(ប៉ៃលិន)៖ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារការិយាល័យហ្វឹកហ្វឺន និងបិទវគ្គហ្វឹកហ្វឺនបំប៉នពង្រឹងយោធា នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹងរងប៉ៃលិន នារសៀលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ ស្ថិតក្នុងភូមិដីក្រហម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន លោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានលើកឡើងថា កងកម្លាំងប្រដាប់អាវុធ ជាស្នូលដ៏ធំបំផុតក្នុងការការពារសន្តិភាព និងសន្តិសុខ ជូនដល់ប្រជាពលរដ្ឋ ព្រមទាំងគោរពនូវបទបញ្ជារបស់រាជរដ្ឋាភិបាលជានិច្ចទោះបីជាកាលៈទេសៈណាក៏ដោយ ហើយគាំទ្រសម្តេចតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្ត្រីនៃកម្ពុជា ជារៀងរហូត ពីព្រោះការដឹកនាំរបស់សម្តេច បានធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍយ៉ាងឆាប់រហ័សលើគ្រប់វិស័យ។
ក្នុងឱកាសនោះដែរ លោកស្រីអភិបាលខេត្ត បានផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងកងកម្លាំង ប្រដាប់អាវុធទាំងអស់ ដែលបានខិតខំសម្រេចបាននូវសមិទ្ធផលជាច្រើនលើគ្រប់វិស័យ ព្រមទាំងចូលរួមថែរក្សាបាននូវសុខសន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ស្ថិរភាពនយោបាយ លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងផ្តល់សេវាសាធារណៈដល់ពលរដ្ឋបានទាន់ពេលវេលា ជាពិសេសចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលនៃជម្ងឺកូវីដ-១៩។
លោកស្រីអភិបាលខេត្ត បានបញ្ជាក់ថា បច្ចុប្បន្នគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ បានកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង ទៅលើជីវភាព និងសុខទុក្ខរបស់ប្រជាពលរដ្ឋ ជាពិសេសកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដោយមិនទុកឲ្យកងកម្លាំងណាម្នាក់ មានបញ្ហាដោយមិនបានជួយដោះស្រាយនោះឡើយ។
នាឱកាសនោះផងដែរ លោកស្រី បាន ស្រីមុំ ក៏បានជំរុញដល់កងទ័ពទាំងអស់គប្បីត្រូវតែខិតខំកសាងលេណដ្ឋាន ជំរុំជម្រក និងពង្រឹងគុណភាព សមត្ថភាពបន្ថែមទៀត ជាពិសេសត្រូវបង្កើនសកម្មភាព ក្នុងការជួយដល់ប្រជាពលរដ្ឋ និងការងារមនុស្សធម៌ ហើយត្រូវតែអនុវត្តន៍ឱ្យបានដាច់ខាត នូវពាក្យស្លោករបស់ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា «ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់»។
លោកឧត្តមសេនីយ៍ទោ សេង ធារិន បានថ្លែងឲ្យដឹងថា ក្រៅពីភារកិច្ចប្រយុទ្ធដើម្បីការពារជាតិមាតុភូមិ កងយោធពលខេមរភូមិន្ទក្នុងនោះភារកិច្ចហ្វឹកហ្វឺនសិក្សារៀនសូត្រជាអាទិភាព ហើយត្រូវបានថ្នាក់លើ យកចិត្តទុកដាក់ បណ្តុះបណ្តាលយោធាចារ្យដើម្បីបំពេញឱ្យយោធាចារ្យដែលមានវ័យចាស់ត្រូវចេញពីជួរហើយក៏ត្រូវអនុវត្តភារកិច្ចស្នូលរបស់ខ្លួនផង និងប្រមូលផ្ដុំកម្លាំងដើម្បីត្រៀមអន្តរាគមន៍ ជួយសង្គ្រោះដល់ប្រជាពលរដ្ឋដែលរងគ្រោះ មហន្តរាយផ្សេងៗតាមបទបញ្ជារបស់ថ្នាក់លើ។
ឧត្តមសេនីយ៍ទោ បានណែនាំ ដល់នាយទាហាន និងពលទាហានទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់អនុវត្តន៍ឱ្យបានម៉ឺងម៉ាត់នូវបទបញ្ជាប្រមុខរាជរដ្ឋាភិបាល និងវិធានរបស់ក្រសួងសុខាភិបាលស្តីពី ការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ចូលសហគមន៍ ហើយត្រូវធ្វើការណែនាំអនុវត្តន៍អនាម័យត្រឹមត្រូវសម្រាប់ការរស់នៅក្នុងអង្គភាព និងគ្រួសារ។
បើតាមរបាយការណ៍របស់លោកវរសេនីយ៍ឯក កែម អនុជ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងប៉ៃលិន អគារការិយាល័យហ្វឹកហ្វឺនរៀនសូត្រ ដែលបានសម្ពោធដាក់ឱ្យប្រើប្រាស់នាពេលនេះ គឺមានទំហំ (២២មx៨ម) បុកមុខ(៤មx៤ម) ដំបូលប្រក់ស័ង្កសី មានបន្ទប់ទឹក បង្គន់អនាម័យ និងបំពាក់សម្ភារការិយាល័យ ដោយឡែកវគ្គហ្វឹកហ្វឺនបំប៉នយោធាទូទៅដែលបានបិទវគ្គនាពេលនេះផងដែរ គឺមានរយៈពេល ៣ខែស្មើនឹង ៩១ថ្ងៃ មានសិក្ខាកាមចំនួន ១០០នាក់ ដោយចាប់ផ្តើមពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០ ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០។
ជាលទ្ធផលទទួលបាននិទ្ទេសល្អ ១៥នាក់ ល្អបង្គួរ ៣២នាក់ និងមធ្យម ៥៣នាក់ ហើយនៅក្នុងឱកាសនោះផងដែរ លោកស្រី បាន ស្រីមុំ បានឧបត្ថម្ភជូនសិក្ខាកាមឆ្នើម ៣នាក់ ក្នុងម្នាក់ៗ១០០.០០០រៀល កម្លាំងទ័ពចូលរួម ១៦៥នាក់ ក្នុងម្នាក់ៗ ៥០.០០០រៀល និងឧបត្ថម្ភដល់អង្គភាពថវិកាចំនួន៣.០០០.០០០រៀល លោក ព្រីម ណាំ សប្បុរសជន បានឧបត្ថម្ភថវិកា ៣.០០០.០០០រៀល និងយោធភូមិភាគទី៥ បានឧបត្ថម្ភថវិកាចំនួន ៤.០០០.០០០រៀលផងដែរ៕