបញ្ជាក់ថា បណ្តុំបន្លែខាងលើ បានកំពុងអនុវត្តកិច្ចសន្យាផលិតជាមួយក្រុមហ៊ុនដូចខាងក្រោម៖
*ទី១៖ បានរៀបចំកិច្ចសន្យារវាងបណ្តុំអាជីវកម្មបន្លែជាមួយក្រុមហ៊ុនមាសបៃតងចំនួន០១កិច្ចសន្យា លើដំណាំផ្កាខាត់ណាលឿងទិញមួយថ្ងៃចំនួន ៣០០Kg តម្លៃ៤ ០០០រៀល/Kg រយៈពេល១ឆ្នាំ។
*ទី២៖ បានរៀបចំកិច្ចសន្យារវាងបណ្តុំអាជីវកម្មបន្លែជាមួយក្រុមហ៊ុនបន្លែសុវត្ថិភាពខ្មែរលើការផ្គត់ផ្គង់ដូចជា៖
*ឪឡឹកលឿងចំនួន ២ ០០០Kg/មួយថ្ងៃ តម្លៃ១ ៨០០រៀល/Kg រយៈពេល៣ខែ
*ត្រសក់ផ្អែមចំនួន ៣០០Kg/មួយថ្ងៃ តម្លៃ ៣ ០០០រៀល/Kg កិច្ចសន្យារយៈពេល១ឆ្នាំ
*ខាត់ណាផ្កាលឿងចំនួន៥០០ Kg/មួយថ្ងៃ តម្លៃ៤ ០០០រៀល/Kg កិច្ចសន្យារយៈពេល៦ខែ និងកំពុងរៀបចរចាររឿងកិច្ចសន្យាទិញត្រសក់ទ្រើងចំនួន ២០០០ Kg/មួយថ្ងៃ តម្លៃ៩០០រៀល/Kg។
នៅថ្ងៃនេះកសិករដែល ទទួលបាននូវម៉ាស៊ីនខាងលើ សុទ្ធតែជាកសិករគំរូ ដែលបានកំពុងដាំបន្លែ លក់ផ្គត់ផ្គង់លើទីផ្សារក្នុងស្រុក និងផ្គត់ផ្គង់អោយក្រុមហ៊ុន ឆ្ពោះទៅកាន់ទីផ្សាររាជធានីភ្នំពេញ ដើម្បីសំរួលដល់កំលាំង ពលកម្មរបស់ពួកគាត់ក្នុងការ ដាំដុះនិងមានលទ្ធភាពពង្រីកផ្ទៃដីឲ្យកាន់តែធំជាងមុន ធ្វើយ៉ាងណាឲ្យពួកគាត់ទទួលបានប្រាក់ចំណូលខ្ពស់ពី ខ្សែច្រវាក់ផលិតកម្មបន្លែ នៅតាមបណ្តុំនីមួយៗ។
ជាមួយគ្នាផងដែរ អង្គការ GIZ បានចែកជូននូវឧបករណ៍អូសដាំគ្រាប់ស្រូវ ចំនួន ៥គ្រឿង សំរាប់ផ្តល់ជូន ប្រជាកសិករនៅក្នុងសហគមន៍កសិកម្ម ចំនួន៤គ្រឿង គឺ អូរឬស្សី១ ខ្ទំ២ ពង្ររុងរឿង១ ស្ថានីយ៍កសិកម្មកូនក្រៀល១គ្រឿង សំរាប់ជំរុញការផលិតស្រូវពូជ៕